សភា​នឹង​ប្រជុំ​ពេញ​អង្គ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិធាន​​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​នៅ​ព្រឹកស្អែក​

អាជ្ញាធរ​និង​មន្ត្រី​ពាក់​ព័ន្ធខេត្ត​បន្ទាយមានជ័យ ចុះទៅ​ពិនិត្យមើល​មណ្ឌល​ធ្វើ​ចត្តាឡីស័​កពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ទីតាំង​ធ្វើ​ចត្តាឡីស័​កមួយ​កន្លែងនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

រដ្ឋសភានឹងប្រជុំពេញអង្គ​លើ​សេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត» នាព្រឹកស្អែកនេះ។

កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​បន្ទាន់មួយ​ ដោយ​បាន​អនុម័តសេចក្ដីព្រាង​ច្បាប់ ស្តី​ពី វិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត និងបានដាក់​ជូន​រដ្ឋសភាពិនិត្យភ្លាមនៅថ្ងៃបន្ទាប់​។ ក្រោយពីបានទទួលសេចក្តីព្រាងច្បាប់នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​ បាន​អនុម័តទទួលយក​សេចក្តីព្រាងច្បាប់នោះ ដោយ​បាន​​ប្រគល់ឱ្យ​គណៈកម្មការជំនាញចំនួន​២ពិនិត្យនិង​​សិក្សា។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​នៅថ្ងៃនេះថា ក្រោយការពិនិត្យ​និងសិក្សា​ពីគណៈកម្មការជំនាញរួច​ រដ្ឋសភានឹងប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់នេះ នៅម៉ោង៨ព្រឹកស្អែកនេះ ដោយ​គ្រោង​មានសមាជិកសភាចូលរួមប្រជុំប្រហែលជា៧០រូបប៉ុណ្ណោះ​ ក្នុង​ចំណោមសមាជិកសភា​១២៥រូប ដើម្បី​ត្រូវរក្សា​គម្លាតសុវត្ថិភាព។

លោកបន្តថា កន្លងមក រដ្ឋាភិបាលបានចេញអនុក្រឹត្យ ដើម្បីពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែរ ប៉ុន្តែមិនមានចែងការដាក់ទោសទណ្ឌលើអ្នកដែលមានចេតនាចម្លងជំងឺកូវីដទៅអ្នកដទៃនោះទេ។ ករណីនេះ រដ្ឋាភិបាល​សម្រេចបង្កើតសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីពង្រឹងការទប់ស្កាត់បញ្ហាជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ​​ផ្សេងៗទៀត​ជាដើម។

លោកមានប្រសាសន៍ថា៖ «ធ្វើច្បាប់ឬលិខិតគតិយុត្តិដែលខ្ពស់ជាងគេ ហើយដែលអាចដាក់ពន្ធនាគារបាន ហើយអនុវត្តលើវិន័យនៅក្នុងការទប់ស្កាត់ជំងឺកូវីដនិងជំងឺកាចសាហាវផ្សេងៗទៀត»។

នៅលើគេហទំព័ររបស់រដ្ឋសភា បានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា សេចក្ដីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត ​បង្កើតឡើងដើម្បីបានជាមូលដ្ឋានគតិយុត្តិក្នុងការបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណ:ទុកជាមុន​ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យ​​កាន់តែ​មានប្រសិទ្ធភាពខ្ពស់ថែមទៀត នូវ​ការឆ្លងរាលដាលនៃជំងឺ​ផ្សេងៗ ដែលមាន​កម្រិតសាហាវ គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិត​ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ដែល​កើតមានឡើងជាយថាហេតុ។

រដ្ឋសភាបន្ត​ថា សេចក្តីព្រាងច្បាប់​ដែលមាន​ ៦ជំពូក និង ១៨មាត្រា​ នេះ ក៏មានចែងពីការ​​​ដាក់​ពិន័យនិង​ទោស​ទណ្ឌ​កម្រិត​ធ្ងន់ មិន​ចំពោះ​តែ​តែ​ជន​ណា​ដែល​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័កឬ​គេច​ចេញ​ពី​កន្លែង​ធ្វើ​​ចត្តាឡីស័ក​នោះ​ទេ គឺ​ជន​ណា​គេចវេះ​ពី​ការ​ព្យាបាលឬ​គេច​ចេញ​ពី​កន្លែង​ព្យាបាល ឬ​ចម្លង​ជំងឺ​កូវីដ-១៩ដោយ​ចេតនា​ដល់​អ្នក​ដទៃ ក៏​ត្រូវ​ទទួល​ពិន័យនិង​ទោស​ទណ្ឌជាដើម។

មាត្រា៩ នៃ​ច្បាប់​នេះចែង​ថា ​អំពើ​​ចម្លង​ដោយចេតនា​នូវ​ជំងឺ​កូវីដ-១៩ដល់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១០ឆ្នាំដល់២០ឆ្នាំ កាល​បើ​អំពើ​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​រៀបចំ​ជា​ក្រុមឬ​អង្គការ​ចាត់​តាំង។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពី​ប្រធានគណៈកម្មាធិការទី៨នៃរដ្ឋសភា លោកស្រី ឡោក ខេង បាន​ទេនៅថ្ងៃនេះ។

ក្នុង​​សន្និសីទសារព័ត៌មាន ក្រោយ​ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅមន្ទីរ​​ពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃនេះ លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលបង្កើតសេចក្តីព្រាងច្បាប់នេះឡើង​​ ដោយ​សារ​​កន្លង​​​មកមានការ​​​ត្រូវរ៉ូវគ្នារវាង​ស្ត្រីជនជាតិចិន២នាក់ ជាមួយសន្តិសុខយាមនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​​ ដើម្បី​​លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។

ករណីនេះ លោកនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលសម្រេចបង្កើតសេចក្តីព្រាងច្បាប់នេះ ដើម្បីទប់ស្កាត់លើបញ្ហាប្រឈមនានាឱ្យបានប្រសិទ្ធភាពខ្ពស់។

លោកថ្លែងដូច្នេះថា៖ «ម្ខាងយើងប្រើវិធានការអប់រំ ម្ខាងយើងប្រើវិធានការរដ្ឋបាល និងម្ខាងទៀត យើងក៏ត្រូវប្រើច្បាប់ ដើម្បីនឹងធ្វើការគ្រប់គ្រងទៅលើជំងឺទាំងនេះផងដែរ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលគណៈរដ្ឋមន្ត្រីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភាធ្វើការអនុម័តនាព្រឹកថ្ងៃស្អែកនេះ ដោយមិនមានការចូលរួមយោបល់ពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឯករាជ្យ ជាដើម។ លោកបង្ហាញក្តីព្រួយបារម្ភថា ពលរដ្ឋអាចមិនសូវយល់ដឹងពីច្បាប់នេះ ព្រោះត្រូវបានបង្កើតនិងប្រកាសប្រើភ្លាមៗ។

លោកលើកឡើងថា៖ «យើងមានច្បាប់ច្រើន ប៉ុន្តែប្រជាពលរដ្ឋមិនសូវយល់ដឹងពីបញ្ហាច្បាប់ គឺកង្វះខាតការផ្សព្វផ្សាយ ហើយច្បាប់នេះប្រកាសប្រញាប់ អនុវត្តជាប្រញាប់ ហើយស្ថានភាពដែលកំពុងរីករាលដាលជំងឺកូវីដ១៩ទៀត អញ្ចឹងបើសិនជាប្រជាពលរដ្ឋគាត់ក្រីក្រ ហើយគាត់មិនបានដឹងពីច្បាប់ថ្មី ហើយស្រាប់តែគាត់អនុវត្តខុស ទីមួយប្រឈមមុខនឹងទោសធ្ងន់ធ្ងរ ទីពីរ ការផាកពិន័យក៏ធ្ងន់ធ្ងរដែរសម្រាប់ពួកគាត់»។

កាលពីខែកុម្ភៈកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចំនួន២រួចទៅហើយ ដើម្បី​ចាត់​វិធាន​ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ អនុក្រឹត្យទាំង២នេះ រួមមាន អនុក្រឹត្យ​ស្តីពី ​វិធានការ​ចត្តាឡី​ស័ក​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង​ អនុក្រឹត្យស្ដីពី ​វិធានការ​សុខាភិបាល ដើម្បី​ទប់​ស្កាត់និង​ឆ្លើយ​តប​ការ​ឆ្លងរាល​ដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​ឆ្លង​ទូទៅ​​តាម​ច្រក​ចេញ​ចូល​ព្រំដែន។

អនុក្រឹត្យ​ទាំង​២​នេះ ចែង​អំពី​កាតព្វកិច្ច ការ​ដាក់ទោសទណ្ឌ និង​ការ​ផាក​ពិន័យ​លើជន​ដែល​អនុវត្ត​ផ្ទុយ​ពីការ​ណែ​នាំរបស់ក្រសួង​សុខាភិបាលនិង​បទបញ្ជា​របស់រដ្ឋាភិបាល។ អនុក្រឹត្យទាំង២ចែងពីប្រាក់ពិន័យមានចាប់ពី ១ ០០០ ០០០ រៀល រហូត​ដល់ ៥០ ០០០ ០០០ រៀលទៅតាមកម្រិតនៃបទល្មើស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ