អង្គការ​​-​សមាគម ៣​ អំពាវ​នាវ​​ឱ្យ​​ទម្លាក់​​បទ​​ចោទ​​លើ​​អតីត​​អ្នក​កាសែត​ ឌឹ​ ខេម​បូ​ឌា​​ដេលី​

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព អ្នក​កាសែត​ The​ Cambodia​ Daily​។ (Ben Woods)

អង្គការ​-សមាគម​អ្នកសារព័ត៌មាន​ចំនួន៣ បាន​អំពាវនាវ​ឱ្យ​ព្រះរាជអាជ្ញា​ខេត្តរតនគិរី ពិចារណា​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​អតីតអ្នក​កា​សែត ឌឹ ខេម​បូ​ឌា​ដេលី ចំនួន២រូប។

លោក អូន ភាព និង​លោក Zsombor Peter អតីត​អ្នកកាសែត ឌឹ ខេម​បូ​ឌាដេលី ត្រូវ​បាន​តុលាការខេត្ត​រតនគិរី ចោទប្រកាន់​ពី​បទ «ញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជា​អាទិ៍» កាលពី​ចុងឆ្នាំ២០១៧ ប៉ុន្តែ​នៅ​ខែវិច្ឆិកា ឆ្នាំ២០២០ តុលាការបានសម្រេច​ទម្លាក់​ចោល​បទចោទប្រកាន់​ទៅលើ​ពួក​គេ​វិញ បន្ទាប់ពី​ភាគី​ដើមបណ្ដឹង​បាន​ដក​ពាក្យបណ្ដឹង។ តែ​យ៉ាងណា ព្រះរាជអាជ្ញា​ខេត្ត​នេះបាន​ប្តឹង​ជំទាស់​លើ​សេចក្តី​ស​ម្រេច​របស់​តុលាការខេត្ត ទៅ​សាលាឧទ្ធរណ៍។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួមរបស់​អង្គការ​-សមាគម​អ្នកសារព័ត៌មាន​ចំនួន ៣ រួមមាន មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM​) សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA​) និង​ក្លឹប​អ្នកសារព័ត៌មាន​បរទេស​នៃ​កម្ពុជា (CPCC​) នៅ​ថ្ងៃនេះ បាន​អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជាពន្លឿន​ដំណើរការ​ក្តី​ករណី​របស់​អតីត​អ្នកកាសែត ឌឹ ខេម​បូ​ឌាដេលី ពីរ​នាក់ រួមមាន លោក អូន ភាព និងលោក Zsombor Peter។ 

សេចក្តី​ថ្លែងការណ៍​ដដែលក៏បាន​ស្នើ​ដល់​ព្រះរាជអាជ្ញា​បង្ហាញ​ភស្តុតាង​ដែល​អាច​បញ្ជាក់​ថា អតីត​អ្នកកាសែត​ទាំងពីរ​នាក់​នេះមាន​ពិរុទ្ធភាព​ក្នុង​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ឬមិន​ដូច្នេះ​ទេ ពួក​គេ​ស្នើ​ឱ្យ​ព្រះរាជអាជ្ញាទម្លាក់​ចោល​ពាក្យ​បណ្តឹ​ងរ​បស់​ខ្លួន​នៅ​ឯសាលា​ឧទ្ធរណ៍ដែល​ឱ្យ​បន្ត​រឿង​ក្តី​មួយ​នេះ។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​-សមាគម​ទាំង ៣ បាន​លើកឡើង​ថា៖ «ចាប់តាំងពី​មាន​ពាក្យបណ្ដឹង​ទៅលើ​អតីត​អ្នកកាសែត​ទាំងពីរ​នាក់​ជាង​បី​ឆ្នាំ​កន្លងមក តុលាការ​នៅ​មិន​មាន​ភស្ដុ​តាង​ណាមួយដែល​បញ្ជាក់​ថា ពួក​គេ​ទាំងពីរ​មាន​កំហុសឬពិរុទ្ធភាព​នោះ​ទេ ​[…] ការ​អូស​បន្លាយ​នេះ គឺជា​គោលដៅ​នៃ​យុទ្ធនាការ​នៃ​ការ​យាយី និង​ការ​បំភិតបំភ័យ​តាមផ្លូវ​តុលាការ ដែល​មិន​មានការ​បង្ហាញ​ភស្ដុ​តាង​ផ្លូវច្បាប់​ត្រឹមត្រូវ​ឡើយ»។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​បដិសេធ​អត្ថា​ធិប្បាយ ដោយ​ប្រាប់​ថា​ជាប់រវល់។

ប៉ុន្តែ​លោក​បាន​បញ្ចេញ​ប្រតិកម្ម​តាមរយៈ​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈ​នេះ ដោយ​បាន​ចាត់ទុក​សេចក្តី​ថ្លែងការណ៍​នោះ ថា​ជា​ទម្រង់​មួយ​នៃ​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​របស់​តុលាការដែល​ជា​ស្ថាប័ន​ឯករាជ្យ​របស់​កម្ពុជា។ 

លោក​បាន​ចោទ​ជា​សំណួរ​ត្រលប់​ទៅវិញ​ថា «តើ​នៅ​ស្រុក​ណាដែល​ព្រះរាជអាជ្ញា​ត្រូវ​យក​ភស្តុតាង​នៃ​សំណុំរឿង មក​បង្ហាញ​មុននឹង​ដំណើរការ​ចោទប្រកាន់ ឬត្រូវ​រាយការណ៍​ពី​ដំណើរការ​នីតិវិធី​?»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេម​បូ​ចា លោក ណុប វី បាន​ថ្លែង​បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍​នេះ​ថា ការ​ប្តឹង​ឧទ្ធរណ៍​នេះ ជាផ្នែក​មួយទៀត​នៃ​ការ​ដាក់បន្ទុក​លើ​អ្នកកាសែត​ទាំងពីរ​នាក់ និង​ជាផ្នែក​មួយ​នៃ​ការ​បង្ហាញ​ពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ 

លោក​បន្ត​ថា សេចក្តី​ថ្លែងការណ៍​របស់​អង្គការ និង​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​នេះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះ​ទេ តែ​វា​ជាតួនាទី​របស់​អង្គការនិង​សមាគម ដើម្បី​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ 

លោក​មានប្រសាសន៍​ដូច្នេះ​ថា៖ «លោក [គឹម សន្តិភាព​] លើកឡើង​ពី​ការ​ជ្រៀតជ្រែក​នេះ តាមពិត​អង្គការ​សមាគម​យើង​ធ្វើការ​ដើម្បី​ការពារ ដើម្បី​លើកកម្ពស់ សេរីភាព វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន។ ខ្ញុំ​គិតថា យើង​ធ្វើការ​ទៅតាម​តួនាទី​របស់​ពួក​យើង ដើម្បី​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ រួម​ជាមួយនឹង​តុលាការ ​ពិចារណា​ដោយ​ផ្អែក​ទៅលើ​ច្បាប់ឬគោលការណ៍​ច្បាប់​អន្តរ​ជា​តិ​ផ្សេង​ៗ ហើយ​ជាពិសេស ​យើង​តែង​ទទូច​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន»។

គួរ​រំឭក​ថា អតីត​អ្នកកាសែត ឌឹ ខេម​បូ​ឌាដេលី លោក អូន ភាព និង​លោក Zsombor Peter ត្រូវ​បាន​តុលាការខេត្ត​រតនគីរី​ ចោទប្រកាន់​ពី​បទ «ញុះ​ញ​ង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជា​អាទិ៍» បន្ទាប់ពី​ពួក​គេ​បាន​សម្ភាស​ជាមួយ​ពលរដ្ឋ​អំពី​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៧។ ការចោទប្រកាន់​នេះត្រូវ​បាន​អង្គការ​-សមាគម​ទាំង៣នេះ​ចាត់ទុកថា ជា​ការវាយប្រហារ​ទៅលើ​អ្នកកាសែត​ដែល​បាន​ឈ្នះ​ពានរង្វាន់​ទាំងពីរ​នាក់ និង​ទៅលើ​វិជ្ជាជីវៈ​របស់​អ្នកកាសែត ក៏ដូចជា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្រោម​ការ​អះអាង​ថាជា​ការអនុវត្ត​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ