កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​​​កូវីដ​ចំនួន​​៤៩​នាក់​ទៀត​ ខណៈ​តារា​ចម្រៀង​ម្នាក់​ក៏​ឆ្លង​ជំងឺ​នេះ​ដែរ​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលប្រកាស​​រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៩នាក់​បន្ថែមទៀត ហើយ​ស្របពេល​​គ្នា​​នេះ​ តារាចម្រៀងប្រចាំ​ផលិតកម្មហង្សមាសម្នាក់បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ នេះដែរ។​

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថា ក្នុងចំណោម​អ្នក​ឆ្លងជំងឺកូវីដ១៩ ទាំង៤៩នាក់នោះ មានជនជាតិចិន ២៨​នាក់ ជនជាតិខ្មែរ ២០​នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ស្របពេលអ្នកឆ្លងម្នាក់ទៀតជា​បុរសជនជាតិលីប៊ី ធ្វើដំណើរមកពីប្រទេសលីប៊ី មកដល់កម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងជនជាតិខ្មែរទាំង២០នាក់ ក៏មានពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស​មួយ​រូបឈ្មោះ កែវ ច័ន្ទនិមល រួម​នឹងសមាជិកគ្រួសារ​២នាក់​ទៀតក៏បាន​ឆ្លងជំងឺនេះដែរ។

ដោយឡែក អ្នកចម្រៀងម្នាក់​ប្រចាំនៅផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បាន​ប្រកាសនៅលើបណ្តាញសង្គមហ្វេស​ប៊ុកនៅថ្ងៃអង្គារនេះថា លទ្ធផលសំណាករបស់​លោកបាន​ទទួលលទ្ធផល​​វិជ្ជមានវីរុសកូវីដ១៩។

ចំណែកនាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ត្រូវទៅធ្វើតេស្ត​នៅក្រុម​ហ៊ុន​ហង្សមាស មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យ​ខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល ចាប់តាំងពីមានការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»មក អ្នកឆ្លងជំងឺនេះបានកើនដល់៥៤៩នាក់ហើយ ដែលអ្នកទាំងនោះមានអាសយដ្ឋាន​នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ព្រៃវែង កំពង់ធំ និងខេត្តកណ្តាល ជាដើម។

ដោយឡែក គិតត្រឹមព្រឹក​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប​ចំនួន ១ ០៦០ នាក់ ក្នុងនោះ អ្នកជា​សះ​ស្បើយ​ចំនួន ៥៣៨​នាក់ និង​អ្នកជំងឺសម្រាក​​ព្យាបាល​ចំនួន ៥២២​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ