នាយក​​រដ្ឋ​មន្ត្រី​ឱ្យ​​ចាក់​​វ៉ា​ក់​សាំង​ជា​​បន្ទាន់​​ដល់​​អ្នក​មាន​​វ័យ​​លើស​៦០​ឆ្នាំ​​នៅ​​រាជធានី​​-​ខេត្ត​​ចំនួន​៣​

បុគ្គលិកសុខាភិបាលម្នាក់ចាក់វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ជូនដល់មន្ត្រីម្នាក់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ (ជន ចានរ៉ែន)

​នាយក​រដ្ឋមន្ត្រី ប្រាប់​ទៅ​ក្រសួងសុខាភិបាលរៀបចំ​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ជាបន្ទាន់​ សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋនិង​មន្ត្រី​មូលដ្ឋានដែល​មាន​អាយុ​លើស​ពី៦០ឆ្នាំ ដោយ​ត្រូវ​ផ្តោត​សំខាន់​លើ​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ដោយ​ទីតាំង​ទាំងនោះ​កំពុង​មានការ​ឆ្លង​រាលដាល​ខ្លាំង។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នៅ​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា តាម​គម្រោង រដ្ឋាភិបាលនឹង​រៀបចំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ ប្រភេទ Astra Zeneca ចាក់​ជូន​ប្រជាពលរដ្ឋនិង​មន្ត្រី​មូលដ្ឋានដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ។ 

លោក​ថា៖ «អ្វី​ដែល​គម្រោង និង​អ្វី​ដែល​ជា​ការពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល គម្រោង​ចាក់​លើក​នេះគឺ​មិនមែន​ជា​ការ​ចាក់​សម្រាប់​តែម​ន្ត្រី​នោះ​ទេ ខ្ញុំ​សុំ​ស្នើ​ឱ្យ​ក្រសួងសុខាភិបាលរៀបចំ​ចាក់​ជូន​ប្រជាពលរដ្ឋនិង​មន្ត្រី​មូលដ្ឋានដែល​មាន​អាយុ៦០ឆ្នាំ​ឡើងលើ ចាក់​ក្នុង​រូបភាព​បន្ទាន់»។

លោកនាយក​រដ្ឋមន្ត្រីបន្ត​ថា តាម​ការ​ប៉ាន់ប្រមាណ ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋនិង​មន្ត្រី​មូលដ្ឋាន​នៅ​រាជធានី​-ខេត្ត​ចំនួន៣នេះ អាច​ប្រើ​វ៉ាក់សាំង​ប្រមាណ ២០០ ០០០ដូស ទៅ ២៦០ ០០០ដូស ទៅលើ​ពលរដ្ឋនិង​មន្ត្រី​ប្រមាណ​ពី១០ម៉ឺនទៅ១៣ម៉ឺន​នាក់។

ក្រៅពីនោះ លោក​ក៏បាន​ប្រាប់​ទៅ​ក្រសួងសុខាភិបាលឱ្យ​រៀបចំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ ប្រភេទ «ស៊ី​ណូ​ហ្វា​ម» និង «អា​ស្ត្រា​ហ្សេ​ណិ​កា» សម្រាប់​ចាក់​ជូន​មន្ត្រី​មួយចំនួន បូករួម​ជាមួយ​អ្នកការទូត មន្ត្រី​អង្គការសហប្រជាជាតិ ស្ថាប័ន​ហិរញ្ញវត្ថុ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​នានា ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ផង​ដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា៖ «ព្រោះ​យើង​ជា​ម្ចាស់ផ្ទះ​ ផ្តល់​ការគួរសមដល់​មន្ត្រី​ដែល​ជា​ដៃ​គូអភិវឌ្ឍន៍​របស់​យើង»។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​មិ្ស​លមិញ កម្ពុជាបាន​ចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​រាជការ​ស៊ីវិល កម្លាំង​នគរបាល កងកម្លាំង​ក្រសួងការពារជាតិ និង​អ្នកមាន​អាទិភាព​មួយចំនួន​ទៀតបាន​ប្រមាណ​ជាង១២ម៉ឺន៥ពាន់​នាក់​។

វ៉ាក់សាំង​«អា​ស្ត្រា​ហ្សឺ​ណិ​កា»ដែលទទួលស្គាល់​ដោយ​អង្គការសុខភាព​ពិភពលោក​ ជាង៣២ម៉ឺន​ដូ​ស រ​បស់​អង់គ្លេស ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា បាន​មកដល់​កម្ពុជាកាល​ថ្ងៃអាទិត្យ។

ចំណែក​វ៉ាក់សាំង​«ស៊ី​ណូ​ហ្វា​ម»ដែល​ផលិត​នៅ​ចិន​ចំនួន៦០ម៉ឺន​ដូ​ស បាន​មកដល់​កម្ពុជា​តាំងពី​ខែមុន​ ហើយ​ត្រូវ​ក្រសួងសុខាភិបាល​ធ្វើ​យុទ្ធនាការ​ចាក់​ជូន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ក្រុម​គ្រូពេទ្យ អ្នកកាសែត និង​មន្ត្រី​រាជការ ចាប់ពី​ថ្ងៃទី១០ ខែកុម្ភៈ​មក។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​ថា ក្រសួង​បាន​ត្រៀមរៀប​ចំ​ទីតាំង​រួចហើយសម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ប៉ុន្តែ​សម្រាប់​ដំណើរការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​នៅ​រាជធានី​ភ្នំពេញ ក្រសួង​នឹង​ជូនដំណឹង​នៅពេល​ក្រោយ។

លោកស្រី​ថា៖ «២៥រាជធានី-ខេត្ត​ មាន​អស់ហើយ។ រាជធានី​ភ្នំពេញ​ ក៏​គេ​ពង្រីក​រួចហើយ​ដែរ ៩ទៅ១០កន្លែង»។

លោក ប៉ោ ចាន់​ផល ដែល​ប្រាប់ថា​បាន​ប្រកប​មុខ​រប​រដឹក​ភ្ញៀវ​នៅ​ភ្នំពេញ​ជាង១០ឆ្នាំ​មក​ហើយ បាន​និយាយ​ថា​ លោក​មានការ​ត្រេក​អរ​នៅពេល​ឮរដ្ឋាភិបាល​ប្រកាស​ដូច្នេះ ខណៈ​មុខរបរ​ទទួលទាន​របស់​គាត់បច្ចុប្បន្ន​ប្រឈម​ខ្លាំង​ទៅ​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩នេះ។

ប៉ុន្តែ​បុរសអាយុ៥០ឆ្នាំ​រូប​នេះហាក់​បង្ហាញ​ភាព​ស្ទាក់ស្ទើរក្នុង​ការ​ទៅ​ទទួលយក​វ៉ាក់សាំង ខណៈ​ដឹង​ថា អាយុ​របស់​លោកមិន​ត្រូវ​នឹង​លក្ខខណ្ឌអាច​ចាក់​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការសុខភាព​ពិភពលោក​បាន។

លោក​ថា៖ «វា​សុទ្ធតែ​ថ្នាំ​ដូចគ្នា​ទេ ប៉ុន្តែ​ចំណង់​ចំណូលចិត្ត​របស់​លោក​ចង់​ចាក់​អា​វ៉ាក់សាំង​ដែល​អង្គ​កា​រសុខភាព​ពិភពលោក​ដែលគេ​ទទួល​ស្គា​ល់​ហ្នឹង​ច្រើនជាង»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ និយាយ​ដែរ​ថា ជា​ដំណឹងល្អ​មួយ​ដែល​រដ្ឋាភិបាល​សម្រេច​ឱ្យ​ពលរដ្ឋ​សាមញ្ញ​អាច​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​សកល​នេះ​ដូច​មន្ត្រី​ជាន់ខ្ពស់​ដែរ ខណៈ​ជំងឺ​នេះ​កំពុងតែ​វាយលុក​នៅឡើយ​នោះ។ 

ប៉ុន្តែ​លោក​ថា ពលរដ្ឋ​មួយចំនួនដែល​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ដូច​ជំងឺលើសឈាម ទឹកនោមផ្អែម និង​បេះដូង​ ជាដើម ហើយ​មាន​អាយុ​ក្រោម៦០ឆ្នាំ រួម​ទាំង​រូបលោក​ផង​នោះ នៅតែ​មិន​អាច​ទទួល​បាន​សេវា​គាំពារ​សង្គម​ពី​រដ្ឋាភិបាល​បាន ដោយសារតែ​វ៉ា​ក់​សាំង«ស៊ី​ណូ​ហ្វា​ម»រ​បស់​ចិន មិន​អាច​ចាក់​បានទៅលើ​មនុស្ស​ដែល​មាន​ជំងឺរ៉ាំរ៉ៃ។

លោក​ថា៖ «ខ្ញុំ​មាន​ជំងឺ​ប្រចាំ​កាយ ខ្ញុំ​ឡើងជា​តិ​ស្ករ និង​ទឹកនោមផ្អែម ​អ៊ីចឹង​ខ្ញុំ​អត់​អាច​ទៅ​ចាក់​វ៉ាក់សាំង​ [ស៊ី​ណូ​ហ្វា​ម] ហ្នឹង​បានទេ ហើយ​ខ្ញុំ​ទើបនឹង​អាយុ៤០ជាង​ហ្នឹង អ៊ីចឹង​មានន័យថា​អត់​ដដែល»។

យ៉ាង​ណា លោកនាយក​រដ្ឋ​មន្ត្រីបន្ត​អំពាវនាវ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​ក្នុង​សហគមន៍២០កុម្ភៈ​នេះ ដោយ​ថា ​វា​ឆ្លង​ក្នុង​ល្បឿន​លឿន ខណៈទីតាំង​មួយចំនួន​នៅ​ទូទាំង​ប្រទេស ​ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ក្រោយពី​រក​ឃើញថា អ្នក​ឆ្លង​ក្នុង​សហគមន៍​មាន​ជាង៤រយ​នាក់ ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​ចាប់ពី​ឆ្នាំមុន​មក​ឡើង​ដល់​ជាង៩០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ