រោងចក្រ​មួយ​នៅ​ភ្នំពេញ​រឹត​បន្ដឹង​វិធានការ​បង្ការ​កូវីដ​១៩​ ក្រោយ​រក​ឃើញ​មាន​អ្នក​ឆ្លង​ម្នាក់​​

សន្តិសុខប្រចាំរោងចក្រ Y&W មានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ឈរយាមមុខច្រកចូលរោងចក្រដើម្បីត្រួតពិនិត្យមុននឹងកម្មករចូលបំពេញការងារ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

រោងចក្រកាត់ដេរសម្លៀកបំពាក់ Y&W នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានរឹតបន្តឹងវិធានការបង្ការ​និងទប់ស្កាត់ជំងឺកូវីដ​​១៩ ប​ន្ទាប់ពីរកឃើញកម្មករម្នាក់ឆ្លងជំងឺនេះកាលពីចុងសប្តាហ៍មុន ដែលតម្រូវឱ្យកម្មករជាង៧០០នាក់ធ្វើតេស្តរកវីរុសកូវីដ១៩។

ប្រធានគ្រប់គ្រងរដ្ឋបាលនិងច្បាប់ នៃរោងចក្រ Y&W លោក ធី ប៊ុនថុន ប្រាប់ VOD ឱ្យដឹងនៅថ្ងៃទី០៣ ខែមី​នានេះថា​​ កម្មករចំនួន៧១៦នាក់ដែលប៉ះផ្ទាល់និងប្រ​យោលជាមួយអ្នកជំងឺដែល​ជាកម្មករផ្នែកបោកគក់ ត្រូវបានប្រមូល​សំណាក​ទៅធ្វើតេស្តភ្លាមៗ និងទទួលបានលទ្ធផលអវិជ្ជមាន​ទាំងអស់។​

លោក​ថា ក្រុមហ៊ុន​បានផ្អាកការងារកម្មករទាំងនោះ និងបិទទ្វារអគារដែលពួកគេធ្វើការជាបណ្តោះអាសន្ន តាមការណែនាំរប​ស់ក្រសួងសុខាភិបាល ហើយតម្រូវឱ្យកម្មករទាំងអស់ពាក់ម៉ាស់មុខ វាស់កម្តៅ និងបាញ់ទឹកអាល់កុល​នៅតាមច្រ​កចេ​ញចូល​។

លោក ប៊ុនថុន ប្រាប់ថា៖ «ដោយសារតែរោងចក្រ​យើងធំ មាន​កម្មកររហូតដល់៥ ០០០នាក់​ជាង ដល់ពេល​វាកើតឡើង​អញ្ចឹង យើ​​ង​មានអារម្មណ៍មួយថា គឺរឿងមួយដែលយើងត្រូវតែទប់ស្កាត់ឱ្យបានលឿនបំផុត ព្រោះកម្មករ[ដូច]បងដឹងស្រាប់ហើយ គឺគាត់អង្គុយនៅជាមួយគ្នា ញ៉ាំបាយជាមួយគ្នា។ អញ្ចឹងយើងត្រូវតែរឹតបន្ដឹងខ្លាំងបំផុត»

ប្រធានផ្នែកគ្រប់គ្រងការផលិតនៃរោងចក្រ Y&W  អ្នកស្រី ឈួន ស្រីពេជ្រ លើកឡើងថា អគារដែលអ្នកស្រីធ្វើការនៅតែដំណើរការធម្មតា ដោយសារតែករណីឆ្លងរកឃើញ​លើកម្មករនៅអគារផ្សេង។

សន្តិសុខប្រចាំរោងចក្រ Y&W មានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាញ់អាល់កុលលាងសម្អាតមេរោគដល់កម្មកររោងចក្រម្នាក់មុននឹងចូលបំពេញការងារ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ដោយក្នុងដៃកាន់ថង់ទឹកសុទ្ធ និងមានដបអាល់កុលតូចមួយផងនោះ អ្នកស្រី ស្រីពេជ្រ ប្រាប់ថា ដំបូងឡើយ អ្នកស្រីមានការបារម្ភចំពោះការរីករាលដាល​នៃជំងឺក្នុងចំណោម​កម្មករ​ដូចគ្នា ប៉ុន្តែក្រោយដឹងលទ្ធផល​ថា អ្នកដែលបានប្រមូលសំណាកអវិជ្ជ​មាន​ទាំងអស់ គាត់ក៏បានធូរស្បើយចិត្តវិញ។

អ្នកស្រី​ប្រាប់ថា៖ «បារម្ភដែរហ្នឹង តែដល់ពេលឮគេថាអត់មានកើតអញ្ចឹង ក៏ចេះតែធូរទ្រូងគ្រប់គ្នាអញ្ចឹង! ខ្លាចវាឆ្លងដល់ដែរ ព្រោះយើងនៅឆ្ងាយពីគ្នាដែរ»

កម្មករផ្នែកដេរអាវគំរូ អ្នកនាង ម៉េង ស្រីរ៉ា ឱ្យដឹងថា ខាងរោងចក្រពិតជាបានវាស់កម្ដៅនិងបាញ់អាល់កុលដល់កម្មករ​នៅតាមច្រកទ្វារចេញចូល។ គាត់បន្ថែមថា គាត់មិនបារម្ភនោះទេ ដោយសារករណីឆ្លងរកឃើញនៅអគារផ្សេង ហើយផ្នែកអ្ន​កនាងអង្គុ​យឃ្លាតពីគ្នាឆ្ងាយ ខុសពីផ្នែកកាត់ដេរធម្មតា។

អ្នកនាង ម៉េង ស្រីរ៉ា និយាយថា៖ «ខ្ញុំអត់បារម្ភ ព្រោះអីគេថាអត់សូវអី​។ ខ្ញុំអត់សូវបារម្ភ»

អ្នកនាងបន្ថែមថា៖ «ខ្ញុំពាក់ម៉ាស់ លាងជែល បាញ់អាល់កុល​រហូតហ្នឹងបង»

ប្រធានសហភាពការងារកម្ពុជា លោក អាត់​ ធន់ លើកឡើងថា ការរឹតបន្តឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាល​ដាលនៃជំ​ងឺកូវីដ១៩ នៅក្នុងចំណោមកម្មកររោងចក្រកាត់ដេរនោះ នៅពេលរកឃើញករណីឆ្លងកើតមាន ដោយប្រមូលអ្នកពាក់ព័ន្ធទៅធ្វើតេស្ត​និងដាក់ពួកគេនៅដោយឡែក គឺជាការល្អប្រសើរ។ ប៉ុន្តែលោកថា ពួកគេនៅតែមាន​ហានិភ័យខ្ពស់ពីការឆ្លង​ក្នុងស្ថានការណ៍​បច្ចុប្បន្ន ដោយសារ​មិនអាចរក្សា​គម្លាត​សុវត្ថិភាព​បាន។

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមូលផ្ដុំទិញម្ហូបអាហារនិងសម្ភារប្រើប្រាស់នៅផ្សារព្រែកជ្រៃ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាជាការប្រឈមខ្លាំង ព្រោះពួកគាត់ជិះឡានជា​មួយ​គ្នា ស្នាក់នៅជាមួយ​គ្នា ហូ​បបាយជាមួយ​គ្នា ចេញចូលមុខរោងចក្រជាមួយគ្នា ធ្វើការជាមួយគ្នា ដែលមិនមានគម្លាត​សង្គមសោះ ប៉ុន្តែយើងឃើញថា កន្លងមក មានការតឹងតែងក្នុងការពាក់ម៉ាស់​សម្អាតដៃបាន ប៉ុន្តែគម្លាតសុវត្ថិភាពគឺថាធ្វើអត់ទាន់បាន អញ្ចឹងយើងមានការបារម្ភមែន​ទែន»

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បដិសេធមិនឆ្លើយតបសំណួរពាក់ព័ន្ធនឹងក​រណីឆ្លងក្នុងចំណោមកម្មកររោងចក្រ និងវិធានការទប់ស្កាត់ការចម្លងរបស់ជំងឺ​ចំពោះពួកគេ ដោយលោករុញសំណួរទៅសួរក្រសួ​ងសុខាភិបាល។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេនៅល្ងាចនេះ។

តាមរបាយការណ៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ សរុប​ចំនួន៨៧៨នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន៤៨២នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន៣៩៦នាក់។ ក្នុង​ចំណោមអ្នក​ឆ្លង​សរុប គឺ​មាន​អ្នក​ឆ្លង​នៅក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ មាន​ចំនួន៣៧៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ