ធនាគារ​ពិភព​លោក​​​ថា​ ការ​បង្កើន​នវា​នុវត្តន៍​មាន​សារៈ​សំខាន់​ក្នុង​​​​ការ​​ស្តារ​សេដ្ឋកិច្ច​

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

ធនាគារពិភពលោក (World Bank) បាន​ជំរុញដល់បណ្តាប្រទេសក្នុង​តំបន់អាស៊ីបូព៌ា រួម​ទាំងកម្ពុជា ចាំបាច់ត្រូវតម្រែតម្រង់​ទិសគោលនយោបាយ​របស់​ខ្លួន ដោយលើកស្ទួយ​ការផ្សព្វ​ផ្សាយ​​​បច្ចេកវិទ្យាដែលមានស្រាប់ឱ្យ​កាន់តែរីកសាយភាយបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចឱ្យ​ងើបឡើងវិញក្នុងអំឡុងវិបត្តិកូវីដ១៩។

ការជំរុញនេះបានធ្វើឡើងតាមរយៈរបាយការណ៍មួយ ស្តីពី «ការ​​បង្កើន​នវានុវត្តន៍ មានសារៈសំខាន់សម្រាប់រក្សាការស្តារសេដ្ឋកិច្ចនៅអាស៊ីបូព៌ា​ឱ្យ​ងើបឡើងវិញ» ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។

របាយការណ៍របស់ធនាគារពិភពលោក បានកត់សម្គាល់ថា បណ្តាប្រទេសនៅក្នុងតំបន់​អាស៊ី​បូព៌ា រួមទាំង​​កម្ពុជា​ផង បានរក្សា​នូវកំណើន​ និង​ការ​កាត់​បន្ថយភាពក្រីក្រ​នៅ​ក្នុង​កំណត់​ត្រាមួយគួរឱ្យ​ស្ងើចសរសើរ។ ក៏ប៉ុន្តែរបាយការណ៍នេះ​​​ថា ការធ្លាក់ចុះកំណើន​ផលិត​ភាព ភាព​មិនប្រាកដប្រជាក្នុង​ពាណិជ្ជកម្ម​​ពិភព​លោក និង​ភាពជឿនលឿន​ផ្នែកបច្ចេកវិទ្យា កំពុងតែញ៉ាំងឱ្យមានភាពចាំបាច់​​​ធ្វើ​ការប្រែធាតុ​ទៅរកគំរូផលិតកម្មបែប​​ថ្មី ឬ នវានុវត្តន៍ ឱ្យ​កាន់តែប្រសើរថែមទៀត ដើម្បី​ធ្វើឱ្យសេដ្ឋកិច្ច​រក្សា​បាន​សន្ទុះទៅមុខ។

ក្នុងរបាយការណ៍ដែលចេញ​ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដដែលនេះ បានបន្ត​​ថា «នវា​នុវត្តន៍» ឬហៅថា «ការប្រែធាតុទៅរកគំរូផលិតកម្មបែបថ្មី» គឺជាសមាសភាពមួយមានសារៈ​សំខាន់ខ្លាំងសម្រាប់កំណើនផលិតភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា។ របាយការណ៍ដដែលបានផ្តល់អនុសាសន៍ដល់​​​បណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា រួមទាំង​កម្ពុជា​ផង​នោះ ចាំបាច់ត្រូវតម្រែតម្រង់ទិសគោលនយោបាយទៅលើកស្ទួយការផ្សព្វផ្សាយបច្ចេកវិទ្យាដែលមានស្រាប់ឱ្យកាន់តែសាយភាយថែមទៀត។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «ការរាតត្បាត​ជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ អមដោយ​បរិយាកាស​សកលលោកដែលប្រែប្រួលឥតឈប់ឈរ បានញ៉ាំងឱ្យមានភាពបន្ទាន់មួយសម្រាប់​រដ្ឋា​ភិបាល​នៅក្នុងតំបន់ ធ្វើ​ការ​ខិតខំបង្កើន​នវានុវត្តន៍ ឬការបង្កើតថ្មី ​ឱ្យ​បាន​ខ្លាំងក្លាថែមទៀត តាម​រយៈការ​តាក់​តែងគោលនយោបាយឱ្យកាន់តែល្អឡើង»

លោក ហាវីយេ ស៊ីរ៉េរ៉ា ដែលជាអ្នកដឹកនាំកា​រតាក់តែងរបាយការណ៍របស់ធនាគារពិភពលោក មាន​ប្រសាសន៍ថា ក្រៅពីគំរូលេចធ្លោ​មួយចំនួន ក្រុម​ហ៊ុន​ភាគច្រើន​លើសលុបនៅក្នុងតំបន់អាស៊ីបូព៌ា នៅមិនទាន់ចាប់ផ្តើមធ្វើនវានុវត្តន៍អាជីវកម្មរបស់ខ្លួន​នៅឡើយ។

លោក​ថា៖ «អាស្រ័យហេតុនេះ គេចាំបាច់ត្រូវមាន​គំរូនវានុវត្តន៍ជាលក្ខណៈទូលំទូលាយមួយ ដែលអាច​ជួយ​ជ្រោម​ជ្រែង​ដល់ក្រុម​ហ៊ុន​ច្រើន​សន្ធឹកសន្ធាប់ក្នុងការ​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ ហើយទន្ទឹមគ្នានោះ បង្កលក្ខណៈឱ្យក្រុមហ៊ុន​ដែលជឿនលឿនស្រាប់ អាចឈានទៅ​ធ្វើ​ប្រតិបត្តិការគម្រោងដែលកាន់តែមានកម្រិតជឿនលឿនខ្ពស់ថែមទៀត»

ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានកត់សម្គាល់ពី​កត្តាមួយចំនួន​ដែលរារាំងដល់ការធ្វើនវានុវត្តន៍ក្នុងតំបន់ រួមមាន កង្វះព័ត៌មាន​ស្តីពីបច្ចេកវិទ្យា​ថ្មី ភាពមិនប្រាកដប្រជា​អំពីផលដែល​គម្រោងបែប​នវានុវត្តន៍អាចផ្តល់ត្រឡប់មកវិញ សមត្ថភាពក្រុមហ៊ុនខ្សោយ បុគ្គលិកមានជំនាញមិនគ្រប់គ្រាន់ និងកង្វះខាតជម្រើសផ្នែកហិរញ្ញប្បទាន ជាដើម។

របាយការណ៍បន្តថា អ្វីដែលជាការចាំបាច់នោះ គឺ​ប្រទេសក្នុង​តំបន់គួរពង្រឹងកត្តាបំពេញ​បន្ថែមសំខាន់ៗទៀត​សម្រាប់នវានុវត្តន៍ ក្នុងនោះមានការអភិវឌ្ឍជំនាញ​របស់​ពលករ និង​ឧបករណ៍​នានាសម្រាប់​ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងនវានុវត្តន៍។

របាយការណ៍របស់ធនាគារពិភពលោកនេះ ហាក់ស្រដៀងគ្នាទៅនឹងរបាយការណ៍មួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែ​មករា ឆ្នាំ២០២១ ដែលថា «បដិវត្តន៍ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញនិងការងារនៅក្នុងប្រទេសកម្ពុជា»

របាយការណ៍នេះបានផ្តល់អនុសាសន៍ដល់អ្នកធ្វើគោលនយោបាយនៅកម្ពុជាថា កម្ពុជាគួរតែពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដូច​ជា វិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍ ជាដើម។ ក្នុងន័យនេះ ADB បាន​ផ្តល់អនុសាសន៍​ថា កម្ពុជាគួរអភិវឌ្ឍ​កម្មវិធីអប់រំនិងបណ្តុះបណ្តាលជំនាញបច្ចេក​ទេស​និងវិជ្ជាជីវៈ (TVET) ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់និងទេសចរណ៍ ដើម្បី​ជួយ​ដល់​​ការ​ផ្លាស់​ប្តូរ​ទៅ​រក​បដិវត្ត​ន៍ឧស្សាហកម្ម​ទី​៤​ (៤.០)។

លោក មាស សុខសេនសាន អគ្គ​លេខាធិការ និងជា​អ្នកនាំពាក្យក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាននិយាយ​ថា ជាទូទៅ រដ្ឋាភិបាលកម្ពុជាមាននិន្នាការរួចហើយ​ក្នុងការជំរុញបដិវត្តន៍ឧស្សាហកម្ម ៤.០។ ប៉ុន្តែការជំរុញនេះ លោកថា គឺធ្វើឡើងជាប្រព័ន្ធ មិនមែនតែមួយផ្នែកៗនោះទេ។

លោកមានប្រសាសន៍ថា៖ «វាសំខាន់ដូចខ្ញុំនិយាយអ៊ីចឹង គឺយើងរុញជាប្រព័ន្ធ មិនមែនផ្នែកមួយ ឬក្រសួងមួយទេ។ E-Government [រដ្ឋាភិបាលអេឡិចត្រូនិច] ក៏យើងរុញច្រាន ហើយប្រាកដណាស់ថា បើ E-Government ត្រូវបានរុញច្រាន អា E-Business ដែលវាកំពុងតែចាប់យកកាលានុវត្តភាពថ្មីៗនោះ ក៏ត្រូវចាប់ […] និយាយឱ្យចំទៅ ដូចខ្ញុំបាននិយាយអ៊ីចឹង ទាំងប្រព័ន្ធរដ្ឋាភិបាលនិងវិស័យឯកជនត្រូវដើរជុំគ្នា»

ចំណែកអ្នកវិភាគសេដ្ឋកិច្ច លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោ​បាយ បានថ្លែងថា កង្វះខាតធនធានមនុស្ស នឹងធ្វើឱ្យកម្ពុជាពិបាកក្នុងការដើរឱ្យទាន់នូវបដិ​វត្តន៍​ឧស្សាហកម្ម ៤.០ នេះណាស់។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំជឿថា យើងខ្វះខាតច្រើន យើងសម្បូរតែអ្នកសប្បាយៗ ចង់​សប្បាយឆាប់ៗ នាំគ្នាបរិភោគ ប៊ីយ៉េ [ស្រាបៀ] ច្រើនៗ ដើម្បីបានសប្បាយ។ បើអ្នកអ៊ីចឹងសម្បូរណាស់ តែបើអ្នកប្រឹងប្រែងធ្វើការងារដោយប្រើបញ្ញា ប្រើចំណេះដឹង ប្រើចំណេះធ្វើ ដែលទទួលបានពីការអប់រំ ពីការបណ្តុះបណ្តាលបច្ចេកវិទ្យា វិជ្ជាជីវៈអីផ្សេងៗហ្នឹង យើងនៅខ្វះខាតច្រើនណាស់»។

ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា​នៅឆ្នាំ២០២០ បាន​ធ្លាក់ចុះ -៣,១%។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​នឹង​ងើបឡើង​វិញ​ក្នុង​អត្រា​៤​% ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ