សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​ ផ្អា​ក​បើ​ក​ស​វនា​​ការ​​ទាំង​អស់​​ចាប់​ពី​​ថ្ងៃ​ស្អែក​​ដល់​​ខែ​ក្រោយ​

សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធផ្សេងៗ ឈរនៅពីមុខសាលាដំបូង ក្នុងថ្ងៃ​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកពេល​បើកសវនាការ​គ្រប់​សំណុំរឿង​ទាំងអស់ ចាប់ពី​ថ្ងៃស្អែក ដល់​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពី​កម្ពុជា​បាន​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ចូលក្នុង​សហគមន៍​ជាថ្មី​ទៀត។

ក្នុង​សេចក្ដីជូនដំណឹង​របស់​សាលា​ដំ​បូ​ងរាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ បានឱ្យ​ដឹង​ថា ការ​លើកពេល​សវនាការ​គ្រប់​សំណុំរឿង​ទាំងអស់​ដែល​បាន​គ្រោងទុក គឺ​ធ្វើឡើង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្ត​ិការណ៍​សហគមន៍«២០កុម្ភៈ»។

សេចក្ដីជូនដំណឹង​ដដែល បន្ត​ថា តុលាការ​នឹង​កំណត់​កម្មវិធី​សវនាការ​ឡើងវិញ ក្រោយពី​ស្ថានភាព​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ​នេះ បាន​ធូរស្រាល។ 

សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា បើ​ទោះបីជា​មានការ​លើកពេល​សវនាការ​ក៏ដោយ ប៉ុន្តែការ​បំពេញការងារ​រដ្ឋបាល​ប្រចាំថ្ងៃ និង​ការ​ផ្ដល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋនៅ​ដំណើរការ​ធម្មតា ដោយ​ថ្នាក់ដឹកនាំនិង​មន្ដ្រី​ទាំងអស់ត្រូវ​អនុវត្ត​នូវ​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការ​ប្រមូលផ្ដុំ និង​តាមដាន​សុខភាព​ជាប្រចាំ។

ក្នុង​អំឡុង​ពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្អាក​សវនាការ​ដែល​បាន​គ្រោងទុក​នោះ ក៏​មាន​សវនាការ​សកម្មជន​មាតា​ធម្មជាតិ ៣នាក់ ដែល​គ្រោង​ធ្វើ​បន្ត​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ និង​សវនាការ​សំណុំរឿង​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ ចំនួន៦០នាក់ ដែល​គ្រោង​ធ្វើ​បន្ត​នៅថ្ងៃទី២៥ ខែកុម្ភៈ ផង​ដែរ។

ចំណែកនៅ​ថ្ងៃទី២ ខែមីនា សវនាការ​បន្ត​លើ​សំណុំរឿង ក្រុម​យុវជន​ខ្មែរ​ថាវរៈ សមាជិកសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​និង​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បន្ត​សវនាការ​សំណុំរឿងលោក រ៉ុង ឈុន និង​យុវជន​ពីរ​នាក់ នៅ​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក៏​ត្រូវ​បាន​លើកពេល​រហូតដល់​តុលាការ​កំណត់​កម្មវិធី​សវនាការ​ឡើងវិញ​ផង​ដែរ។ 

ចំណែកអ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កណ្ដាល លោក សូ សារិ​ន មាន​ប្រាប់ ​វី​អូ​ឌី ​នៅ​ថ្ងៃនេះ​ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​សាលាដំបូង​ខេត្ត ជុំវិញ​ការប្រកាស​លើកពេល​គ្រប់​សវនាការ​ទាំងអស់​នៅឡើយ​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៥៩៣នាក់ អ្នកព្យាបាល​ជាសះស្បើយ ​ចំនួន៤៧៥នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន១១៦នាក់។ ក្នុងចំណោម​អ្នកជំងឺ​ទាំង៥៩៣នាក់ អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គន៍ «២០កុម្ភៈ» មាន​ចំនួន៩៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ