សហ​គមន៍​អន្តរជាតិ​​ទទូច​ជា​ថ្មី​​​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ផ្សះផ្សា​ជាតិ​ឡើង​វិញ​ដោយ​ចូល​រួម​ពី​គ្រប់​ភាគី​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​

សហភាព​​អឺរ៉ុប និងបណ្តាប្រទេស​ប្រកាន់​ប្រជាធិបតេយ្យមួយចំនួន ទទូចជាថ្មីម្តងទៀត​ឱ្យរដ្ឋាភិបាល​កម្ពុជាផ្តើមដំណើរការផ្សះផ្សាជាតិឡើង​វិញ តាមរយៈការសន្ទនាស្មោះត្រង់​ដោយ​មានការចូលរួមពីគ្រប់ភាគី។​

ការអំពាវនាវរបស់សហគមន៍អន្តរជាតិបែបនេះធ្វើឡើង​ក្រោយតុលាការកម្ពុជាកាត់ទោស​​មេដឹកនាំអតីត​​​បក្សប្រឆាំង៩នាក់ឱ្យជាប់ពន្ធនាគារពី២០ទៅ២៥ឆ្នាំ និង​ដកហូតសិទ្ធិបោះឆ្នោតនិងឈរឈ្មោះឱ្យគេបោះឆ្នោត ក្រោមបទចោទ«ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា»។ អតីតមន្ត្រីជាន់ខ្ពស់ទាំង៩រូបនោះដែលត្រូវតុលាការកាត់ទោសកាលពីថ្ងៃចន្ទ មានដូចជា លោក សម រង្ស៊ី, លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល។

អ្នកនាំពាក្យសហភាព​អឺរ៉ុប កត់សម្គាល់ក្នុងសេចក្តីថ្លែងការណ៍​កាលពីម្សិលមិញ​ថា ជនជា​ប់​ចោទទាំង៩រូបដែលជាមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនោះ មិនត្រូវបានអនុញ្ញា​ត​ឱ្យត្រឡប់មកកម្ពុជាដើម្បីការពារក្តីនៅចំពោះមុខតុលាការទេ។ ករណីនេះ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប យល់ថា ហាក់ដូចជាការរំលោ​ភ​សិទ្ធិរបស់ពួកគេដែលត្រូវទទួលបានកា​​រកាត់ក្តីដែលយុត្តិធម៌ត្រឹមត្រូវ ដូចមានចែងយ៉ាងច្បាស់ក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ​។

សហភាពអឺរ៉ុប លើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលថា ​ប្រជាពលរដ្ឋកម្ពុជាទាំងអស់គួរទទួលបាននូវការធានាថា ពួកគេមានសិទ្ធិទទួលបានការ​កាត់ក្តីដ៏ត្រឹ​ម​ត្រូវ ស្របទៅតាមអនុសញ្ញាស្តីពីសិទិ្ធពលរដ្ឋនិងសិទ្ធិនយោបាយដែលចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

បញ្ហានេះ សហភាព​អឺរ៉ុបគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាត្រូវគោរពនីតិរដ្ឋនិងការជំនុំជម្រះដ៏ត្រឹមត្រូវ និងធានាថា សិទ្ធិចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានគ្រឹះ ត្រូវបានគោរពយ៉ាងពេញលេញ រាប់បញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ ការបង្កើតអង្គការសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី។

អ្នកនាំពាក្យគូសបញ្ជាក់ថា៖ «សហភាពអឺរ៉ុបសូមអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរកម្ពុជា​ក្នុងការចាប់ផ្តើមនូវដំណើរការផ្សះ​ផ្សាជាតិ តាមរយៈកិច្ចពិភា​ក្សា​ប្រកបដោយភាពស្មោះ​ត្រង់និងប្រកបដោយបរិយាប័ន្ន»។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​​ លោក ផៃ ស៊ីផាន បានច្រានចោល​ការលើកឡើនេះ ដោយលោកចាត់ទុក​ក្រុមមេដឹកនាំបក្សប្រ​​ឆាំងដែលត្រូវបានកាត់ទោសទាំងនោះថា​ ជាអ្នកញុះញង់បង្កឱ្យប្រទេសជាតិមានចលាចល។

លោកថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យក្រុមឧទ្ទាមឬក្រុមដែលរៀបចំធ្វើរដ្ឋប្រហារ​ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសច្របូកច្របល់ ច​លា​​ច​ល ដូចកាលពីពេលមុននោះទេ។ អាហ្នឹងកម្ពុជាត្រូវតែទទួលខុសត្រូវ»។

ដូចគ្នានេះដែរ អាល្លឺម៉ង់ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បាននិយាយលើបណ្ដាញសង្គម Twitter កាលពីម្សិល​មិញ​ថា ពួក​គេព្រួយបារម្ភអំពីការប្រកាសសាលក្រមកំបាំងមុខទៅលើមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនៅកម្ពុជាទាំង៩រូបនោះ។

ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា សរសេរថា៖ «សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺជាសិទ្ធិសេរីភាពមូលដ្ឋានដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះ​រា​ជាណាចក្រកម្ពុជា»។

ស្ថានទូតនេះបានអំពាវនាវ​ឱ្យអាជ្ញាធរកម្ពុជាគោរពនីតិរដ្ឋ និងធានាថាសិទ្ធិសេរីភាពជាមូលដ្ឋាន ត្រូវបានគោរព។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន បានច្រានចោលចំពោះការលើកឡើងបែបនេះ ដោយ​លោកនិយាយថា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវផ្តន្ទាទោសក្រោមបទល្មើស «ឧបឃាត»ជាគោលការណ៍ច្បាប់ ក្នុងសង្គមប្រជាធិបតេយ្យ ដែល​អ្នកពាក់ព័ន្ធ​ត្រូវចូលរួមនីតិវិធីរបស់តុលាការ មិនមែនទាម​ទា​រដាក់សម្ពាធតុលាការដែល​ជាស្ថាប័ន​ឯករាជ្យនោះទេ។

លោកថា៖ «ចំពោះខ្ញុំ ការរិះគន់របស់សហគមន៍អឺរ៉ុបនិងបរទេសមួយចំនួនហ្នឹង គឺមានភាពអយុត្តិធម៌សម្រាប់កម្ពុជា ហើយ​មានស្តង់ដារពីរ ព្រោះការលើកឡើងរបស់គាត់មិនបានផ្អែកលើទិដ្ឋភាពច្បាប់ដែលមានជាធរមាននៅកម្ពុជាទេ គឺលើកឡើងដើម្បីការពារក្រុមជនល្មើស ហើយសម្រាប់កម្ពុជា ការសម្រេចរបស់តុលាការជាការ​​ប្រព្រឹត្តទៅតាមនីតិវិធីនិងបញ្ញត្តិច្បាប់»។

កន្លងមក សហភាពអឺរ៉ុប ក៏ធ្លាប់បានអំពាវនាវ​​​ឱ្យទម្លាក់បទចោទលើលោក កឹម សុខា និង​ទាមទារឱ្យគណ​បក្សសង្គ្រោះជាតិបានដំណើរការឡើងវិញ ក្រោយពីមានការរំលាយចោលអំឡុងឆ្នាំ២០១៧ ដែលការអំពាវនាវនោះត្រូវបាន​សហភាព​អឺរ៉ុបបញ្ជាក់​​ថា ដើម្បីស្តារលទ្ធិ​ប្រជាធិបតេយ្យឡើង​​វិញ។ ក្រោយ​មក សហភាពអឺរ៉ុបក៏បាន​សម្រេច​កាត់​ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយពីកម្ពុជា ក្រោយគ្មានការឆ្លើយតបជាវិជ្ជមានពីបក្សកាន់អំណាចកម្ពុជា។

ជាប្រតិកម្មបន្ថែម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានលើកឡើងលើទំព័រ Twitter ផ្លូវការរបស់លោក កាលពីថ្ងៃចន្ទថា លោកមានការ​ព្រួយ​បារម្ភអំពី​ការកាត់ទោសក្រុមមេដឹកនាំអតីត​គណបក្សប្រឆាំងនៅកម្ពុជា ដែលធ្វើឡើងក្រោមដំណើរការនីតិវិធីខ្វះភាពត្រឹមត្រូវ។

លោក​បាន​បន្ត​ថា៖ «យើងជំរុញឱ្យអាជ្ញាធរបើកចំហនយោបាយឡើងវិញ ហើយស្តាប់យោបល់ដោយមានការចូលរួមពីភាគីទាំងអស់»។

ស្ថានទូតអង់គ្លេសប្រចាំ​កម្ពុជា ​សរសេរ​នៅក្នុ​ងបណ្តាញ​សង្គម Twitter ដែរថា ខ្លួនមានការព្រួយបារម្ភដូចគ្នា ជុំវិញសាលក្រមនិងការកាត់ទោសដាក់ពន្ធនាគារ​​ដ៏យូរទៅលើ​មេដឹកនាំនិងសមាជិក​អតីត​គណបក្សប្រឆាំងនៅកម្ពុជា ដែល​​​ត្រូវបានធ្វើឡើងដោយកំបាំងមុខ។

ទូតអង់គ្លេសលើកឡើងថា៖ «សិទ្ធិទទួលបានការជំនុំជម្រះ​ដោយយុត្តិធម៌ គឺជាសេរីភាពមូលដ្ឋានដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ យើងជំរុញឱ្យអាជ្ញាធរគោរពច្បាប់ និងធានានូវសេរីភាពមូលដ្ឋាន»។

ដោយឡែក តំណាងកម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក អាន សុខឃឿន បាននិយាយ​ក្នុងលិខិតមួយច្បាប់​កាលពីម្សិលមិញថា ការជំនុំជម្រះដែលមានជនជាប់ចោទច្រើន ជាប់ពាក់ព័ន្ធនឹងផែនការផ្តួល​​រំលំនៅថ្ងៃទី៩ ខែ​​វិច្ឆិកា ឆ្នាំ២០១៩ ជាការអនុវត្តច្បាប់ ដើម្បីធានាសន្តិសុខជាតិ តបតាមមាត្រា ៤៥១ និង ៤៥៩ នៃក្រម​ព្រហ្មទណ្ឌរបស់កម្ពុជា។

លោកគូសបញ្ជាក់ថា បើមានការ​​ចាត់ទុកការអនុវត្តច្បាប់របស់កម្ពុជា​​ ថា​ជាការ​​រឹតត្បិតសេរីភាព នោះ​គឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តដោយស្មើភាពគ្នា​ចំពោះពលរដ្ឋទាំងអស់។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា កម្ពុជា ជាសមា​ជិករបស់អង្គការសហប្រជាជាតិ និងជាប្រ​ទេសអនុ​វត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

 លោកបន្តថា ប្រតិកម្មព្រមៗគ្នារបស់សហគមន៍អន្តរជាតិនេះ វាជាសញ្ញាប្រាប់ថា កម្ពុជាអាចនឹងរងវិធានការបន្ថែមទៀត បើមិនវិ​​លទៅស្តារប្រជាធិបតេយ្យឡើងវិញ ខណៈកម្ពុជា​បាត់ការអនុគ្រោះពន្ធ EBA ២០ភាគរយពីសហភាពអឺរ៉ុប​ និង​​ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកមិនទាន់ត្រូវបា​ន​បន្ត ជាដើម។

លោកបន្ត​​ថា៖ «ជាពិសេស យើងឃើញមានមន្ត្រីមួយចំនួនក៏ស្ថិតនៅក្នុងបញ្ជីខ្មៅដែល​គេដាក់ទណ្ឌកម្មក្នុងការបង្កក​ទ្រព្យសម្បត្តិ​អីទាំងអស់ អាហ្នឹង​ជាយន្តការអន្តរជាតិក្នុងការជំរុញកំណែទម្រង់ឱ្យ​មានការកែលម្អប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស»។

អ្នកឃ្លាំមើលសង្គម លោក​បណ្ឌិត សេង សារី និយាយថា បក្សកាន់អំណាចទំនងជាមិនទទួលយកអនុសាសន៍បែបការ​ទូតនេះទេ បើយោងទៅលើការអង្កេតជាង៣ឆ្នាំមកនេះ។

លោកថា៖ «មកដល់ពេលនេះ រដ្ឋាភិបាលហាក់ដូចជា​មិនអើពើជាមួយនឹងសេចក្តីថ្លែងការណ៍ និងការអំពាវនាវអីផ្សេងៗ រួមទាំង​គំនាបសង្កត់ផ្នែកសេដ្ឋកិច្ចហ្នឹង​មកលើរដ្ឋាភិបាលដែរ»។

តែយ៉ាងណា លោកផ្តល់ជាយោបល់ថា ស្ថានការណ៍នយោបាយនៅកម្ពុជាអាចល្អប្រសើរឡើងវិញ វាលុះណាប្រទេសជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស សហការគ្នាពិនិត្យមើលពីមូលដ្ឋានគ្រឹះនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ