លោក សម រង្ស៉ី ត្រូវជាប់ទោស​២៥ឆ្នាំ​និង​បាត់បង់សិទ្ធិបោះឆ្នោតនិងឈរឈ្មោះ

២១ មករា ២០១៩ / 21 January 2019 ប្រជុំ ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ គណបក្ស​សង្គ្រោះ​ជាតិ​​ នៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រម​កំបាំងមុខដាក់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ក៏ដូចជា ហាមមិន​ឱ្យបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត​ក្រោមបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា។

លោក អ៊ី រិន អ្នកនាំពាក្យអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា សាលក្រមនេះ ត្រូវបានប្រកាសនៅចំពោះមុខមេធាវីតំណាងរដ្ឋាភិបាល និងចាត់ទុកថា នៅចំពោះមុខជនជាប់ចោទផងដែរ។

ក្រៅពីលោក សម រង្ស៊ី  សាលក្រមក៏បានសម្រេចដាក់ទោសលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់​ពន្ធនាគារក្នុងម្នាក់ៗចំនួន២០ឆ្នាំ។ ក្រៅពីផ្តន្ទាទោសឱ្យជាប់ពន្ធនាគារហើយ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំកំពូលៗនៃអតីតគណបក្សសង្គ្រោះជាតិទាំង៨រូប ក៏ត្រូវបានតុលាការសម្រេចដក​ហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតផងដែរ។

លោក សំ សុខគង់ មេធាវីការពារក្តីឱ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំនៃអតីត​គណបក្ស​សង្គ្រោះជាតិមិនអាច​ទាក់ទងសុំការឆ្លើយតបចំពោះសាលក្រមនៅថ្ងៃនេះបាននៅឡើយទេ ដោយ​ទូរសព្ទជាច្រើនដងតែមិនមានអ្នកលើក។

ទោះយ៉ាងណាក្តីលោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា​សាល​ក្រមដែល​តុលាការ​ប្រកាសនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់កម្ចាត់លោកចេញពីឆាកនយោបាយកម្ពុជា។​

កាលពីដើមខែកុម្ភៈឆ្នាំ២០២១នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ​កាត់​ទោសលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៩នាក់ ពីបទឧបឃាត ឬ ប៉ុនប៉ង​ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌតាមរយៈ​ផែនការ​មាតុភូមិនិវត្តន៍កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ