ក្រសួងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដឱ្យកម្មករប្រមូលសំរាម​

កម្មករ​និយោជិត​ប្រមាណ​ជាង១០០០នាក់ ធ្វើការ​ផ្នែក​សម្អាត​ប្រមូល​សំរាម​ប្រចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​និង​កំពុង​បន្ត​ទាម​ទាមទារ​នូវ​អត្ថ​ប្រយោជន៍ សំណង​បញ្ចប់​កិច្ចសន្យា​និង​បញ្ឈប់​ពី​ការងារ ថ្ងៃ​ចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។ (សង់ត្រាល់)

ក្រសួងសុខាភិបាលប្រកាសចាប់ផ្តើមប្រើវ៉ាក់សាំងប្រឆាំងកូវីដ១៩ជាជំនួយរបស់ចិន ចាក់ឱ្យកម្មករប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺប្រភេទនេះឆ្លងរាលដាល។​

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដើម្បីទៅទទួលការចាក់វ៉ាក់សាំងដែលជាជំនួយមនុស្សធម៌របស់ចិន ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹង នាថ្ងៃទី២៨ ខែកុម្ភៈនេះតទៅ ។

 ក្រសួងបញ្ជាក់ថា៖ «ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ»។

ទីតាំងដែលក្រសួងសុខាភិបាលកំណត់ឱ្យកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញទៅចាក់វ៉ាក់សាំងនោះរួមមាន៨កន្លែង ដូចជា មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកដង្កោ,មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ និងមន្ទីរពេទ្យបង្អែកពោធិចិនតុង។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងបានក្រើនរំលឹកដល់គណៈអភិបាលរាជធានី ខេត្ត ដែលក្រសួងបានកំណត់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ បន្តការងារចាក់វ៉ាក់សាំងជូនប្រជាជនតាមក្រុមមនុស្ស នៅរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាកផ្លូវការ) ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច (។

តាមរបាយការណ៍របស់​ក្រុមហ៊ុនស៊ីនទ្រីបានឱ្យដឹងថា បុគ្គលិករបស់ខ្លួនមានចំនួន​ជាង​១២០០​នាក់ កំពុងបំរើការងារនៅក្នុងរាជធានីភ្នំពេញ។ ​

ដោយឡែក សម្រាប់ក្រុមមនុស្ស ដែលក្រសួងធ្លាប់បានចេញសេចក្ដីជូនព័ត៌មានជាហូរហែចាប់តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រួចមកហើយនោះ ហើយដែលមិនទាន់បានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ក្រសួងក៏បានសូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង នៅតាមទីតាំងនានា ដែលក្រសួងធ្លាប់បានជូនព័ត៌មានរួចហើយ ។

ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ (ដូសទី១) រួចហើយ ត្រូវទៅចាក់    វ៉ាក់សាំងជាលើកទី២ (ដូសទី២) ក្នុងរយៈពេលពី ១៤ ទៅ ២៨ថ្ងៃ (មិនឱ្យលើសពី ២៨ថ្ងៃ) បន្ទាប់ពីថ្ងៃចាក់លើក      ទី១ នៅទីតាំងដែលសាមីជនបានចាក់លើកទី១ កុំបីអាក់ខានឡើយ។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលទូទាំងប្រទេសរួមមាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកសារព័ត៌មានជាដើម គឺអ្នកចាក់លើកទី១សរុបចំនួន ១៦,៣៩០នាក់ និងអ្នកចាក់លើកទី២ សរុបចំនួន ៥២៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ