រដ្ឋា​ភិបាល​​បន្ថែម​​កម្លាំង​​តាម​​ព្រំដែន​ ក្រោយ​​ឃាត់​ខ្លួន​​មនុស្ស​៦០០​នាក់​​បញ្ជូន​​ទៅ​​ធ្វើ​​ចត្តា​ឡីស័​ក​

អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ពិនិត្យ​នៅ​ទីតាំង​ដែល​បាន​រៀបចំ​ទុក​យាមកាម​និង​ទប់ស្កាត់​ការ​ឆ្លង​ចូល​របស់​ប្រជាពលករ​មក​ពី​ប្រទេស​ថៃ ដោយ​មិនបាន​អនុវត្ត​ការ​ធ្វើ​ចត្តាឡីស័​កស្របតាម​វិធានការ​សុខាភិបាល នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​)

រដ្ឋាភិបាលបាន​ដាក់​ពង្រាយ​កម្លាំង​នគរបាល​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បន្ថែម ដើម្បី​ទប់ស្កាត់​អ្នក​ឆ្លងដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្រោយពី​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ៦០០នាក់ឱ្យទៅ​ធ្វើ​ចត្តាឡីស័​កជា​បន្តបន្ទាប់។

អ្នកនាំពាក្យ​អគ្គស្នងការ​ន​គរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃនិង​វៀតណាម បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ៦០០នាក់ បញ្ជូន​ទៅកាន់​មណ្ឌល​ចត្តាឡីស័​កជា​បន្តបន្ទាប់ ដើម្បី​តាមដាន​សុខភាព។

លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់ កុំឱ្យ​មាន​អ្នក​ឆ្លងដែន​ចូល​កម្ពុជាទាំង​មិនបាន​តាមដាន​សុខភាពនិង​ធ្វើ​ចត្តាឡីស័​ក និង​ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍ រដ្ឋាភិបាលបានសម្រេច​ដាក់​ពង្រាយ​កងកម្លាំង​នគរបាល​ព្រំដែន​បន្ថែមនៅ​តាម​បន្ទាត់​ព្រំដែន។

លោក​ថា៖ «នគរបាល​ការពារ​ព្រំដែន​បាន​ពង្រាយ​កម្លាំង​បន្ថែម បោះតង់​បោះ​អី​ច្រើន​ គ្រប់​ចំណុច​ដែល​យើង​សង្ស័យ​ថា គាត់​អាច​គេចវេះ​បាន គឺ​យើង​ឆ្ការព្រៃ​ចូល ដើម្បី​បោះតង់​ចាំ​ឃាត់​គាត់ ដើម្បី​យក​ទៅ​ធ្វើ​ចត្តាឡីស័​ក ដោយ​បារម្ភ​ខ្លាច​គាត់​មកដល់​ភូមិ​ឃុំ គាត់​ចម្លង​ដល់​គេ បើ​គាត់​មាន​កូ​វីដ»។

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ មានប្រសាសន៍​ថា លំហូរ​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃចូល​កម្ពុជា​វិញ តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​នេះ បាន​កើនឡើង​ដល់ទៅ៣ដងក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​ចន្លោះ​ពី១០០នាក់ទៅ៣០០នាក់ក្នុង​មួយថ្ងៃ។

លោក​បន្ត​ថា បច្ចុប្បន្ន ទី​តាំង​ចត្តាឡីស័​កដែល​បាន​ត្រៀម​ទុក​ពេញ​អស់ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​ចំណាកស្រុក​ខ្លះត្រូវ​នៅ​ក្រោម​តង់​កៅស៊ូ​បណ្តោះអាសន្ន។

លោក​ថា៖ «យើង​មាន​តង់​សម្តេច​តេជោ​លោក​ឱ្យ ឯកឧត្តម ខេង សា​ម៉េ​ត គាត់​មក​ធ្វើ​បន្ថែម​សម្រាប់​ស្នាក់នៅ១យប់២យប់ ទម្រាំ​អ្នក​នៅក្នុង​មណ្ឌល​ដល់​ថ្ងៃ​ចេញ យើង​បញ្ចូល​ថ្មី​មកវិញ។ គេដាក់៦០តង់! ឯកឧត្តម ខេង សា​ម៉េ​ត មក​ដាក់ ឥលូវមាន៩០តង់​ច្រើន​ដែរ មួយ​តង់​ដាក់​បាន១០នាក់ គាត់​មក​ម៉ាវ៉ុលគ្នា​គាត់​ យើង​ដា​ក់​ម៉ាវ៉ុលៗ​អ៊ីចឹង​ទៅ»។

ទោះ​យ៉ាងណា លោក​ថា បច្ចុប្បន្ន ការ​ប្រមូល​ពលករ​ចំណាកស្រុក​ចូល​មណ្ឌល​ចត្តាឡីស័​ក ងាយ​ស្រួល​ជាង​មុន ដោយសារ​អាជ្ញាធរ​ថៃមួយ​រយៈ​ចុងក្រោយ​នេះ បាន​ជួយ​ដឹក​កម្មករ​មក​ទុក​នៅ​ច្រកព្រំដែន​ស្របច្បាប់ ដោយ​មិន​ទុកចោល​តាម​ព្រំដែន​ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​ប្រឈម​នឹង​ការ​ចាញ់បោក​មេខ្យល់​ដូចមុន។

កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋាភិបាលបាន​ប្រកាស​ពី​ការ​ផ្ទុះឡើង​នូវ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍​ជាថ្មី ដែល​ផ្តើម​ចេញពី​ក្លឹប​កម្សាន្ត​មួយ​កន្លែងនៅ​រាជធានី​ភ្នំពេញ ក្រោយពី​សន្តិសុខ​ម្នាក់បាន​ជួយ​ឱ្យ​ស្ត្រីជន​ជាតិចិន២នាក់ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័​ក ដោយ​មិន​គោរព​តាម​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​របស់ក្រ​សួង​សុខាភិបាល​កម្ពុជា។ ក្រោយមក ស្រ្តី​ជនជាតិ​ចិន​ទាំងពីរ​នោះត្រូវ​បាន​ធ្វើតេស្ត​ថា ​វិជ្ជមាន​វីរុស​កូ​វីដ១៩។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ដែល​ឃ្លាំមើល​បញ្ហា​អំពើពុករលួយ លោក ប៉ិច ពិសី ផ្តល់​យោបល់​ថា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​ប្រជាពលរដ្ឋ រួម​ទាំង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ចូល​សហគមន៍ អាជ្ញាធរ​ពាក់ព័ន្ធត្រូវ​ទប់ស្កាត់​កុំឱ្យ​មានការ​ទទួលសំណូកពី​អ្នក​កំពុង​តាមដាន​សុខភាពអំឡុង​ធ្វើ​ចត្តាឡីស័​ក។

លោក​ថា៖ «មើល​ទាំងអស់​ មើល​ទាំង​ការ​ចេញចូល ដោយ​អត់មាន​ការអនុញ្ញាត ការអនុវត្ត​ធ្វើ​ចត្តាឡីស័​កជាក់លាក់ ហើយ​បើសិនជា​មានការ​ស៊ីសំណូក​សូកប៉ាន់ អាហ្នឹង​ត្រូវ​មាន​យន្តការ​ត្រួតពិនិត្យ​មើល​ជាក់លាក់ កុំឱ្យ​មានការ​ហ្នឹង​កើតឡើង»។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា មានប្រសាសន៍​ថា កម្លាំង​នគរបាលបាន​ពង្រឹង​សន្តិសុខនិង​សណ្តាប់​ធ្នាប់នៅកន្លែង​ធ្វើ​ចត្តាឡីស័​ក ២៤ម៉ោង​លើ២៤ម៉ោង ចាប់តាំងពី​កម្ពុជាផ្ទុះ​ជំងឺ​នេះក្នុង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា រហូត​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ​នេះ។

លោក​ថា បច្ចុប្បន្ន កម្លាំង​នគរបាល​សរុប​ជាង៦០០នាក់ត្រូវ​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​ក្នុង​រាជធា​នី​ភ្នំពេញ ហើយ​ថា កងក​ម្លាំង​ណា​ដែល​អនុវត្ត​ផ្ទុយពី​ច្បាប់ ​នឹង​ត្រូវ​ផ្តន្ទា​ទោស។

លោក​បញ្ជាក់​ថា៖ «បើសិនជា​មាន​ករណី​ហ្នឹង​កើតឡើង ហើយ​បើ​យើង​រក​ឃើញ​ការពិត យើង​ដឹង​ថាគាត់​ប្រព្រឹត្តអ៊ីចឹង​មែន យើង​នឹង​អនុវត្ត​តាមច្បាប់ អនុក្រឹត្យ​ថ្មី​មាន​ហើយ អ៊ីចឹង​យើង​អនុវត្ត​តាម​អនុក្រឹត្យ​ហ្នឹង»។

តាម​អនុក្រឹត្យ​ថ្មី អ្នក​ដែល​គេចវេះនិង​អ្នក​គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័​ក ត្រូវ​ពិន័យ​ប្រាក់​ពី១ ០០០ ០០០រៀល​ ដល់៥ ០០០ ០០០រៀល ខណៈ​អ្នក​ដែល​នាំ​អ្នកដទៃ​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក នឹង​ត្រូវ​ពិន័យ​ពី១០ ០០០ ០០០រៀល ដល់៥០ ០០០ ០០០រៀល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ