សហគមន៍មួយនៅកំពង់ឆ្នាំងថារោងនិងត្រីក្នុងតំបន់អភិរក្សរងការបំផ្លាញ

ប្រជាពលរដ្ឋនៅជុំគ្នានៅពេលដែលមានជម្លោះករណីចាប់ត្រីកាលពីថ្ងៃទី១៩ខែកុម្ភ´:ឆ្នាំ២០២១ នៅក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ (រូបភាពដោយ ប្រជាសហគមន៍)

ប្រជាសហគមន៍មួយក្នុងខេត្តកំពង់ឆ្នាំងអំពាវនាវឲ្យអាជ្ញាធរថ្នាក់លើជួយអន្តរាគមន៍ក្រោយរោងសហគមន៍ និងត្រីក្នុងបឹងអភិរក្សធនធានធម្មជាតិ រងការបំផ្លាញហើយពួកគេថា ថ្នាក់មន្ត្រីថ្នាក់ក្រោមមិនជួយដោះស្រាយ។​

លោកស្ងួន ញឿនសកម្មជនថែរក្សាធនធានធម្មជាតិនៃសហគមន៍ឡពាងដែលស្ថិតក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងអះអាងថា រោងអភិរក្ស និងធនធានត្រីនៅក្នុងបឹងដែលសហគមន៍របស់លោកខិតខំថែរក្សាតាំងពីពេលកន្លងមកត្រូវបានប្រជាពលរដ្ឋមួយក្រុមរុះរើដុតកម្ទេចចោល។ លោកថា បានប្តឹងទៅអាជ្ញាធរដែរតែមិនមានដំណោះស្រាយទេ។​

លោក ស្ញួន ញឿនថា៖«អាជ្ញាធរមិនដែលយកចិត្តទុកដាក់ និងចាប់អាបទល្មើសទាំងអស់នឹងទេរហូតដល់ពួកអ្នកដែលប្រព្រឹត្តបទល្មើសប្រមាណបួនដប់នាក់នឹងមកដុតរោងអាពួកយើងការពារអភិរក្សនឹងចោលអស់ហើយក៏នៅតែសមត្ថកិច្ចមិនយកចិត្តទុកដាក់និងហាមឃាត់ដល់ពួកគាត់ដដែល។ គាត់មកដុតអារោងយើងចោល ហើយគាត់កាយអាសម្រះដែលយើងដាក់ការពារត្រីពូជត្រីដេលយើងប្រលែងនឹងគាត់មករើបង់ខ្ទេចខ្ទីអស់។ សមត្ថកិច្ចគឺអត់មានអន្តរាគមទេគឺយើងតេទៅគ្រប់កន្លែងទាំងអស់បានន័យថាយើងតេទៅទាំងមន្ត្រីជលផលស្រុកជលផលខេត្ត ប៉ូលីសខេត្តប៉ូលីសស្រុកទាំងអស់គឺយើងទាក់ទងអស់ហើយគាត់យកលេសថារវល់រហូតគាត់អត់មកកន្លែងកើតហេតុទេ »។

សកម្មជនរូបនេះបន្តថា ការធ្វើសកម្មភាពដុតរោងសហគមន៍នេះបានបំផ្លាញទ្រព្យសម្បត្តិរួមដែលប្រជាពលរដ្ឋមួយចំនួនបរិច្ចាគថវិកាគ្នាដើម្បីសាងសង់ និងជាពិសេសការចាប់ត្រីអភិរក្សទាំងនោះបានធ្វើឲ្យបាត់បង់ពូជត្រីដែលសហគមន៍របស់លោកខិតខំថែរក្សាជាច្រើនឆ្នាំមកនេះ ហើយលោកថាសកម្មភាពទាំងនេះអាចធ្វើឲ្យផុតពូជត្រីទាំងនោះបើអាជ្ញាធរពាក់ព័ន្ធមិនចូលរួមដោះស្រាយ។

លោកបញ្ជាក់ថា៖«ទី១គឺបាត់បង់ពូជត្រីដែលយើងខំរយៈពេលជិត៣ឆ្នាំមកនេះត្រូវគេបំផ្លាញអស់ហើយទី២រោងអភិរក្សរបស់យើងធ្វើមិនទាន់នឹងហើយផងត្រូវពួកគាត់បំផ្លាញហើយទី៣យើងឃើញថាបាត់បង់ពូជត្រីជាមិនខានទេបើសិនពួកគាត់នៅតែធ្វើរបៀបនឹងអាជ្ញាធរនៅតែបិទភ្នែកបិទច្រមុះមិនមានវិធានការទប់ស្កាត់បទល្មើសទាំងអស់ហ្នឹង»។

ចំណែកសកម្មជនថែរក្សាធនធានធម្មជាតិម្នាក់ទៀតលោក រាជ សីមា លើកឡើងថាលោកមិនបានដឹងពីគោលបំណងប្រជាពលរដ្ឋដែលដុតរោងអភិរក្ស និងចាប់ត្រីដែលសហគមន៍របស់លោកថែរក្សាទាំងនោះទេ ខណៈលោកថាការអភិរក្សបឹងនោះគឺដើម្បីជាផលប្រយោជន៍រួមនៅក្នុងសហគមន៍ដោយបឹងនោះគឺជាកម្មសិទ្ធិរបស់រដ្ឋមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។

លោកថា៖«ខ្ញុំធ្វើក្នុងនាមដើម្បីសង្គមដើម្បីប្រទេសជាតិបែរជាពួកគាត់គៀងគរគ្នាមករើសម្រះពួកខ្ញុំមកបូមរបស់ពួកខ្ញុំ។ខ្ញុំសោកស្តាយមែនទែនដែលប្រជាពលរដ្ឋមកធ្វើបាបក្រុមគ្រួសារ និងក្រុមអភិរក្សខ្នាតតូចរបស់ពួកខ្ញុំនឹង»

លោក រាជ សីមា បន្ថែមថាលោកសំណូមពរឲ្យរាជារដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមថែរក្សានូវធនធានធម្មជាតិនេះនិងណែនាំពលរដ្ឋ ជៀសវាងការខិតខំប្រឹងប្រែងថែរក្សារបស់លោក តែបែរជាត្រូវប្រជាពលរដ្ឋផ្សេងទៀតប្រព្រឹត្តបទល្មើសផ្សេងៗដែលប៉ះពាល់ដល់សហគមន៍នេះ។

លោកបន្តថា ៖«ខ្ញុំសូមសំណូមពរទៅដល់រាជរដ្ឋាភិបាលឲ្យជួយការពារនិងអភិរក្សបឹងពោធិ៍នេះដើម្បីឲ្យវាមានពូជត្រីសម្រាប់ប្រជាពលរដ្ឋគាត់រកនៅខែវស្សា និងសូមឲ្យអាជ្ញាធរថ្នាក់ក្រោមសូមឲ្យពួកគាត់ចូលរួមការពារដើម្បីសង្គមដើម្បីពលរដ្ឋខ្ញុំអត់ចង់ឲ្យថាការពារដើម្បីបំផ្លាញចឹងទេ»

លោកបញ្ជាក់ទៀតថា រណ្តៅដែលក្រុមលោកអភិរក្សមានប្រមាណជា១០រណ្តៅនៅលើផ្ទៃបឹងក្រោយទឹករីងស្ងួតដោយរណ្តៅនីមួយៗទំហំ១០ម៉ែត្រការេ ត្រូវប្រជាពលរដ្ឋមួយចំនួនបូមចាប់ត្រីអស់ទៅហើយ។

មេឃុំតាជេស លោក នួន ស៊ន បានអះអាងថាបញ្ហារវាងប្រជាពលរដ្ឋនិងសហគមឡពាងលោកមិនមានវិធានការអន្តរាគមន៍នោះទេដោយសារសហគមនោះមិនមានចុះបញ្ជីត្រឹមត្រូវហើយប្រជាពលរដ្ឋធ្លាប់អាស្រ័យផលដោយបឹងនោះតាំងពីពេលយូរកន្លងមកដែរ ហើយរូបលោកក៏ធ្លាប់បានដាក់សំណើរទៅថ្នាក់លើដែរប៉ុន្តែដោយសារតែការផ្តល់ឲ្យសហគមន៍អាចនឹងខាតបង់ប្រយោជន៍របស់ពលរដ្ឋដែលជាភាគីមានចំនួនមនុស្សច្រើន និងមានតម្រូវការខ្ពស់។

លោក នួន ស៊ន ថា៖«គាត់បង្កើតសហគមន៍នឹងខ្ញុំក៏អត់បានហត្ថលេខាទទួលស្គាល់ទៅជាសហគមន៍អីបានទេដោយសារតែខាងប្រជាពលរដ្ឋគេភាគច្រើនអាស្រ័យផលនៅក្នុងបឹង ហើយគាត់ធ្វើសហគមន៍នឹងមានតែគ្នាគាត់ប៉ុន្មាននាក់គាត់ចេះតែបង្កើតសហគមន៍មកមិនដឹងជាគាត់ទៅសុំឯណាចំពោះឃុំក៏គេអត់ហ៊ានដោយសារថាប្រជាពលរដ្ឋគេធ្លាប់ចិញ្ចឹមជីវិតគេនៅក្នុងបឹងចឹងទៅគេមិចព្រមយូរឆ្នាំមកហើយចឹង។ ខ្ញុំសំណើរទៅស្រុកទៅខេត្តអញ្ចឹងដែរតែគេថាអត់បានទេដឹងបើប្រជាពលរដ្ឋដល់ទៅ៣ភូមិគេអាស្រ័យផល បើឲ្យទៅគេៗការពារទាំងអស់ហ្នឹងចឹងប្រជាពលរដ្ឋចុះបឹងមិចកើតចឹងវាប៉ះពាល់ដល់អាគ្នាច្រើននឹង»។

លោកបង្ហើបថាការឈានដល់ការដុតរោង និងបូមចាប់ត្រីទាំងនោះគឺបណ្តាលមកពីប្រជាពលដ្ឋមួយចំនួនមិនពេញចិត្តនឹងទង្វើរបស់ភាគីសហគមន៍ដែលធ្លាប់កាប់បំផ្លាញឧបករណ៍នេសាទផ្សេងៗដូចជាសំណាញ់ និងម៉ងជាដើម។ លោកបន្ថែមថាដោយសារថ្ងៃកើតហេតុនោះលោកមានភារកិច្ចផ្ទាល់ខ្លួនមិនបានចូលរួមកន្លែងកើតហេតុ ប៉ុន្តែលោកថាសមត្ថកិច្ចដែលស្ថិតក្នុងហេតុការនោះបានប្រាប់ថាសមត្ថកិច្ចព្យាយាមហាមឃាត់ប្រជាពលរដ្ឋដែរ ប៉ុន្តែពួកគេមិនព្រមបញ្ឈប់។

ចំណែលលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងលើកឡើងថាក្រុមដែលអះអាងខ្លួនថាជាសហគមន៍នោះគួរតែសហការជាមួយអាជ្ញាធរនិងគោរពច្បាប់ដោយមិនគួរធ្វើអ្វីបំពាននឹងច្បាប់នោះទេ។

លោកថា៖«ក្រុមហ្នឹងគាត់ធ្វើអីមិនគោរពអាជ្ញាធរ… គាត់ធ្វើអីគួរគោរពច្បាប់ទៅខាងអាជ្ញាធរផងគាត់ធ្វើអីតាមអំពើចិត្តចឹងទេ វាមិនត្រូវទេគាត់មិនអាចយកបឹងមួយទៅគ្រប់គ្រងបីបួននាក់និងបង្កើតអាណាធិបតេយ្យអញ្ចឹងទេ»

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងរូបនេះអះអាងថាសហគមន៍ដែលលោកគ្រប់គ្រងមានចំនួន៦៣ ប៉ុន្តែមិនមានសហគមន៍ឡពាងនោះទេ លោកបន្ថែមថាប្រសិនបើសហគមន៍ឡពាងនោះមានច្បាប់ត្រឹមត្រូវរាល់ករណី ឬបទល្មើសផ្សេងៗខាងជលផលនឹងចូលរួមអន្តរាគមន៍។

លោកបញ្ជាក់ថា៖«បើគាត់ជាស្របច្បាប់យើងធ្វើឲ្យគាត់ហើយ បើពួកគាត់មានច្បាប់ទម្លាប់អ្នកណាមិនចង់មិចបើប្រជាពលរដ្ឋជាសហគមន៍ហើយនឹង តែគាត់វាអត់មានអីទាំងអស់ចឹងអាណាធិបតេយ្យចឹងគាត់បង្កើតតែខ្លួនឯងអីតែខ្លួនឯង»

ជាមួយគ្នានេះដែរអភិបាលស្រុកកំពុងត្រឡាចលោក សន សំអាត លើកឡើងថាលោកពុំទាន់បានដឹងពីបញ្ហាហិង្សានេះនៅឡើយទេ ហើយលោកក៏មិនអាចចូលរួមអន្តរាគមន៍ករណីនេះផងដែរដោយសារហួសដែនសមត្ថកិច្ចរបស់លោក។

លោកប្រាប់ថា៖«វាហួសពីសមត្ថកិច្ចខ្ញុំហើយដល់ពេលប្រជាពលរដ្ឋគាត់គិតធ្វើអីខ្ញុំអត់ដឹងទេ។ ឲ្យគាត់ទៅរកជំនាញទៅ រកប៉ូលិសរកអីចឹងទៅណាស់រកអ្នកណាដែលបានថ្នាក់ខេត្តថ្នាក់អីចឹងទៅ»

គួរបញ្ជាក់ផងដែរថាករណីទំនាស់បឹងពោធិ៍រវាងសហគមន៍ឡពាង និងប្រជាពលរដ្ឋនេះលោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាចធ្លាប់បានសម្រុះសម្រួលគ្នាម្តងរួចមកហើយកាលពីថ្ងៃទី១៣ ខែមករាដោយឲ្យភាគីខាងសហគមន៍រុះរើរោងចេញពីលើផ្ទៃបឹង និងប្រជាពលរដ្ឋបញ្ឈប់ការបំពានលើការចាប់ត្រីរបស់ភាគីសហគមន៍។

បើតាមលោក ស្ងួន ញឿនសកម្មជនថែរក្សាធនធានធម្មជាតិបានបញ្ជាក់ថាបឹងពោធិ៍នេះមានផ្ទៃក្រលាប្រមាណ៤៧ហិកតាដែលស្ថិតនៅជាប់ភូមិចំនួន៣ មានភូមិឡពាង ភូមិសូវង្ស និងភូមិសំរោង ដែលប្រជាពលរដ្ឋអាស្រ័យផលលើផ្ទៃបឹងធម្មជាតិមួយនេះ៕

អត្ថបទដោយ ប៉ា​ តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ