ក្រសួង​​ត្រៀម​​បញ្ជូន​​អ្នក​ជំងឺ​​កូ​វីដ១៩​ទៅ​​ខេត្ត​​ជិត​​ភ្នំពេញ​​ ព្រោះ​​មន្ទីរ​ពេទ្យ​​ក្នុង​​ក្រុង​​ពេញ​​អស់​

ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ នាថ្ងៃទី ៣០ តុលា ២០១៩ (រូបភាព៖បញ្ញា ឆពណ្ណ)​

​ក្រសួងសុខាភិបាលត្រៀម​បញ្ជូន​អ្នកជំងឺ​កូ​វីដ១៩ ទៅ​មន្ទីរពេទ្យនិង​មណ្ឌលសុខភាព​នៅ​ជាយក្រុងនិង​ខេត្ត​មួយចំនួន​ជាប់​រាជធានី​ភ្នំពេញ ខណៈ​បន្ទប់​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញដែល​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ ពេញ​អស់ ដោយសារ​អត្រា​អ្នក​ឆ្លង​កើនឡើង​លឿន។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ប្រាប់​ វី​អូ​ឌី​ នៅ​ថ្ងៃពុធ​នេះ​ថា អ្នកជំងឺ​កូ​វីដ១៩ ដែល​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ មានការ​កើនឡើង​ច្រើន ដែល​ធ្វើ​ឱ្យ​បន្ទប់​ព្យាបាល​របស់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ពេញ​អស់ មិន​មាន​បន្ទប់​សម្រាប់​ព្យាបាល​ទេ។

ករណីនេះ លោកស្រី​ថា ក្រសួង​បានសម្រេច​បញ្ជូន​អ្នកជំងឺ​មួយចំនួនទៅកាន់​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ​ខេត្តកណ្តាល និង​ត្រៀម​មន្ទីរពេទ្យ​នៅ​ខេត្ត​កំពង់ស្ពឺ​បន្ថែម​ទៀត សម្រាប់​អ្នកជំងឺ​កូ​វីដ១៩។ 

លោកស្រី​ថា៖ «វា​ពេញ​ហើយ បាន​យក​ទៅ​តាខ្មៅ រំលែក​ទៅ​នោះ​ខ្លះ មន្ទីរពេទ្យ​ជ័យ​ជំ​នះ ខេត្ត​កណ្ដាល ។ ឥលូវយើង​កំពុង​ត្រៀម​ហើយ នៅ​ខាង​កំពង់ស្ពឺ បើសិន​នៅ​នោះ​ពេញ ​[មន្ទីរពេទ្យ​ជ័យជំនះ ​ខេត្តកណ្តាល​] យើង​នឹង​បញ្ជូន​មក​កំពង់ស្ពឺ​ខ្លះ បើសិនជា​កំពង់​ស្ពឺ​ម៉េច​ៗទៀត គេ​កំពុង​រក​កន្លែង​ផ្សេង​ៗទៀត»។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខ​ភិបាល ​ចេញផ្សាយ​នៅ​ថ្ងៃពុធ ទី២៥ ខែកុម្ភៈ​នេះ ឱ្យ​ដឹង​ថា អ្នកជំងឺ​កូ​វីដ១៩ បាន​កើនឡើង​ដល់១៤២នាក់ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៥ រាជធានី​-ខេត្ត។ 

ក្រសួង​បន្ត​ថា មន្ទីរពេទ្យ​ដែល​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នោះមាន​ដូចជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ចំនួន៤៣នាក់ មណ្ឌលសុខភាព​ចា​ក់​អង្រែ​ ចំនួន៣៥នាក់ មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង និង​ហង់​សិន​ ចំនួន៤៩នាក់ និង​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំ​នះ ​ខេត្ត​កណ្ដាល​ ចំនួន៩នាក់ រួម​នឹង​សាលា​រក្សា​សន្តិភាព​ពហុ​សាស្ត្រ​កំពង់ស្ពឺ​ ចំនួន២នាក់។

នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត លោក ចាន់ វិចិត្រ មានប្រសាសន៍​ថា នៅ​មន្ទីរពេទ្យនេះ មិន​អាច​ទទួល​អ្នកជំងឺ​កូ​វីដ១៩បាន​ទៀត​ទេ ព្រោះ​បន្ទប់​សម្រាប់​ព្យាបាល​ពេញ​អស់ហើយ។

លោក​ថា៖ «ពេញ​ហើយ អត់មាន​សល់​គ្រែ​ទេ ព្រោះ​សល់​ យើង​ទុក​សម្រាប់​សង្គ្រោះ​បន្ទាន់។ នៅ​ថ្ងៃនេះ គេ​មិនទាន់​ផ្ញើ​តួលេខ​អ្នកជំងឺ​មក​ឱ្យ​ខ្ញុំ​ទេ ប៉ុន្តែ​នៅ​ថ្ងៃមុន​ ជាង៤០នាក់។ កន្លងមក យើង​ដាក់​អ្នកជំងឺ​បានតែ​ជាង១០នាក់​ទេ ដោយ​ព្រឹត្តិ​ការណ៍២០កុម្ភៈ យើង​ដក​អគារ​មួយ​សម្រាប់​ដាក់​បន្ថែម​ទៀត»។ 

ចំណែកប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង​ និង​ហង់​សិន លោក ហួត ចាន់​យុ​ដា មានប្រសាសន៍​ថា មន្ទីរពេទ្យ​របស់​លោក​អាច​ដាក់​អ្នកជំងឺ​កូ​វីដ១៩ បាន​ចំនួន៥៤នាក់​តែប៉ុណ្ណោះ ខណៈបច្ចុប្បន្ន​ អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ដល់ទៅ៥០នាក់​ហើយ។ 

លោក​ថា៖ «យើង​មិន​អាច​ទទួល​បាន​ទៀត​ទេ ដោយសារវា​ពេញ។ អ៊ីចឹង​បើសិនជា​មាន​អ្នកជំងឺ​ណា​ដែល​ចេញ យើង​អាច​ទទួល​បាន ដើម្បី​បង្គ្រប់​គ្រែ​ដែល​នៅសល់​ហ្នឹង»។

គិត​ត្រឹម​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៦៣៣នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ ចំនួន៤៧៦នាក់ និង ​អ្នកជំងឺ១៤២នាក់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ក្នុងចំណោម​អ្នកជំងឺ​ទាំង៦៣៣នាក់ អ្នក​ឆ្លង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ ចំនួន១៣៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ