រដ្ឋ​សភា​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពីវិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ ទៅ​ពិនិត្យ​សិក្សា​

លោក ហេង សំរិន ប្រធានរដ្ឋសភា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកដៃសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី៦ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

រដ្ឋសភា នៅថ្ងៃនេះ បាន​អនុម័តទទួលយក​សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត ដើម្បីប្រគល់ឱ្យ​គណៈកម្មការជំនាញពិនិត្យនិងសិក្សាតាមសំណើរបស់រដ្ឋាភិបាល។​

ការអនុម័តទទួលយក​សេចក្តីព្រាងច្បាប់​នេះ បានធ្វើ​ឡើងនៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឱ្យដឹងថា អង្គប្រជុំបានអនុម័តប្រគល់​សេចក្តីព្រាងច្បាប់ថ្មីនេះដល់​គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យ សិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

រដ្ឋសភា ឱ្យដឹងក្នុងទំព័រហ្វេស​ប៊ុកផ្លូវការរបស់ខ្លួនដែរថា សេចក្តីព្រាងច្បាប់​​នេះ​មាន ៦ជំពូក និង ១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុង​ប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញ និងក្នុងទ្រង់​ទ្រាយ​​​កាន់​​តែធំ និងបានបង្កឱ្យ​មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។

រដ្ឋសភាបន្តថា សេចក្តីព្រាងច្បាប់នេះបង្កើតឱ្យ​មានមូលដ្ឋានគតិយុត្តិមួយរឹងមាំនិងគ្រប់ជ្រុងជ្រោយ​បន្ថែម​ទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បាន​បើកកិច្ចប្រជុំបន្ទាន់មួយ​ដោយ​បាន​អនុម័តសេចក្ដីព្រាង​ច្បាប់ ស្តី​ពី វិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត និងបានដាក់​ជូន​រដ្ឋសភាពិនិត្យកាលពីថ្ងៃម្សិលមិញ។

​កាលពី​ឆ្នាំ២០២០ ​កម្ពុជាក៏​​​បាន​បង្កើត​ច្បាប់​​ស្តី​ពីការ​គ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ជា​ការចាំបាច់​ដើម្បី​ទប់ស្កាត់​ចលនា​នានាក្នុង​ពេល​ដែល​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ