នាយក​​អង្គភាព​​សារ​ព័ត៌មាន​​ជា​​ជន​ជាតិ​​ចិន​​ម្នាក់​ ត្រូវ​​បណ្តេញ​​ចេញ​ពី​​កម្ពុជា​ ក្រោយ​​ផ្សាយ​​ថា​កម្ពុជា​​លក់​​វ៉ាក់សាំង​​កូ​វីដ​

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ក្រសួងមហាផ្ទៃ នឹង​បញ្ជូន​នាយក​សារព័ត៌មាន Angkor Today ជា​ជនជាតិ​ចិន ទៅ​ប្រទេស​ចិន​វិញ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយពី​នាយក​អង្គភាព​សារព័ត៌មាន​មួយ​នេះបាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយនៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា «កម្ពុជា​លក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ របស់​ចិន​ក្នុង​តម្លៃ១២០ដុល្លារ»

ការ​សម្រេច​របស់ក្រ​សួងបាន​ធ្វើឡើង​ក្រោយពី​ក្រសួងសុខាភិបាលបាន​ប្រតិកម្មនិង​ច្រានចោល​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Angkor Today ដែល​ពីមុន​ដាក់ឈ្មោះ​ថា Angkor Times បាន​ផ្សព្វផ្សាយ​ថា កម្ពុជា​លក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ ដែល​ជា​ជំនួយ​របស់​ចិន នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ ករណីនេះ ក្រសួងសុខាភិបាលក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ការផ្សាយ​ព័ត៌មាន​ដែល​ប្រាសចាក​ពី​ការពិត​នេះ។

ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ទិត្យ ណា​រ៉ុង ប្រាប់ ​វី​អូ​ឌី​ ថា សមត្ថកិច្ច​ខេត្តបាន​ចាប់ខ្លួន​ជនជាតិ​ចិន លោក SHEN KAIDONG ដែល​ជានា​យក​សារព័ត៌មាន Angkor Today កាលពី​ល្ងាច​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ខេត្តសៀមរាប បន្ទាប់មក​ បញ្ជូន​បុគ្គល​នោះ​ទៅ​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់។ តែ​យ៉ាងណា លោក​បដិសេធ​ឆ្លើយ​លម្អិត​ជុំវិញ​ការ​ចាប់ខ្លួន​នេះ។

យោង​តាម​ប្រកាស ស្តី​ពី ការ​បណ្តេញ​ជនបរទេស​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា របស់ក្រ​សួង​មហាផ្ទៃ នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេច​បណ្តេញ​ជនជាតិ​ចិន ឈ្មោះ SHEN KAI DONG ដែល​ជានា​យក​សារព័ត៌មាន Angkor Today ចេញពី​កម្ពុជា​ទៅ​ប្រទេស​ដើម​វិញ និង​ហាមឃាត់​ការ​ចូល​ប្រទេស​កម្ពុជា​ជាថ្មី ពាក់ព័ន្ធ​នឹងការ​ប្រព្រឹត្ត​បទល្មើស​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ថា «កម្ពុជាលក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ របស់​ចិន ​ក្នុង​តម្លៃ១២០ដុល្លារ»

ប្រកាស​ដដែលបញ្ជាក់​ថា អគ្គ​លេខា​ដ្ឋាន​អន្តោប្រវេសន៍​មាន​ភារកិច្ច​បណ្តេញ​ជនបរទេស​រូប​នោះ ចេញពី​កម្ពុជា ​ក្នុងរយៈពេល៧ថ្ងៃ​យ៉ាង​យូរ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញប្រកាស​នេះ។

វី​អូ​ឌី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពីអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​លោក ផាត សុ​ផា​និ​ត បានទេ​នៅ​ថ្ងៃនេះ។

អគ្គនាយករងនៃអគ្គនាយក​​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ លោក កៅ វណ្ណ​ថន មានប្រសាសន៍​ថា មន្ត្រីជំនាញ​កំពុង​រៀបចំ​ឯកសារ និង​ត្រៀម​បញ្ជូនលោក SHEN KAIDONG នាយក​សារព័ត៌មាន Angkor Today ទៅ​ប្រទេស​ចិន​វិញ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​ឈប់​ឱ្យ​បុគ្គល​រូប​នេះ​មក​កម្ពុជា ដោយសារ​គាត់​ប្រព្រឹត្ត​ខុសច្បាប់​អន្តោប្រវេសន៍។

លោក​មានប្រសាសន៍​ថា៖ «នៅក្នុង​ច្បាប់​អន្តោប្រវេសន៍ ​ជនបរទេសដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ ក្នុង​ច្បាប់​អន្តោប្រវេសន៍​ចង្អុល​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​បណ្តេញ​ចេញ​ជនបរទេស​ទាំងឡាយ​ណាដែល​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​សន្តិសុខជាតិ អញ្ចឹង​រដ្ឋមន្ត្រី​គាត់​មាន​សិទ្ធិ​ចេញ​សេចក្តី​ប្រកាស​បណ្តេញ​ចេញ អាហ្នឹង​ហើយ​ជា​ការអនុវត្ត​ច្បាប់»។

នៅពេល​សួរ​ថា ហេតុអ្វីបានជា​អាជ្ញាធរ​មិន​យក​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​មក​អនុវត្តលើ​រឿង​នេះ លោក កៅ វណ្ណ​ថន បកស្រាយ​យ៉ាង​ខ្លី​ថា លោក​ធ្វើតាមបញ្ជា​របស់​ថ្នាក់លើ​តែប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងព័ត៌មានក៏បាន​សម្រេច​លុបចោល​អាជ្ញា​បណ្ណ សារព័ត៌មាន Angkor Today នេះ​ដែរ ដោយ​លើក​ហេតុផល​ថា ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត និង​មាន​ចេតនា​ទុច្ចរិត ធ្វើ​ឱ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ បង្ក​ភាព​ច្របូកច្របល់ និង​ចលាចល​នៅក្នុង​សង្គម ដែល​អាច​ប៉ះពាល់​សន្តិសុខជាតិ និង​ប៉ះពាល់​ដល់​កិត្យានុភាព​រដ្ឋាភិបាល ហើយ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​ដែល​សា​ម៉ី​ខ្លួន​បាន​តម្កល់​នៅ​ក្រសួងព័ត៌មាន។ នេះ​បើ​តាម​ប្រកាស​របស់ក្រ​សួង​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ 

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេម​បូ​ចា​) លោក ណុប វី ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវជុំវិញ​ព័ត៌មាន​ដែល​ជនជាតិ​ចិន​ផ្សព្វផ្សាយ​ថា កម្ពុជា​លក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩របស់​ចិន​នេះឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន មុននឹង​មាន​វិធានការ​តាមផ្លូវ​ច្បាប់។

លោក​បន្ត​ថា បើសិនជា​អាជ្ញាធរ​រក​ឃើញថា​ជនជាតិ​ចិន​នោះបាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតមែន អាជ្ញាធរ​ត្រូវ​យកច្បាប់ស្តី​ពីរបប​សារព័ត៌មានមក​អនុវត្ត ជាជាង​យក​ក្រម​ព្រហ្មទណ្ឌ​ទៅ​អនុវត្ត ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សេរីភាព​អ្នកសារព័ត៌មាន។ 

លោក​មានប្រសាសន៍​ថា៖ «យើង​ទទូច​ឱ្យ​មានការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ មុន​ពេល​ដែល​យើង​ធ្វើការ​ចោទប្រកាន់​ទី១។ ទី២ អំពាវនាវ​ឱ្យ​មានការ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ដើម្បី​ចាត់វិធានការ ជាជាង​យើង​ប្រើប្រាស់​ច្បាប់​ស្តី​ពី​ក្រម​ព្រហ្មទណ្ឌ យក​ទៅ​ចាប់ខ្លួន​គាត់ឬក៏​ដក​អាជ្ញា​បណ្ណ​ឆាប់រហ័ស​ពេក វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​អ្នកសារព័ត៌មាននៅក្នុង​ប្រទេស​កម្ពុជា»។

គួរ​បញ្ជាក់​ថា សារព័ត៌មាន Angkor Today នេះ មានឈ្មោះ​ពីមុន​ជា Angkor Times ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ម្ចាស់​ដែល​ជា​ជនជាតិ​ចិន​តែម្នាក់ ​ឈ្មោះ លោក SHEN KAIDONG ហើយ​បច្ចុប្បន្ន​មាន​ទីស្នាក់ការ​អចិន្ត្រៃ​យិ៍​នៅ​ខេត្តសៀមរាប។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់ក្រ​សួង​សុខាភិបាល​កម្ពុជា កាលពី​ថ្ងៃម្សិលមិញ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏បាន​ក្រើនរំឭក​ដល់​ពលរដ្ឋ​ចិនដែល​កំពុង​រស់នៅ​កម្ពុជា ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ពី​ការផ្សាយ​បោកប្រាស់អំពីការ​លក់​វ៉ាក់សាំង​កូ​វីដ១៩ នា​ពេល​ថ្មី​ៗនេះ​ផង​ដែរ។

ស្ថានទូត​ចិនបន្ត​ថា ខ្លួន​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ចិនដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ថា មានការ​ផ្ញើ​សារ​ជា​ភាសា​ចិន​តាមរយៈ​ទូរសព្ទ ដែល​សរសេរ​ថា «ចំណាយ​ប្រាក់​ត្រឹមតែ ១២០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ នឹងអាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា» ហើយ​មាន​មនុស្ស​មួយចំនួន​ទៀតបាន​ផ្សព្វផ្សាយ​ជា​សាធា​រណៈ​តាម​បណ្តាញ​សង្គម «លក់​វ៉ាក់សាំង​កូ​វី​ដរ​បស់​ប្រទេស​ចិន ក្នុង​តម្លៃ ៤៥០ដុល្លារ» ផង​ដែរ។ 

ស្ថានទូត​ចិនបាន​បញ្ជាក់​ថា វ៉ាក់សាំង​កូ​វីដ១៩ ដែល​ជា​ជំនួយ​របស់​ចិន​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជាគ្រប់គ្រង​បាន​ល្អ និង​មិន​មាន​វ៉ាក់សាំង​ហូរ​ចូលក្នុង​ទីផ្សារ​ឡើយ ខណៈ​ការ​រក្សាទុកឬការ​ដឹកជញ្ជូន​វ៉ាក់សាំង​នេះ តម្រូវ​ឱ្យ​មានការ​ប្រយ័ត្ន​ប្រយែងនិង​គ្រប់គ្រង​យ៉ាង​តឹង​រ៉ឹង​បំផុត។ 

ស្ថានទូត​នេះ​បន្ថែម​ថា ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ ក៏​ត្រូវតែ​អនុវត្ត​ដោយ​អ្នកជំនាញ​ផង​ដែរ ហើយ​រាល់​ការ​ទទួល​បាន​វ៉ាក់សាំង​ណាមួយតាមរយៈ​បណ្តាញ​ក្រៅផ្លូវការ និង​ការ​ចាក់​វ៉ាក់សាំង​ដោយ​អ្នក​មិន​មាន​ជំនាញ អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាពនិង​សុវត្ថិភាព និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ