អង្គការ​អ្នក​កាសែត​​គ្មាន​​ព្រំដែន​ ស្នើ​​កម្ពុជា​​លុប​ចោល​​អនុក្រឹត្យ​​ស្តី​​ពី​​ច្រក​​ទ្វារ​​អ៊ីនធឺណិត ​

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា លុបចោល ឬមោឃភាព អនុក្រឹត្យ ស្តី​ពី «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» (National Internet Gateway​) ដោយ​បាន​ចាត់ទុក​អនុក្រឹត្យ​នេះ​ថា នឹង​ផ្តល់​ឱ្យ​អាជ្ញាធរ​កម្ពុជា រឹត​បន្តឹង និង​គ្រប់គ្រង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ពិសេស​គឺ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ 

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF​) នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន​លើកឡើង​ថា អនុក្រឹត្យស្តី​ពី «ច្រក​ទ្វារ​អ៊ីនធឺណិត» ត្រូវតែ​មោឃ​ភាព​វិញ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​អ៊ីនធឺណិតស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ។

លោក Daniel Bastard នាយក​អង្គការ​ឃ្លាំមើ​លអ្នកកាសែត​គ្មាន​ព្រំដែន​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ច បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា កម្ពុជា​បាន​បង្កើត​អនុក្រឹត្យ​នេះ ដោយ​យក​តាម​លំនាំ​ប្រទេស​ចិន «Great Firewall» ដែល​ជំនាញ​ខាង​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការឈ្លបយកការណ៍​កម្រិត​អន្តរជាតិ។ 

លោក​បន្ថែម​ថា៖ «ការបង្កើត​នូវ​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ីនធឺណិត​នេះ គឺ​ទំនងជា​សញ្ញា​នៃ​ការ​បញ្ចប់​នូវ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា និង​ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​បន្ត​ចាប់ថ្នាក់​លើ​លំហ​សេរីភាព​មួយដែល​អាច​នៅតែ​មាន​បន្ត»។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF​) គឺជា​សំឡេងមួយ​បន្ថែម​ទៀត​លើ​សំឡេង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ ចំនួន៤៦ ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​គម្រោង​ត្រួតពិនិត្យ​លើ​អ្នកប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​នេះ។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅតែ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​នូវ​អនុក្រឹត្យ​នេះ​វិញ។ លោកស្រី​ថា តាមរយៈ​អនុក្រឹត្យ​នេះ បាន​ផ្តល់​នូវ​អំណាច​ទាំងស្រុងដល់​អាជ្ញាធរ​ក្នុង​ការគ្រប់គ្រង​ចរន្ត​អ៊ីនធឺណិត​នៅ​កម្ពុជា។ 

លោកស្រី​បាន​បន្ត​ថា៖ «មានការ​ផ្តល់​នូវ​អំណាច​ដល់​អាជ្ញាធរ​ក្នុង​ការគ្រប់គ្រង​ចរន្តអ៊ីនធឺណិត​នេះ ហើយក៏​មានបញ្ញត្តិ​នៅក្នុង​មាត្រា​មួយចំនួន​ហ្នឹង ក៏បាន​ចែង​អំពី​ករណី​ដែល​រដ្ឋ​មាន​អាជ្ញាសឹក ក្នុង​ការទប់ស្កាត់ បិទ ឬផ្អាក អាជ្ញាបណ្ណ​ជាដើម​ហ្នឹង ហើយ​ពេលណា​មាន​សកម្មភាព​ទាំងឡាយ​ក្នុង​ការប្រើ​ប្រាស់​សេវា​ទាំងអស់​ហ្នឹង ដែល​ត្រូវ​បាន​គេ​យល់ថា ប៉ះពាល់​ដល់​សង្គម និង​សេចក្តី​ថ្លៃថ្នូរ និង​សន្តិសុខជាតិ​ ជាដើម»។

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ លោក Patrick Murphy បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ វី​អូ​ឌី ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ លោក​សង្ឃឹមថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួលយក​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

លោក​បាន​បន្ថែម​ថា៖ «អ៊ីនធឺណិត និង​ប្រព័ន្ធ​ឌីជីថល កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ក្នុង​ដំណើរការ​សេដ្ឋកិច្ច និង​ផ្តល់​នូវ​មធ្យោបាយ​ដើម្បឱ្យ​យើង​ទទួល​បាន​នូវ​ភាព​រីកចម្រើន​ ហើយ​ដៃគូ​មួយ​ដែល​រដ្ឋាភិបាល​គួរតែ​ពិចារណា​ក្នុង​ការ​[ជួយ​]ព្រាង​ច្បាប់ ឬធ្វើ​លិខិត​បទដ្ឋាន​នោះ ​គឺ​វិស័យ​ឯកជន»។ 

លោក មាស ប៉ូ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​បាន​បដិសេធ​អត្ថា​ធិប្បាយ​លើ​ការ​អំពាវនាវ​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ដោយ​អះអាង​ខ្លី​ថា ក្រសួង​បាន​ឆ្លើយតប​រួចហើយ​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ។ 

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ក្រសួង​ប្រៃសណីយ៍ បាន​អះអាង​ថា ការ​រៀបចំបង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិនេះ មិនបាន​ចម្លង​យក​តាម​គំរូ​ប្រទេស​ចិន​នោះ​ឡើយ ហើយ​ថា ការរៀបចំ​អនុក្រឹត្យ​នេះ​ឡើង គឺ​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូលជាតិ ដោយ​ផ្អែកលើ​គោលការណ៍​ប្រកួតប្រជែង​ស្មើភាព​និង​ស្មោះត្រង់ និង​តម្លាភាពរវាង​រដ្ឋ​និង​ប្រតិបត្តិ​ករ ព្រមទាំង​ជួយ​ទប់ស្កាត់​នូវ​ការ​លួច​តភ្ជាប់​បណ្តាញ​ឆ្លងដែន​ខុសច្បាប់ ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់ ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត រូបភាព​អាសអាភាស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ ជាដើម។

ចំណែក​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ថ្លែង​ថា ការរៀបចំ​អនុក្រឹត្យ​នេះ​ឡើង គឺជា​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ដើម្បី​ប្រមូល​និង​គ្រប់គ្រង់​ចំណូល​សម្រាប់​ជាតិ និង​គ្រប់គ្រង​ផ្នែក​បច្ចេកទេស ដើម្បី​ផ្តល់​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព។ លោក​បន្ត​ថា រដ្ឋាភិបាល​មិន​មាន​កាតព្វកិច្ច​ឆ្លើយតបទៅនឹង​ការ​ទាមទារ​ចង់បាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ​ទេ។ 

លោក​បាន​ថ្លែង​ថា៖ «អង្គការ​ក្រៅ​រដ្ឋាភិបាល ទោះ​ក្នុង​ស្រុក​ឬក្រៅ​ស្រុក គ្មាន​កាតព្វកិច្ចឬអាជ្ញាធរ​ក្នុង​ការគ្រប់គ្រង​អាជ្ញាធរ​រដ្ឋ​ទេ មានតែ​រដ្ឋាភិបាល​ទេ អាហ្នឹង​សូម​បញ្ជាក់។ ការ​សុំ​ស្នើ​នេះ គ្រាន់តែ​ជា​ការ​បញ្ចេញ​យោបល់ ក៏ប៉ុន្តែ​គ្មាន​ការទទួលខុសត្រូវ។ យើង​គ្មាន​កាតព្វកិច្ច​អ្វី​ក្នុង​ការពិចារណា ពីព្រោះ​យើង​ធ្វើតាម​លំនាំ​ តាម​ការ​គ្រប់​គ្រង​តាម​បស្ចិម​ប្រទេស​ ទាំង​ច្បាប់​ ទាំង​អ្វី​ៗទាំងអស់»។

អនុក្រឹត្យ ស្តី​ពី «ការបង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» (National Internet Gateway​) ដែល​មាន១១ជំពូក និង ១៩មាត្រា ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា​ដាក់​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី១៧ ខែកុម្ភៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ