រដ្ឋា​ភិបាល​​ប្តេជ្ញា​​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​ញៀន​​ក្នុង​​ឆ្នាំ​នេះ​ ដើម្បី​​កាត់​បន្ថយ​​បទ​ល្មើស​និង​​សុវត្ថិ​ភាព​​សង្គម​

គ្រឿងញៀ ដែលរឹបអូសបាន កាលពីពេលកន្លងទៅ។ រូបភាព៖ ហ៊ី ឆាយ

​រដ្ឋាភិបាលប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៦ រយៈពេល១ឆ្នាំ ដែល​អនុវត្ត​ចាប់ពី​ដើមខែ​មករា ដល់​ចុងខែ​ធ្នូ ឆ្នាំ២០២១ ដើម្បី​កាត់បន្ថយ​បទល្មើស ការពារ​សុខភាព​សាធារណៈ និង​សុវត្ថិភាព​សង្គម។

ក្នុង​ផែនការ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី១៩ ខែកុម្ភៈ​នេះ បានឱ្យ​ដឹង​ថា ក្នុង​ស្ថានភាព​ពិភពលោក​ទាំងមូលទទួលរង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ធ្វើ​ឱ្យ​សកម្មភាព​វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្ម និង​វប្បធម៌ ជួប​វិបត្តិ​ផង​ដែរ។ 

ចំណែកស្ថានភាព​បទល្មើស​គ្រឿងញៀន​វិញ រដ្ឋាភិបាលបញ្ជាក់​ថា មិន​មាន​សញ្ញា​ថមថយ​នៅឡើយ ជាពិសេស​កំណើន​គ្រឿងញៀន​សំយោគ ដូចជា មេ​តំ​ហ្វេ​តា​មីន អុិច​ស្តា​ស៊ី និង​ រក​តា​មីន ដែល​ប្រភេទ​សារធាតុ​ញៀន​ទាំងនេះ គឺជា​គោលដៅ​ងាយស្រួលក្នុង​ការ​លួចលាក់​ផលិតកែច្នៃ។

រដ្ឋាភិបាលបន្ត​ថា ពួក​ឈ្មួញទុច្ចរិត​ងាយ​ជួញដូរ និង​មាន​ទីផ្សារ​ទូលំទូលាយក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ឆ្លងកាត់​ទៅ​លក់​នៅ​ប្រទេស​ដទៃ​ជាដើម។

ករណីនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដាក់ចេញ​ផែនការស្តី​ពីយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នេះ ដើម្បី​កាត់បន្ថយ​បទល្មើស រក្សា​សណ្តាប់​ធ្នាក់​សាធារណៈ សុវត្ថិភាព​សង្គម លើកកម្ពស់​ការអភិវឌ្ឍ​ធនធាន​យុវជន​ ជាដើម។

ផែនការ​របស់​រដ្ឋាភិបាលដែល​បាន​ដាក់ចេញ​នោះ រួមមាន បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ទូទៅ ជាពិសេស​មុខសញ្ញា​រងគ្រោះនិង​ងាយ​រងគ្រោះ រៀបចំ​វេទិកា​ជួប​ជាមួយ​វិស័យ​ឯកជននិង​សប្បុរសជន ជាពិសេស​ម្ចាស់ឬអ្នកគ្រប់គ្រង​អាជីវកម្ម​ដែល​ងាយ​រង​ហានិភ័យ​នឹង​គ្រឿងញៀន និង​បង្កើន​ការស្រាវជ្រាវ ស៊ើបអង្កេត បង្ការនិង​ទប់ស្កាត់ និង​បង្ក្រាប​ការនាំចូល​ឆ្លង​កា​ត់​ជួញ​ដូរ​ឆ្លងដែនជាមួយ​ប្រទេសជិតខាង រួម​ទាំង​ការស្វែងរក​ទីតាំង​លួចលាក់ ដាំដុះ ផលិត កែច្នៃ​សារធាតុ​ញៀន​នៅក្នុង​ប្រទេស ជាពិសេស​ស្វែងរក​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន​ធំៗ។

ផែនការ​ដដែល​នោះក៏​នឹង​លើកកម្ពស់​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ ពង្រីក​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាដើម។

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​ពីអ​គ្គ​លេខាធិការ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វីរិ​ទ្ធ បានទេ។

ចំណែកអគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជី​តូ សុំ​មិន​ធ្វើការ​បកស្រាយ​ទេ ដោយ​ថា ជាប់រវល់​ប្រជុំ។

ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះដោយ​គ្រឿងញៀន​កម្ពុជា ហៅ​កាត់​ថា DARAC លោក មាស សុវណ្ណ គាំទ្រ​នឹង​វិធាន​កា​ររបស់​រ​ដ្ឋា​ភិបាល ប៉ុន្តែ​លោក​ថា ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន​បាន លុះត្រាតែ​រដ្ឋាភិបាល​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​ចាប់​មេ​ខ្លោង និង​ពង្រឹងការ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព។

លោក​មានប្រសាសន៍​ថា៖ «អត់​ចាប់បាន​មេ​ខ្លោង វា​គ្រាន់តែ​ជា​ការ​វែក​ចក​ឱ្យ​វា​វាល គ្រាន់តែ​ធ្វើ​ផ្លូវ​ដើរ។ បើ​យើង​ចាប់បាន​មេ​ខ្លោង​ បានឃើញ​ថាវា​ថយ​ចុះ​ខ្លាំង។ ចាប់បាន​មេ​ខ្លោង​ទៅ​ វា​អត់មាន​អ្នកធ្វើ​ផែនការ​ជួញដូរ​ [គ្រឿងញៀន​] ហ្នឹង​ទៀត​ទេ»។

តាម​របាយការណ៍​របស់​រាជរដ្ឋាភិបាល ចុះផ្សាយ​កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន​បញ្ជាក់​ថា ការអនុវត្ត​ផែនការ​យុទ្ធនាការ​លើក​ទី៥ កាលពី​ឆ្នាំ២០២០ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បើក​ប្រតិបត្តិ​ការ​យ៉ាងសកម្ម ដោយ​បង្ក្រាបបាន​ចំនួន ១០ ៤៦១ ករណី ឃាត់ខ្លួន​ជន​សង្ស័យ​ចំ​នួន ២១ ៥៦៦ នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ទម្ងន់ ៣ ៨៧៥,៩០ គីឡូក្រាម និង​សារធាតុគីមី​ផ្សំ​សរុប​ទម្ងន់ ៤ ៤២៥ គីឡូក្រាម រួម​ទាំង​មធ្យោបាយ សម្ភារ និង​វត្ថុ​តាង​មួយចំនួន​ធំ ដែល​ក្នុង​នោះ ករ​ណី​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗមាន​ចំនួន ៧៧ ករណី (មេ​ខ្លោង ៣១ នាក់ និង​ខ្សែរយៈ​បណ្តាញ ១២៤ នាក់​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ