ខេមបូចា ស្នើ​ផ្តល់​ឱកាស​ឱ្យ​អ្នក​កាសែត​គ្រប់​និន្នាការ​អាច​ចូល​យក​ព័ត៌មាន​ក្នុង​កម្មវិធី​នានា​ដោយ​ស្មើ​ភាព​

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ឈរនៅក្រៅអគារដើម្បីចាំយកព័ត៌មានក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​សមាគ​មស​ម្ព័ន្ធអ្នក​សារ​ព័ត៌​មានក​ម្ពុជា (​ខេម​បូ​ចា) ​អំពាវនាវឱ្យអាជ្ញាធរអនុញ្ញាតឱ្យអ្នកកាសែតអាចចូលយកព័ត៌មានក្នុងកម្មវិធីនានា ជាពិសេសកម្មវិធីដែលមាននាយករដ្ឋមន្ត្រីចូលរួម ដោយមិនត្រូវរើសអើងស្ថាប័នណាមួយឡើយ ដើម្បីឱ្យពួកគេមានឱកាសស្មើគ្នាក្នុងការផ្សព្វផ្សា​យ​ព័ត៌មា​នពិតជូនដល់ប្រជាពលរដ្ឋ។

ការស្នើនេះធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចូលទៅថតរូប និងយកព័ត៌មាន​ក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលកម្មវិធីនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងភរិយារបស់លោក ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀតចូលរួម។

តាមសេចក្តីថ្លែងការណ៍របស់ខេម​បូ​ចា អ្នកសារព័ត៌មាននិងអ្នកថតរូបដែលមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងកម្មវិធីកាលពីម្សិលមិញ មកពីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ទីភ្នាក់​ងារព័ត៌មានរ៉យទ័រ (Reuters) ទីភ្នាក់ងារសារព័ត៌មាន​អេភី (AP) សារព័ត៌មាន​វីអូឌី (VOD) សារព័ត៌មាន​ថ្មីៗ និងខេមបូចាញូស៍

សមាគមនេះបន្តថា ផ្ទុយទៅវិញ មានតែអ្នកសារព័ត៌មានមកពីស្ថាប័នរដ្ឋ និង​​ស្និទ្ធនឹងរដ្ឋាភិបាលចំនួន៤ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូល​យក​ព័ត៌មាន ក្នុងនោះមាន សារព័ត៌មាន Fresh News ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍បាយ័ន និងទូរទស្សន៍ CNC

ខេមបូចា គូសបញ្ជាក់ថា៖ «ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការទទួល​បានព័ត៌មានរបស់អ្នកសារព័ត៌មាន ដូច​មានចែងក្នុងមា​ត្រា៤១​នៃច្បាប់រដ្ឋធម្មនុញ្ញ និងមាត្រា៥នៃច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងបង្ហាញអំពីវិសមភាព[ភាពមិនស្មើគ្នា]រវាងអ្នកសារព័ត៌មានមកពី​ស្ថា​ប័នផ្សេងៗទៀត»។

ខេមបូចា ទទូចដល់រដ្ឋាភិបាលឱ្យធានាសេរីភាពនិងសិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានទាំងអស់ ដោយមិន​រើស​អើង ដើម្បីឱ្យពួកគេអាចផ្សព្វផ្សាយព័ត៌មានស្តីពីវ៉ាក់សាំងការពារជំងឺកូវីដ​១៩ ដោយសេរីនិងស្មើភាពគ្នា។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់ថា កម្មវិធីនាយករដ្ឋមន្ត្រីមិនអាចគ្រប់គ្នាចូលបាននោះទេ ព្រោះ​​​អ្នករៀបចំកម្មវិធីមានការទទួលខុសត្រូវការពារសន្តិសុខនិងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ។

លោកបន្តថា អ្នកសារព័ត៌មានដែលអាចចូលថតឬរាយការណ៍ព័ត៌មាន​ក្នុងកម្មវិធីនោះបាន ទាល់តែមានការអនុ​ញ្ញាត​​​ពីអ្នករៀបចំកម្មវិធី​រប​​ស់​នាយករដ្ឋមន្ត្រី ឬមានកាតសម្គាល់​ពីការអនុញ្ញាតឱ្យចូលរួមកម្មវិធីនាយករដ្ឋមន្ត្រី។

លោកថា៖ «ដោយសារគាត់អត់យល់​ពីបំណងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ ដូចអ្នកសារព័ត៌​មា​​នប៉ុ​ន្មាននាក់ដែលគេឱ្យចូលហ្នឹង​សុទ្ធតែមានកាត។ អ៊ីចឹងបានថាយើងមិនធ្វើអាក្រក់ពេកទេ ក៏ប៉ុន្តែយើង​សាកល្បងសុំគេទៅ ដើ​ម្បី​​​បានផ្លាកមួយ​ដែលគេអនុញ្ញាតទៅតាមសម្តេច [នាយករដ្ឋមន្ត្រី]»។

អ្នកយកព័ត៌មានឱ្យកាសែតបរទេសមួយត្រូវបានហាមឃាត់ដែរនោះគឺលោក អូន ឆេងប៉រ និយាយថា ការដែលអ្នកសារព័ត៌មានមួយក្រុមមានឱកាសចោទសួរប្រភពធំជាងគេក្នុងប្រទេស ហើយមួយក្រុមទៀតត្រូវបានរារាំង វាហាក់បង្ហាញ​ពីភាពលម្អៀង។ លោកថា ភាពលម្អៀងនេះនឹងធ្វើឱ្យមេដឹកនាំកំពូលបន្តបាត់ឱកាស​បកស្រាយដល់សាធារណជននូវ​បញ្ហាសង្គមមួយចំនួន ដែលកំពុងកើ​តឡើង។

លោកថា៖ «ពេលដែលយើងនៅជិតប្រភពអ៊ីចឹង ខ្ញុំគិតថា មានសារៈប្រយោជន៍ខ្លាំង​ក្នុងការចោទជាសំណួរដែលត្រូវសួរ ហើយជាសំណួរ​ដែលមានប្រយោជន៍សម្រាប់សាធារណជន និងសេចក្តីរាយការណ៍របស់យើង អ៊ីចឹងខ្ញុំគិតថា នៅពេលដែលមានអ្នកបានចូល ហើ​​យអ្នកដែលមិនបានចូល វាជារឿងអយុត្តិធម៌ ហើយជាការរើសអើង»។

លោកនិយាយទៀតថា ករណីនេះគួរតែមានការបកស្រាយពន្យល់ពីស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យអ្នកសារព័ត៌មានមាន​ឱ​កា​សស្មើគ្នាក្នុ​ង​ការប្រកួតប្រជែង។

វីអូឌី មិនអាចសុំការបញ្ជាក់​ជុំវិញករណីនេះពី​អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានទេ។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍​ថា ការរារាំងនោះមិនប៉ះពាល់​ដល់សិទ្ធិទទួលបានព័ត៌​មាន​ទេ ដោ​យ​ថា សន្និសីទសារព័ត៌មាន​របស់នាយករដ្ឋមន្ត្រីត្រូវបានសារព័ត៌មានច្រើន​លើសលុបបានដកស្រង់​សម្តីមកចុះផ្សាយ។

លោកាថា៖ «ធម្មតា អ្នកខ្លះចង់សួរតែមិនបានសួរ វាអាចលើកឡើងអ៊ីចឹងបានហើយ។ ប៉ុន្តែគ្រាន់ថាព័ត៌មានជាទូទៅហ្នឹងសុទ្ធតែទទួ​​លបានយ៉ាងទូលំទូលាយ​ដូចតែគ្នាហ្នឹង សុទ្ធតែអាចផ្សាយបានទាំងអស់​គ្រប់ប្រព័ន្ធ មិនថាអន​ឡាញ វិទ្យុ ឬទូរទស្សន៍ទេ នូវអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី​គាត់មានប្រសាសន៍»។

កាលពីខែមេសា ឆ្នាំមុន​ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចេញរបាយការណ៍វាយតម្លៃសេរីភាពសារព័ត៌​មាន​ប្រចាំឆ្នាំ២០២០ ដោយ​​ដាក់ពិន្ទុ​កម្ពុជា​ជាប់ចំណាត់​​ថ្នាក់ទី​១៤៤​ ក្នុងចំណោម១៨០ប្រទេសនៅលើពិភពលោក។ របាយការណ៍នោះបន្តថា តាមចំណាត់ថ្នាក់នេះ កម្ពុជា​បាន​ធ្លាក់​ចុះ​​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​ ដែល​ជា​ឆ្នាំ​​នៃ​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​មួយ​ពី​សំ​ណាក់រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​សា​​រព័ត៌មាន​ឯករាជ្យដែលមិន​ចំណុះឱ្យ​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ