ក្រសួង​ព័ត៌មាន​​តម្រូវ​​ឱ្យ​​អង្គភាព​​សារ​ព័ត៌មាន​​ជូន​ដំណឹង​មុន​នឹង​​បើក​​វគ្គ​​បណ្តុះ​បណ្តាល​​អ្នក​កាសែត​

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។ (ហ្វេសប៊ុក Newsroom Cambodia)

​ក្រសួងព័ត៌មាន តម្រូវ​ឱ្យ​អង្គភាព​ដែល​ធ្វើការ​លើ​វិស័យ​ព័ត៌មាន​ទាំងអស់ ត្រូវ​ជូនដំណឹង​ទៅ​ក្រសួង​ជាមុន បើ​ចង់​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដើម្បី​ឱ្យ​ស្របតាម​ក្បួនខ្នាត​ក្រមសីលធម៌ និង​មានគុណ​ភាព​ខ្ពស់។

លិខិត​ចុះ​ថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់​រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ ផ្ញើ​ទៅ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រធាន​អង្គការ​សមាគម​អ្នកសារព័ត៌មាន​ទាំងអស់ បាន​លើកឡើង​ថា​កន្លងមក​ ស្ថាប័ន​មួយ​ចំ​នួន​បាន​រៀបចំ​សិក្ខាសាលានិង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​សារព័ត៌មាន ប៉ុន្តែ​ពុំ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​អប់រំ បណ្តុះបណ្តាល​ឱ្យ​បាន​ត្រឹមត្រូវ តាម​ក្រិត្យក្រម​ក្បួនខ្នាត ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៅឡើយ​ទេ។

ករណីនេះ រដ្ឋមន្ត្រីបាន​ណែនាំ​ទៅ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការសមាគម​ទាំងអស់ ត្រូវ​ជូនដំណឹង​ជាមុនទៅ​ក្រសួងព័ត៌មាន មុននឹង​ធ្វើ​សិក្ខាសាលាឬបើក​វគ្គ​បណ្តុះបណ្តាល ដើម្បី​លើកកម្ពស់​វិស័យ​នេះ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព គុណភាព មាន​វិជ្ជាជីវៈ និង​លើកស្ទួយ​សិទ្ធិ​សេរីភាព​ខាង​ព័ត៌មាន ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន។ 

អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា និង​សោតទស្សន៍ លោក ផុស សុវណ្ណ មានប្រសាសន៍​បន្ថែម​លើ​សេចក្តី​ណែនាំ​របស់ក្រ​សួង​ថា ដើមចម​ដែល​នាំ​ឱ្យ​ក្រសួង​តម្រូវ​ឱ្យ​គ្រប់​អង្គភាព អង្គការ និង​សមាគម​អ្នកសារព័ត៌មាន ជូនដំណឹង​មុននឹង​ធ្វើ​សិក្ខាសាលា​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន។

លោ​បន្ត​ថា បើសិនជា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ មិនទាន់​មាន​វាគ្មិន​គ្រប់គ្រាន់ ក៏​ក្រសួង​នឹង​ជួយ​រក​អ្នក​បណ្តុះបណ្តាល​ឱ្យ​តាម​លទ្ធភាព​ទៀតផង។

លោក​ថា៖ «វិស័យ​ព័ត៌មាន​យើង​មាន​ច្រើនណាស់ ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ទាក់ទង​កិច្ចការ​នារី បរិស្ថាន កសិកម្ម​ផ្សេង​ៗ ខ្លាច​យើង​ធ្វើ​ក្នុង​កម្រិត​យើង ដោយ​មិនបាន​ទាក់ទង​មុន ឬយើង​ទាក់ទង​បាន​មុន​ហើយ​គ្រាន់តែ​ជូនដំណឹង​ទៅ​ក្រសួង​បាន​ជ្រាប​ទៅ ថា​ខ្ញុំ​បាន​ធ្វើ។ យើង​មាន​វាគ្មិន​ពី​ខាង​ក្រសួង​កសិកម្ម វាគ្មិន​ខាង​ក្រសួង​អប់រំ​ចូល​ហើយ ដើម្បី​ឱ្យ​វា​អស់ចិត្ត​ត្រង់ថា សិក្ខាសាលា​ដែល​យើង​រៀប វា​មានគុណ​ភាព [នេះ​ជា​]គោលបំណង​របស់ក្រ​សួង​ចង់បាន»។

លោក ផុស សុវណ្ណ បញ្ជាក់​ថា ចំពោះ​អង្គការ សមាគម និង​អង្គភាព​សារព័ត៌មាន​ដែល​មិនបាន​ជូនដំណឹង​មក​ក្រសួងមុននឹង​ធ្វើ​វគ្គ​បណ្តុះបណ្តាល​នោះ គឺ​នៅពេល​មាន​បញ្ហា​សួរនាំ​ពី​សមត្ថកិច្ចឬមាន​បញ្ហា​ប្រឈម​នានាជាដើម​នោះ ក្រសួង​មិន​ទទួលខុសត្រូវ​នោះ​ទេ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេម​បូ​ចា​) លោក ណុប វី ស្វាគមន៍​កិច្ចសហការ​ជាមួយ​ក្រសួង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួលរវាង​អង្គការ​សង្គម​ស៊ីវិល សមាគម និង​អាជ្ញាធរ​ពាក់ព័ន្ធ។

លោក​មានប្រសាសន៍​ថា៖ «ខាងយើង​នឹង​ពិចារណា​លើ​សំណើ​របស់ក្រ​សួង​ព័ត៌មាន ហើយ​យើង​អាច​នឹង​ពិនិត្យ​លទ្ធភាព ថា​តើ​យើង​អាច​រៀបចំ​មធ្យោបាយ​បែប​ណា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​យើង​ផង ហើយ​អាច​ទទួល​បាន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​បាន​ល្អ​ផង រវាង​ខាង​អង្គការ​សង្គម​ស៊ីវិលនិង​ខាង​ក្រសួងព័ត៌មាន»។

ទោះ​យ៉ាងណាក៏ដោយ លោក ណុប វី បង្ហាញ​ក្តី​បារម្ភ​លើ​ការ​ធ្វើការងារ​សហការ​ជាមួយ​ស្ថាប័នរដ្ឋ ពីព្រោះ​កន្លងមក ខេម​បូ​ចា តែងតែ​ប្រកាស​តាម​បណ្តាញ​សង្គម និង​វេ​បសាយ​របស់​ខ្លួន ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន យុវជន និង​អង្គភាព​សារព័ត៌មាន​នានា ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែរ ប៉ុន្តែស្ថាប័នរដ្ឋ​មិនសូវ​មានការ​ចូលរួម​ជាមួយ​វគ្គ​បណ្តុះបណ្តាល​នោះ​ទេ។

ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូ​ណា មានប្រសាសន៍​ថា កន្លងមក ស្ថាប័ន​នេះ មុននឹង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកសារព័ត៌មាន តែងតែ​ជូនដំណឹង​ទៅ​ក្រសួង​សា​ម៉ី និង​អញ្ជើញ​វាគ្មិន​ពី​ក្រសួងព័ត៌មាន និង​អ្នក​ឯករាជ្យ​ចូលរួម ដើម្បី​ធ្វើ​បទ​បង្ហាញ​ឱ្យ​អ្នកចូលរួម​សិក្សា​បាន​យល់​កាន់តែ​ច្បាស់​ពី​វិជ្ជាជីវៈនិង​ក្រមសីលធម៌​អ្នកសារព័ត៌មាន។

បន្ថែម​ពីនេះ លោក​ថា សេចក្តី​ណែនាំ​របស់ក្រ​សួង​ព័ត៌មាន បង្ហាញ​ពី​ផល​វិជ្ជមាននិង​អវិជ្ជមាន ដោយសារ​មាន​អង្គភាព​សារព័ត៌មាន​ខ្លះ​យល់ថា​ល្អ និង​ខ្លះ​ថា​មាន​ភាព​ស្មុគស្មាញ ព្រោះ​ត្រូវ​ជូនដំណឹង​ទៅ​ក្រសួងមុននឹង​បើក​វគ្គ​បណ្តុះបណ្តាល​នានា។ 

លោក ​ប៉ែន បូ​ណា មានប្រសាសន៍​ថា៖ «យើង​បើក​វគ្គ​បណ្តុះបណ្តាល យើង​ជូនដំណឹង​ទៅ​គាត់​[ក្រសួងព័ត៌មាន​] សុំ​គាត់​សហការ យើង​បើក​កម្មវិធី​មួយ ហើយ​យើង​អញ្ជើញ​វាគ្មិន​ម្នាក់​មក​ពី​ក្រសួង សូម​ឱ្យ​គាត់​មក​បកស្រាយ ឧទាហរ​ណ៍​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន អំពី​គោលការណ៍​របស់ក្រ​សួង​ព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា។ អវិជ្ជមាន គឺ​អាច​អង្គការ សមាគម​ខ្លះ គាត់​យល់ថា ពីមុន ហើយ​ឥលូវ​ម៉េច​មាន​អាហ្នឹង ឥលូវម៉េច​ក៏​មាន វា​អាច​ថា ជា​ការ​លូកដៃ​របស់ក្រ​សួង យើង​អាចប​កស្រាយ​ថា​អញ្ចឹង»។

អ្នកសារព័ត៌មាន​ជើងចាស់ និង​បច្ចុប្បន្ន​ជា​មន្ត្រីគម្រោង​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ពលរដ្ឋ​នៃ​អង្គការ​អន្តរជាតិ​មួយ លោក ម៉ៃ ទិត្យ​ថា​រ៉ា មានប្រសាសន៍​ថា បើសិនជា​ក្រសួងព័ត៌មានពិត​គោរព​តាម​សេចក្តី​ណែនាំ​របស់​ខ្លួន​មែន លោក​ថា​នឹង​ធ្វើ​ឱ្យ​វិស័យ​សារព័ត៌មាន​កាន់តែ​រីកចម្រើន ហើយ​អ្នក​ដែល​ចូលរួម​សិក្សា​កាន់តែ​ធ្វើការ​ប្រកបដោយ​ក្រមសីលធម៌​ល្អនិង​មាន​វិជ្ជាជីវៈ។

ផ្ទុយទៅវិញ លោក​បង្ហាញ​ក្តី​បារម្ភ​ថា បើសិនជា​អង្គការ សមាគម និង​អង្គភាព​សារព័ត៌មាន ផ្ញើ​ប្រធានបទ​ដែល​ត្រូវ​យក​ទៅ​បណ្តុះបណ្តាល ហើយ​ត្រូវ​បាន​ក្រសួង​កំណត់​ឱ្យធ្វើ​តាម​ខ្លួន​វិញ​នោះ នឹង​ធ្វើ​ឱ្យ​វិស័យ​សារព័ត៌មាន​ដើរថយក្រោយ។

លោក​មានប្រសាសន៍​ថា៖ «បើសិនជា​គាត់​ [ក្រសួង​] កំណត់​ថា អ្នកមាន​សេរីភាព ​[បណ្តុះបណ្តាល​] បាន​ត្រឹម​ប៉ុណ្ណេះ អ្នកឯង​មិន​អាច​ធ្វើអ្វី​ដែល​លើស​ពី​ក្រសួង​បាន​កំណត់ វា​មិន​ខុសពី​វាស់ដី​ឱ្យ​ដើរទេ ចង់​ឬមិន​ចង់​ វា​បាត់​អស់ហើយសេរីភាព​មួយចំនួន​របស់​យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ