កូន​អតីតមន្ត្រី​យោធា​ប្ដឹង​រដ្ឋមន្រ្តី​រឿង​មន្រ្តី​យោធា​ជាន់ខ្ពស់៤នាក់​រំលោភ​យក​ដី​នៅ​កំពង់ស្ពឺ​

មន្ត្រី​យោធា​ពីរ​រូប​ឈរ​គោរព​ទង់ជាតិ​នៅ​បរិវេណ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក ទីតាំងនៅ​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក Army Training Centre​)

កូនប្រុស២នាក់របស់​អតីត​យោធា​ថ្នាក់​ឧត្តម​សេនីយ៍​ត្រីម្នាក់ បាន​ប្ដឹង​ទៅ​រដ្ឋមន្ត្រីការពារ​ជាតិ​ ទាមទារ​ដី​កេរឪពុក​របស់​ខ្លួន ដោយ​ចោទប្រកាន់គ្រូ​ទាហាន៣នាក់ និង​នាយរង​មណ្ឌល​ទ័ពថ្មើរជើង​ម្នាក់​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​ថាបាន​រំលោភ​យក​ដី​របស់​ពួក​គេ។

លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ​នេះ បានឱ្យ​ដឹង​ថា ដើមបណ្ដឹងឈ្មោះ លាវ វ៉ិនដា និង លាវ វ៉ិនដេយ៍ ជា​កូន​របស់​អតីត​យោធា​ថ្នាក់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ បាន​ប្ដឹង​បុគ្គល​មន្ត្រី​យោធា៤នាក់ រួមមាន ​ឈ្មោះ សេក ប៊ុ​ណ្ណា, នី សុ​ភ័ក្រ, សឿង យ៉ាន និង កើត វាសនា ថា​បាន​គំរាមកំហែងនិង​រំលោភ​យក​ដី​របស់​ពួក​គេ​ទំហំជាង២ហិ​កតា ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

លិខិត​ដដែលបន្ត​ថា ដី​នោះគឺជា​មរតកដែល​បន្សល់​ពីឈ្មោះ លាវ ហ៊ត ជា​អតីតមន្ត្រី​យោធា ទុក​ឱ្យ​កូន​របស់​ខ្លួន។

កូន​អតីត​យោធា​ម្នាក់ លោក លាវ វ៉ិនដា បានឱ្យ​ដឹង​កាលពី​ថ្ងៃទី២២ ខែកុម្ភៈ​ថា មន្ត្រី​យោធា​ទាំង៤នាក់​នោះ បាន​រំលោភ​យក​ដីនិង​សង់ផ្ទះ​លើ​ដី​ឪពុក​របស់​លោក តាំងពី​ឆ្នាំ២០១៨មក។ 

លោក​បន្ត​ថា អំឡុង​ពេលនោះ លោក​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​រដ្ឋបាល​ស្រុក រដ្ឋបាល​ខេត្ត និង​តុលាការខេត្ត​កំពង់ស្ពឺ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ផង​ដែរ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី​ឡើយ ទើប​លោក​សម្រេចចិត្ត​ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឱ្យ​ជួយ​រក​ដំណោះស្រាយ។

លោកមានប្រសាសន៍​ថា៖ «[ឪពុក​ខ្ញុំ​] ពីមុន ​គាត់​ជា​យោធា ម្ចាស់ដី​ចាស់ ​[ក៏​ជា​អតីត​យោធា] ទិញដី​នោះ​ក្នុង​តម្លៃ១០០ដុល្លារ។ ប្ដឹង​គ្រាន់តែ​ចង់បាន​ដី​របស់ខ្ញុំ​ទាំងអស់​មកវិញ»។ 

លោក លាវ វ៉ិនដា បន្ថែម​ថា លោក​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​នោះតាំងពី​ឆ្នាំ២០០៦មក​ម៉្លេះ ខណៈ​មន្ត្រីយោធា​ទាំងបួន​នោះក៏​មាន​ប្លង់​កាន់កាប់​ដូចគ្នា ប៉ុន្តែ​ធ្វើ​ក្នុង​ឆ្នាំ២០១៨។

ចំណែកអតីត​ម្ចាស់ដី លោក សូ លី ជា​អតីត​អ្នកចាត់ការ​ទូទៅ​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក បានឱ្យ​ដឹង​ថា ដី​នោះ ​លោកបាន​ប្រគល់​ឱ្យទៅលោក លាវ ហ៊ត នៅ​ឆ្នាំ២០០២ ជា​ថ្នូរ​នឹង​ប្រាក់​មួយចំនួន ប៉ុន្តែ​លោក​មិនបាន​ចាំ​ច្បាស់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «កាល​ហ្នឹង​អត់មាន​ប្លង់​ទេ។ ចាប់​នៅ​រៀង​ៗខ្លួន [ប្រគល់​ឱ្យ​] ឆ្នាំ២០០២»។

ទោះជាយ៉ាងណា លោក ឈុន ឆេង នាយសេនាធិការ​រង នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក មានប្រសាសន៍​ថា ករណីនេះ​ជា​រឿង​វិវាទ​រវាង​បុគ្គល​និង​បុគ្គល ហើយ​លោក​មិនដឹង​លម្អិត​អំពី​រឿង​នេះនោះ​ទេ។

លោក​ថា៖ «ពាក់ព័ន្ធ​កិច្ចការ​ហ្នឹង ខ្ញុំ​អត់មាន​ចូល​ជ្រៅ​រឿង​នេះ​ទេ ព្រោះ​ជា​រឿង​បុគ្គល កាន់កាប់​រៀងខ្លួន។ ខាង​ទា​ហាន​គេ​ថា​របស់​គេ បុគ្គល​ដែល​ប្ដឹង​គេ​ថា​របស់​គេ អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ខាងណា​ ខ្ញុំ​ក្ដោប​អត់​បាន ខ្ញុំ​និយាយ​អត់​កើត»។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុ​ជាតិ បាន​អះអាង​ថា លោក​មិនទាន់​ដឹង​ដំណើររឿង​នេះ​នៅឡើយ ប៉ុន្តែ​លោក​នឹង​ចាត់​ក្រុមការងារ​ឱ្យ​ចុះ​ស្រាវជ្រាវ។

លោក​មានប្រសាសន៍​ថា៖ «អត់​ដឹង​ទេ! រឿង​ប្ដឹងផ្ដល់ ដល់​សួរ​តុលាការយោធា។ ចាំ​មើល​ផុត​ការងារ​បន្តិច ព្រោះ​ឥលូវរវល់​រឿង​កូ​វីដ ចាំ​ខ្ញុំ​ស្រាវជ្រាវ​ឱ្យ បែប​នៅ​ខុទ្ធ​កា​ល័យ មិនទាន់​ដល់​រដ្ឋមន្ត្រីទេ ចាំ​ឱ្យ​គេ​ស្រាវជ្រាវ​ឱ្យ។ រឿង​បុគ្គល​គាត់ ខ្ញុំ​អត់​ដឹង​ទេ យល់​យ៉ាងណា ចាំ​មើល​ឯកសារ​សិន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ