រដ្ឋ​សភា​ស្នើ​ក្រសួង​សុខា​ភិបាល​ចាក់​វ៉ាក់សាំង​អាស្ត្រា​ហ្សឺណិកា​ដល់​ថ្នាក់​ដឹកនាំ​និង​សមាជិក​ខ្លួន​

មន្ត្រីសុខាភិបាលកម្ពុជា និងអង្គការពាក់ព័ន្ធ ចូលរួមក្នុងពិធីទទួលយកវ៉ាក់សាំងអាស្ត្រាហ្សឺណិកា (Astra Zeneca) ដែលជាជំនួយរបស់កូវ៉ាក់ នៃប្រទេសឥណ្ឌា មកដល់កម្ពុជាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋសភាស្នើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលចាក់វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (Astra Zeneca) ដែលទើបដឹកមកដល់កម្ពុជាកាលពីល្ងាចម្សិលមិញ ជូនថ្នាក់ដឹកនាំនិងសមាជិកក្នុងស្ថាប័ននេះ ដើម្បីការពារ​ជំងឺកូវីដ១៩ ខណៈសមាជិកសភាជាង៧០ភាគរយ មានវ័យលើសពី៦០ឆ្នាំ​​។

កាលពីថ្ងៃម្សិលមិញ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា ចំនួន ៣២៤ ០០០ ​ដូស ដែលជាជំនួយរបស់​មជ្ឈមណ្ឌលកូវ៉ាក់ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា។ វ៉ាក់សាំងនេះទទួលបានអាជ្ញាបណ្ណផលិតដោយ​វិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា។

វ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់កូវ៉ាក់ នៃប្រទេសឥណ្ឌា មកដល់កម្ពុជា យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្នុងលិខិតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងនៅថ្ងៃទី៣ ខែមីនានេះថា រដ្ឋសភាស្នើសុំទៅ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ជួយសម្រួលចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ជូនថ្នាក់ដឹកនាំរដ្ឋសភា សមាជិក-សមាជិការដ្ឋសភា ព្រមទាំងក្រុមគ្រួសារ និងទីប្រឹក្សា ជំនួយការ ដើម្បីការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បានមានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតនោះថា ដើមចមដែលនាំឱ្យរដ្ឋសភាស្នើទៅក្រសួងសុខាភិបាល ចាក់វ៉ាក់សាំងដល់សមាជិករដ្ឋសភា​១២៥រូប ដោយសារតែពួកគាត់​​​ជាង ៧០% មានអាយុ​លើសពី៦០ឆ្នាំ និងជាង ៣០% មានអាយុក្រោម​៦០ឆ្នាំ ដើម្បីការពារ បង្ការ និងទប់ស្កាត់​កុំឱ្យឆ្លងរាល​ដាល​ជំងឺកូវីដ១៩​​ដល់ពួកគាត់។

លោកមា​នប្រសាសន៍ថា៖ «វ៉ាក់សាំងមែនទែនទៅ វាមិនទាន់គ្រប់​ទេ វ៉ាក់សាំងក្រោយ​នេះ គឺសម្រាប់​អ្នកចាស់ៗគេទៅ​ចាក់។ សំណូមពររបស់តំណាងរាស្ត្រ សូមឱ្យចាស់ៗដែលជាទីប្រឹក្សារបស់គាត់ […] បានទៅចាក់ នេះសំណូមពរ! ហើយ​វិធានការរបស់ក្រសួងសុខាភិបាល​គាត់គិតយ៉ាងណា យើងមិនទាន់ដឹងទេ ខ្ញុំក៏មិនទាន់ទទួលបានចម្លើយពីក្រសួង​សុខាភិបាលដែរ»។

តែយ៉ាងណា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មិន​ទាន់មានការឆ្លើយ​តបយ៉ាងណានៅឡើយ ដោយគ្រាន់តែមានប្រសាសន៍យ៉ាងខ្លីតាមតេឡេក្រាមថា ​ចាំស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃស្អែក។

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា មានប្រសាសន៍តាមរយៈអ្នកបកប្រែជាភាសាខ្មែរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម្សិលមិញថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេផ្សេងទៀតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានសំណាងទទួលបានវ៉ាក់សាំងប្រភេទថ្មីឈ្មោះ «អាស្ត្រាហ្សឺណិកា» នេះ ដើម្បីការពារសុខភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកស្រី Ailan ចង់ឃើញភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ត្រូវរួមគ្នាសហការដោយភាពស្មោះត្រង់ ក្នុងការទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីទទួលយកវ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់កូវ៉ាក់ នៃប្រទេសឥណ្ឌា ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកស្រីអំពាវនាវដូច្នេះថា៖ «គោលដៅរបស់យើង គឺរួមគ្នាទប់ស្កាត់ការផ្ទុះជាចង្កោមនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន និងដើម្បីការពារនូវព្រឹត្តិការណ៍២០កុម្ភៈ ចៀសវាងកុំឱ្យមានការចម្លងរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ យើងទាំងអស់គ្នាត្រូវតែចូលរួមជាលក្ខណៈសាមគ្គីភាព ហើយត្រូវធ្វើការងារចូលរួមឱ្យបានឆាប់រហ័ស ដើម្បីការពារនូវសេនារីយ៉ូដ៏អាក្រក់នេះកុំឱ្យកើតមានឡើង»។

ចំណែក អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃនេះថា បើតាម​ព័ត៌មាន​ពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គឺ​​សមាជិកព្រឹទ្ធសភាទាំង៦២រូបនឹង​​ត្រូវទៅចាក់វ៉ាក់សាំង AstraZeneca នៅមន្ទីរ​ពេទ្យកាល់​ម៉ែត្រ នៅថ្ងៃទី​៩ ខែ​​មីនា ឆ្នាំ២០២១ ខាងមុខ​​​នេះ ដោយចាប់ផ្តើមពីម៉ោង៨ព្រឹករហូត​ដល់ពេល​ល្ងាច។

លោកមានប្រសាសន៍ថា៖ «តាមអគ្គលេខាធិការជូនដំណឹងចាក់វ៉ាក់សាំងនេះ សម្រាប់តែសមាជិក-សមាជិកាព្រឹទ្ធសភា ទៅចាក់ថ្ងៃទី៩។ ខ្ញុំនឹងទៅចាក់នៅថ្ងៃទី៩ ក្រោយពីប្រជុំអចិន្ត្រៃយ៍ចប់»។

លោក ម៉ម ប៊ុននាង បាន​ឱ្យដឹងបន្ថែមថា ថ្មីៗនេះ មន្ត្រីនិងបុគ្គលមួយចំនួន​នៅព្រឹទ្ធសភា ក៏​​បានទៅចាក់វ៉ាក់សាំងប្រភេទ «ស៊ីណូហ្វាម» ដែលជាជំនួយរបស់ចិនរួចរាល់ហើយដែរ​​ ខណៈការចាក់វ៉ាក់សាំងប្រភេទ​​ថ្មីលើកទី២នេះ នឹង​​ចាក់សម្រាប់តែសមាជិកព្រឹទ្ធសភា៦២រូបតែប៉ុណ្ណោះ។

អាស្ត្រាហ្សឺណិកា (Astra Zeneca) ជាវ៉ាក់សាំងដែល​អង្គការសុខភាពពិភពលោកបានទទួលស្គាល់ និងណែនាំឱ្យមានការចាក់វ៉ាក់សាំងនេះដើម្បីការពារខ្លួនពីការឆ្លងនូវជំងឺកូវីដ១៩។ វ៉ាក់សាំងនេះត្រូវបានផលិតដោយសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងក្រុមហ៊ុនអាស្ត្រាហ្សឺណិកា។

តាមសេចក្តីប្រកាសព័ត៌មានចេញថ្ងៃទី១២ ខែកុម្ភៈ អង្គការសុខភាពពិភពលោក លើកឡើងថាដោយសារវ៉ាក់សាំងនេះមានចំនួនកំណត់ ដូច្នេះការចាក់ត្រូវផ្តល់អាទិភាពឱ្យអ្នកដែល​ធ្វើការប្រឈមនឹងការឆ្លងខ្ពស់ ​ដូចជា ក្រុមគ្រូពេទ្យ និងមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ អង្គការសុខភាពពិភពលោក មិនណែនាំឱ្យមនុស្សដែលមានអាយុក្រោម១៨ឆ្នាំចាក់វ៉ាក់សាំងនេះទេ។

តាម​អង្គការសុខភាពពិភពលោកដដែល អាស្ត្រាហ្សឺណិកាមានប្រសិទ្ធភាព ៦៣,០៩ ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩។

ការចាក់វ៉ាក់សាំងដំបូងបង្អស់នៅកម្ពុជា​ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់​ថ្ងៃទី២ ខែមីនានេះ មានមនុស្សជាង ៦៥ ០០០​ នាក់ បានទៅ​​ចាក់វ៉ាក់សាំងប្រភេទ «ស៊ីណូហ្វាម» របស់ចិន។

ចំណែកវ៉ាក់សាំងប្រភេទថ្មីឈ្មោះ AstraZeneca ដែល​ផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤ ០០០ដូសនោះ កម្ពុជាទើបតែ​ទទួលបានពីកូវ៉ាក់ ដែលជាកម្មវិធីមួយរបស់អង្គការសុខភាពពិភពលោក កាលពីម្សិលមិញ ហើយ​ការទទួលវ៉ាក់សាំងថ្មីបន្ថែមទៀតនេះ ក៏ជាជំហានមួយទៀត ឆ្ពោះទៅការ​​សម្រេចគោលដៅរបស់រដ្ឋាភិបាល​កម្ពុជា ដែលមាន​​បំណង​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់ប្រជាពលរដ្ឋឱ្យបាន១០លាននាក់នាពេលឆាប់ៗខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ