មន្ត្រី​ខេត្ត​​មណ្ឌល​គិរី​​បក​ស្រាយ​​ផ្សេង​គ្នា​​ករណី​​ឃាត់​​រថយន្ត​​ដឹក​ឈើ​១៣​គ្រឿង​​របស់​​ក្រុមហ៊ុន លឹ​មរ៉ូ​យ៉ា​ល់

រថយន្ត​ដឹកឈើ១៣គ្រឿង​ត្រូវ​បាន​មន្ត្រីខេត្ត​មណ្ឌលគិរី​ឃាត់​និង​ពិនិត្យ ហើយ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ហ្វេសប៊ុក​ផេក «របាយការណ៍​ថ្មី» នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ របាយការណ៍​ថ្មី​)

​រថយន្ត​ដឹកឈើ១៣គ្រឿង​របស់​ក្រុមហ៊ុន​ លឹ​មរ៉ូ​យ៉ា​ល់ ត្រូវ​បាន​កម្លាំង​ចម្រុះ​ខេត្តមណ្ឌលគិរី បាន​ចាប់​ឃាត់ទុក ដើម្បី​ត្រួតពិនិត្យរក​អាជ្ញាបណ្ណ​ធ្វើអាជីវកម្ម ប៉ុន្តែ​មន្ត្រីបាន​ផ្តល់​ព័ត៌មាន​ខុសគ្នា ពី​ភាព​ស្របច្បាប់​នៃ​ការ​ធ្វើអាជីវកម្ម​នេះ។

នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភ៌​ក បាន​និយាយ​ថា ​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ រថយន្ត​ដឹកឈើ១៣គ្រឿងត្រូវ​បាន​កម្លាំង​ចម្រុះ​ខេត្តឃាត់​នៅ​ក្រុង​សែនមនោរម្យ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ។

លោកគូសបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ សមត្ថកិច្ច​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា តើ​ឈើ​ទាំងនោះ​ស្របច្បាប់ឬក៏​យ៉ាងណា​នៅឡើយ​ទេ ហើយក៏​សុំ​មិន​ប្រាប់​ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​ដឹកឈើ​នោះ​ដែរ។

លោក​ថា៖ «អូ! រឿង​ហ្នឹង​កំពុងតែ​ត្រួតពិនិត្យ អត់​ទាន់​ដឹង​យ៉ាងម៉េច​ទេ​! ចាំ​ត្រួតពិនិត្យ​ចប់ ​ចាំ​ខ្ញុំ​ប្រាប់​ព័ត៌មាន​ទៅវិញ»។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី លោក ហែម បូ​ណា​រ៉ែ​ល ប្រាប់​ថា កម្លាំង​របស់​លោក​បាន​សហការ​ក្នុង​ការ​ចុះ​ឃាត់​រថយន្ត​ដឹកឈើ​ទាំងនោះ។

លោក​ថា ឈើ​នោះ​ដឹក​ចេញពី​ស្រុក​កោះញែក​ ខេត្តមណ្ឌលគិរី របស់​ក្រុមហ៊ុន​ លឹ​មរ៉ូ​យ៉ា​ល់ ដឹក​ទៅ​ទម្លាក់​នៅ​រោងចក្រ​មួយ​របស់​ក្រុមហ៊ុន​នេះ​នៅ​ខេត្តក្រចេះ ដែ​លលោក​ថា​ ឈើ​ទាំងនោះ​មិន​ខុសច្បាប់​ទេ។

លោក​ថា៖ «ជំនាញ​គេ​ត្រួតពិនិត្យ​ហើយ ខ្ញុំ​សួរ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ​គេ​ថា​អត់អី​ផង [មានការ​ឃាត់ខ្លួន​មនុស្ស​ទេ​?] អត់ទេ! ពួក​គេ​អត់មាន​ខុស​អី​ផង»។

អ្នកសម្របសម្រួល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី លោក ក្រឿ​ង តុលា និយាយ​ថា​ បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​នេះ​មិន​ថយ​ចុះ​ទេ ទោះ​មានការ​ឆ្មក់​ចាប់ពី​ក្រុមការងារ​ថ្នាក់​ជាតិ ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ក៏ដោយ។

លោក​ថា ការ​បកស្រាយ​ផ្សេងគ្នា​ពី​ភាព​ស្របច្បាប់​របស់​ក្រុមហ៊ុន ពីសំណាក់​មន្ត្រី​ពាក់ព័ន្ធ​ពេលនេះ វា​គួរតែ​មានការ​បើក​ការស៊ើបអង្កេត​ដ៏​ជាក់លាក់​មួយពី​ស្ថាប័នជាតិ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើ​ឱ្យ​ធនធាន​ធម្មជាតិ​បន្ត​បាត់បង់​ទៅ​យ៉ាង​គំហុក​ដូច​បច្ចុប្បន្ន។

លោក​ថា៖ «ខ្ញុំ​គិតថា​ សម្តេច ​[ហ៊ុន សែន​] គួរតែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់។ បើសិន​ជន​ណា​មានការ​គប់គិត ​ត្រូវ​ប្រើ​អភិក្រម​ទី៥ គាត់​ត្រូវតែ​ប្រើ​តែម្តង មានន័យថា ​វះកាត់​ចំពោះ​ថ្នាក់ក្រោម​ជាតិ​ណា​ដែល​ពុករលួយ ថ្នាក់ក្រោម​ជាតិ​ណា​ដែល​មិន​ស្មោះត្រង់​នឹង​ថ្នាក់​ជាតិ​ យើង​គួរតែ​ប្រើ​[ចាត់វិធានការ​]»។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី និង​ក្រុមហ៊ុន​ លឹ​មរ៉ូ​យ៉ា​ល់ មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ​ឆ្លើយ​បំភ្លឺ​បាន​នៅឡើយ​ទេ នៅរ​សៀ​លម៉ោង៥ថ្ងៃនេះ។

តែ​យ៉ាងណា តាមរយៈ​ការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំរបស់​គណៈកម្មាធិការ​នេះ ចាប់ពី​ឆ្នាំ២០១៦ រហូតដល់​ចុង​ឆ្នាំ២០១៩ មាន​ឧកញ៉ា​យ៉ាងតិច៥នាក់​ជាប់ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ក្នុង​នោះ​ឧក​ញ៉ា គង់ ក្រឹ​ង និង​ឧកញ៉ា សឹង សំ​អុង ត្រូវ​បាន​ចាប់ខ្លួន និង​ឧកញ៉ា៣រូប​ទៀត​កំពុង​រត់គេច​ខ្លួន ដូ​ចជា​ ឧកញ៉ា វន់ ប៊ុ​នថៃ, ឧកញ៉ា ស៊្រុន ម៉េ​ងលាង ម្ចាស់​ក្រុមហ៊ុន ម៉េងលាង ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ