ពលរដ្ឋ​​វ័យ​លើស​៦០​ឆ្នាំ​នៅ​រាជធានី​-ខេត្ត ៣ អាច​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ចាប់​ពី​ថ្ងៃ​នេះ​

បុគ្គលិកសុខាភិបាលម្នាក់រៀបចំបូមវ៉ាក់សាំងសម្រាក់ចាក់ជូនអ្នកងាយរងគ្រោះដោយកូវីដ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ (ជន ចានរ៉ែន)

រដ្ឋាភិបាល​ប្រកាសឱ្យ​ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ និងអ្នកដែលមានអាទិភាព នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ អាចទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ចាប់ពីថ្ងៃនេះតទៅ។

យោងតាមសេចក្តីជូនព័ត៌មាន ស្តីពី កម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ជាបន្តចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (Astra Zereca Serum Institute of India «COVISHIELD») នឹងត្រូវផ្តល់​ជូនជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះ​នឹងជំងឺកូវីដ-១៩ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃនេះតទៅ។

ក្រសួងបន្តថា សម្រាប់​ទីតាំងចាក់វ៉ាក់សាំងវិញ​ ប្រជាពលរដ្ឋអាចទៅចាក់នៅ​មន្ទីរពេទ្យមិត្ត​ភាព​​​ខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ​កុមារ​ជាតិ និងនៅតាមមន្ទីរពេទ្យបង្អែក​រាជធានី/ខេត្ត ព្រម​ទាំងមន្ទីរពេទ្យបង្អែក​ស្រុកប្រតិបត្តិ។

ក្រសួងបញ្ជាក់ថា៖ «ការចាក់វ៉ាក់សាំងនេះគឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ពី៦០ឆ្នាំឡើងទៅ ទាំងជនជាតិខ្មែរ រួមទាំងជនចូលនិវត្តន៍។ ចំណែកឥស្សរជនជាន់ខ្ពស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត»។

ចំពោះបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសចំណុះស្នងការរាជធានី/ខេត្ត មន្ត្រីរាជការស៊ីវិលជួរមុខ និង​មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អាជ្ញាធរខេត្ត ស្រុក ឃុំ/សង្កាត់ ភូមិ កម្មករប្រមូលសំរាម ដែលមានអាយុចាប់ពី១៨ឆ្នាំដល់​៥៩ឆ្នាំ ក្រសួងថា អាច​បន្តទៅទទួលវ៉ាក់សាំង ស៊ីណូហ្វាម​ ដែលជាជំនួយរបស់​ចិន នៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត និង ស្រុកប្រតិបត្តិ ដែលនៅជិត។

ដោយឡែក សិស្សនិស្សិតដែល​ត្រូវ​ត្រឡប់ទៅបន្តការសិក្សា​នៅសាធារណរដ្ឋប្រជាមានិតចិន ឬ​ប្រទេសផ្សេងៗ ក្រសួងបានណែនាំឱ្យ​ទៅចាក់វ៉ាក់សាំងតាម​ក្រុមអាយុនេះនៅតាមទីកន្លែងដែលបានរៀបរាប់ខាងលើ។

សម្រាប់ជនបរទេសដែលមានអាយុ១៨ឆ្នាំឡើងទៅ និងកំពុងបំពេញបេសកកម្ម ឬកំពុងធ្វើធុរកិច្ច និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដូចជា មន្ត្រីការទូត មន្ត្រីអង្គការសហប្រជា​ជាតិ អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធុរជនជាដើម អាចទៅទទួលវ៉ាក់សាំងស៊ីណូហ្វាម ឬអាស្ត្រាហ្សេណិកា ដោយស្ម័គ្រចិត្តបាន។

ក្រសួងសុខាភិបាលក៏បាន​ក្រើនរំឭកដល់អ្នកដែលបានចាក់វ៉ាក់សាំង​លើកទី​១រួច​ហើយ ត្រូវទៅ​ទទួលការចាក់វ៉ាក់សាំងជាលើកទី២ ក្នុងរយៈពេល​ពី១៤ទៅ២៨ថ្ងៃបន្ទាប់ពីថ្ងៃចាក់លើកទីមួយ​រួច (មិនឱ្យលើសពី២៨ថ្ងៃ) នៅទីតាំងដដែល។ សម្រាប់អ្នកដែលបាន​ចាក់​វ៉ាក់សាំងអាស្ត្រាហ្សេណិកា លើកទី១រួចហើយ អាចទៅចាក់លើកទីពីរ នៅទីតាំងដដែល​​ចន្លោះពី៤ទៅ៨សប្តាហ៍បន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ