អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ ​​​ឱ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ខេត្ត​លើក​លែង​រថយន្ត​ដឹក​ទំនិញ

ទិដ្ឋភាពតាមដងវិថីមួយកន្លែងក្នុងខេត្តព្រះសីហនុ អំឡុងពេលមានការរាតត្បាតកូវីដ១៩ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អភិបាល​ខេត្តព្រះសីហនុ ណែនាំដល់​ប្រជាពលរដ្ឋដែលកំពុង​ស្នាក់នៅក្នុង​​ខេត្តនេះ ផ្អាកការធ្វើដំណើរទៅកាន់​​រាជធានីនិងខេត្ត​ផ្សេងទៀត និង​​ផ្អាក​ការធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តគ្រប់​ប្រភេទចេញ-ចូលខេត្ត​នេះ​មួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ការណែនាំនេះបានធ្វើឡើងក្រោយ​ពី​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិល​មិញ ​បាន​បញ្ជា​ឱ្យអាជ្ញាធរខេត្តផ្អាកនិងបិទការធ្វើចរាចរណ៍ចេញ​ចូលក្នុងខេត្តព្រះសីហនុ ដោយលោក​ចាត់ទុកថា ស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ១៩នៅទីនោះស្ថិតនៅក្នុងស្ថានភាព​​អាក្រក់។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាល​ខេត្តព្រះសីហនុបានតម្រូវ​ឱ្យ​ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ អ្នកបើករថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងប្រជាពលរដ្ឋដែលស្នាក់នៅក្នុងខេត្តនេះ អនុវត្តនូវការ​ណែនាំមួយចំនួនរបស់​អាជ្ញាធរ​ខេត្ត​​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍។

ការណែនាំរដ្ឋបាល​ខេត្ត បាន​តម្រូវឱ្យ​ផ្អាក​អាជីវកម្ម​ដឹកអ្នកដំណើរ​តាមមធ្យោបាយ​ដឹកអ្នកដំណើរ​គ្រប់ប្រភេទចេញ-ចូល​ខេត្តនេះមួយរយៈសិន លើកលែងតែរថយន្តដឹកជញ្ជូនទំនិញដែល​​​អាចបន្តដំណើរការធម្មតា ប៉ុន្តែត្រូវកម្រិត​ចំនួន​មនុស្ស​ជាក់លាក់​ត្រឹម​២នាក់​ប៉ុណ្ណោះ គឺអ្នកបើកបរនិង​ជំនួយការអ្នកបើកបរ។

រដ្ឋបាល​ខេត្តក៏បានណែនាំដល់ប្រជាពលរដ្ឋ​ដែលកំពុងស្នាក់នៅក្នុងខេត្ត​នេះ ផ្អាកការធ្វើដំណើរ​ចេញចូលទៅមករាជធានីនិងខេត្ត​​ផ្សេងៗទៀត និង​បញ្ឈប់ការជួបជុំ​នៅកន្លែងប្រមូលផ្តុំដែលមានមនុស្ស​ច្រើន​ក្នុងករណីមិនចាំបាច់ ព្រមទាំងត្រូវ​អនុវត្តការរស់នៅតាមគន្លងបែបថ្មី ជាពិសេសអនុវត្តនូវវិធានសុខាភិបាល តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។ 

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រ​សាសន៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍​នេះ អាជ្ញាធរនិងមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាក​មនុស្ស​​ជិត១ម៉ឺននាក់ (៩ ៩៧០នាក់) ទៅធ្វើតេស្តរកវីរុសកូវីដ១៩ ក្នុងនោះមាន​អ្នកវិជ្ជមាន​ចំនួន៨០នាក់។

លោកបន្តថា  គិតត្រឹមថ្ងៃនេះមានទីតាំងចំនួន៣៧កន្លែងហើយនៅក្នុងខេត្តនេះត្រូវបានអាជ្ញាធរបិទ និង​បានយកទីតាំងនោះជាកន្លែងសម្រាក់ធ្វើចត្តាឡីស័កផងដែរ។

ក្រៅពីបិទទីតាំងនោះ លោក ឃាង ភារម្យ ថាអាជ្ញាធរក៏បានដាក់ពង្រាយកម្លាំងនៅតាមកន្លែងមួយចំនួនទៀតមិនឱ្យមានការចល័តចេញ-ចូលឆ្លងខេត្តផងដែរ។

លោកថា៖ «ដោយឡែកការបិទការចេញ-ចូលមកខេត្តព្រះសីហនុហ្នឹង យើងធ្វើនៅលើទីតាំង​សំខាន់ៗជាពិសេសនៅតាមព្រំប្រទល់ខេត្តតែម្ដង យើងមានកម្លាំងយើងនៅព្រំប្រទល់ខេត្តកំពត ព្រំប្រទល់ខេត្តកោះកុង និងព្រំប្រទល់ខេត្តកំពង់ស្ពឺ»។

ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋកុំធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ បើមិនមាន​ការ​ងារ​ចាំបាច់នោះទេ ខណៈដែលខេត្តមួយនេះកំពុង​មានការឆ្លងរាលដាលជំងឺកូវីដ១៩​ច្រើនក្នុងសហគមន៍។

លោក​បន្តថា មូលហេតុដែលលោក​មិនបិទខេត្តព្រះសីហនុ ព្រោះខេត្តនោះមានកំពង់ផែដែលត្រូវ​ធ្វើ​ចរាចរណ៍ដោះដូរទំនិញ និងសម្រាប់ធ្វើពាណិជ្ជកម្មផ្សេងៗ ដូច្នេះបើបិទអាចនឹងជួបបញ្ហាប្រឈមខ្លាំងទៅលើបញ្ហាសេដ្ឋកិច្ចសម្រាប់កម្ពុជានិងពាណិជ្ជករ។

លោក ហ៊ុន សែន អំពាវនាវថា៖ «ម្សិលមិញខ្ញុំបាននិយាយជាមួយចៅហ្វាយខេត្តក្រុងព្រះសីហនុ យើងមិនអាចបិទទីនោះបានទេ មានកំពង់ផែ ទំនិញចេញ-ចូល ក៏ប៉ុន្តែសូមឱ្យប្រយ័ត្នប្រយែង អំពាវនាវប្រជាពលរដ្ឋគ្មានការចាំបាច់កុំអាលធ្វើដំណើរទៅខេត្តព្រះសីហនុ។ ឯអ្នកនៅខេត្តព្រះសីហនុ សូមកុំអាលនឹងចាកចេញមកកាន់កន្លែងផ្សេង ព្រោះវាអាចចម្លងមកតាមផ្លូវជាតិលេខ៣ ខេត្តកែប និងខេត្តកំពត អ៊ីចឹងសូមឱ្យរក្សាភាពស្ងប់ស្ងាត់នៅទីនោះ»។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ សរុប​ចំនួន៩០៩នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ​ចំនួន៤៨៤នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន៤២៥នាក់​។ សម្រាប់ ​ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈវិញ ក្រសួង​សុខាភិបាលឱ្យដឹងថា បាន​កើនដល់៤០២នាក់​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ