ក្រសួង​​និង WHO​ ឱ្យ​​ពលរដ្ឋ​​បង្កើន​​ការ​​ការពារ​​ខ្លួន​​ក្រោយ​​រក​​ឃើញ​​វត្តមាន​​នៃ​កូ​វីដ​១៩​បំ​ប្លែង​​ថ្មី​​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ថ្លែង​ពណ៌នា​អំពី​ស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

ក្រសួងសុខាភិបាល និង​អង្គការសុខភាព​ពិភពលោក​ បាន​ព្រមាន​ថា កូ​វីដ១៩បំប្លែងថ្មី​ដែល​ទើបត្រូវ​បាន​រក​ឃើញក្នុង​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ អាច​នឹង​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លាប់​បាន បើ​មានការ​ធ្វេសប្រហែស ដោយសារ​តែ​ការ​ចម្លង​របស់​វា​មាន​ល្បឿន​លឿនជាង​មុន​ជិត២ដង ហើយ​ថែមទាំង​ពិបាក​ព្យាបាល​ទៀតផង។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃនេះ​ថា ប៉ុន្មាន​សប្តាហ៍​មុន ក្រសួង​រក​ឃើញអ្នកធ្វើ​ដំណើរ​មក​កម្ពុជា៣នាក់ មាន​ផ្ទុក​កូ​វីដ១៩ដែ​លបំ​ប្លែង​ថ្មីនេះ លើ​ជនជាតិ​ឥណ្ឌា​ពីរ​នាក់ និង​ជនជាតិ​ចិន​ម្នាក់។

លោកស្រី​បន្ត​ថា ព្រឹត្តិ​ការណ៍«២០កុម្ភៈ»​នេះ ​ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩បំប្លែង​ថ្មី ដែល​ថា​លទ្ធផល​ទទួល​បាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​ល្ងាច​ម្សិលមិញ ដែល​លោកស្រី​ថា នេះ​ជាការ​ព្រួយបារម្ភ​មួយ សូម្បីតែ​នាយក​រដ្ឋមន្ត្រី​ក៏​មិនបាន​សម្រាក​ដែរ។

លោកស្រី​ថា៖ «កុំ​មើលស្រាល​ទៅលើ​ការ​វាយលុក​របស់​វីរុស​កូ​វីដ១៩ ជាពិសេស​អា​ប្រភេទ​អាបំប្លែង​ថ្មីនេះ​ វា​នឹងអាច​ធ្វើ​ឱ្យ​អ្នកជំងឺ​វិវត្តទៅ​រក​សេចក្តី​ស្លាប់​បាន ប្រសិនបើ​បុគ្គល​នោះមិន​ទទួល​បាន​នូវ​ការពិនិត្យ​ព្យាបាល​ទាន់ពេល​វេលា ហើយ​មានការ​ព្យាបាល​ត្រឹមត្រូវ​ពី​ក្រុម​គ្រូពេទ្យ​របស់​យើង​ទេ​នោះ»។

លោកស្រី ឱ វណ្ណ​ឌីន គូសបញ្ជាក់​ថា វី​រុ​សបំប្លែង​ថ្មីនេះឆ្លង​ក្នុង​ល្បឿនលឿនជិតពីរ​ដង​ បើ​ធៀប​នឹង​វីរុស​បច្ចុប្បន្ន ហើយ​ថា ​ការ​ព្យាបាលក៏​ពិបាក​ដូចគ្នា។

លោកស្រី​ថា៖ «ឧទាហរណ៍​ថា បើ​វីរុស​បច្ចុប្បន្ន​នេះ ​វា​ឆ្លង៤នាក់​ឬ៥នាក់ ដែល​ម្នាក់​មាន​ចម្លង៤នាក់៥នាក់​ក្នុង​ពេល​តែមួយ។ ដល់​ទៅ​អាបំ​ប្លែង​ថ្មីនេះ ​វា​ឆ្លង​ពី៧ទៅ៨នាក់​ក្នុង​ពេល​តែមួយ ​វា​ខុសគ្នា​អ៊ីចឹង ហើយ​កម្លាំង​វា​ក៏​ខ្លាំង​ដែរ ហើយដោយ​សារ​អា​ស្បែក​ប្រូតេអ៊ីន​វា​ក្រាស់ ការ​ព្យាបាល​ក៏​រាង​យ៉ាប់​ដែរ ដោយសារ​វា​អត់​ងាយ​ចាញ់​ ហើយ​វាជាប់​នៅក្នុង​កោសិកា​យើង​ហ្នឹង​ខ្លាំង»។

តំណាង​អង្គ​ការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ លោកស្រីវេជ្ជបណ្ឌិត លី អាយ​លែន មានប្រសាសន៍​ក្នុង​សន្និសីទ​នោះ​ដែរ​ថា ​អង្គការសុខភាព​ពិភពលោក​មានការ​ព្រួយបារម្ភ​ថា វា​អាច​ជា​ហានិភ័យ​សុខភាព​សាធារណៈ ដែល​តម្រូវ​ឱ្យ​គ្រប់គ្នា​ចូលរួម​ទប់ស្កាត់​នូវ​សេ​ណា​រី​យ៉ូ​អាក្រក់​បំផុត កុំឱ្យ​វា​កើតឡើង ដោយ​ថា ការ​កើតឡើង​នូវ​ទ្រង់ទ្រាយ​ធំ វា​នឹង​ប៉ះពាល់​ដល់​សុខភាពទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។ 

លោកស្រី​ថា៖ «ឥលូវនេះ​យើង​កំពុងតែ​ប្រឈម​មុខនឹង​ការ​កើតឡើង​ជា​ចង្កោម​ទ្រង់ទ្រាយ​តូច​នៅក្នុង​ស្រុក។ ប៉ុន្តែ​នាងខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា ​យើង​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍»។

លោកស្រី លី អាយ​លែន ព្រមាន​ថា បើ​មានការ​ផ្ទុះឡើង​នូវ​ករណី​ធ្ងន់ធ្ងរ​នឹង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ មន្ទីរពេទ្យ​ទទួលបន្ទុក​ធ្ងន់ធ្ងរ​ដែល​អ្នក​កើត​កូ​វីដ១៩ក៏​មិន​អាច​ព្យាបាល​បាន​ត្រឹមត្រូវ​ ហើយ​អ្នកជំងឺ​ផ្សេងទៀត​ក៏​មិន​អាច​ទួល​បាន​នូវ​សេវា​សំ​ខាន់​ៗដែល​ពួក​គេ​ត្រូវ​ទទួល​ដែរ។

អ្នកវិភាគ​សង្គម​ លោក​បណ្ឌិត សេង សារី មានប្រសាសន៍​ថា កត្តា​ចម្បង​នៃ​ការ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ពេលនេះ លោក​ថា មិនមែន​ខ្លាំង​មក​ពី​មេរោគ​កូ​វីដ១៩ទេ តែថា ​វា​បណ្តាល​មក​ពី​ភាព​ខ្វះចន្លោះ​នៃ​ការ​ពង្រឹង​វិ​ធាន​ចត្តាឡី​ស័ក ហើយ​រដ្ឋាភិបាល​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ច្រើនជាងប្រើ​វិធាន​ពង្រឹង​ប្រសិទ្ធភាព​ការពារ។

លោក​ថា៖ «ភាព​ធ្វេស​ប្រហែល​របស់​សន្តិសុខ រួម​ទាំង​អាជ្ញាធរ​ហ្នឹង វា​ជាផ្នែក​មួយ​នៃ​ការ​ធ្វេសប្រហែស​ទាំងមូល […] បើ​ទោះបី​យ៉ាងណា ​[២០កុម្ភៈ​] វា​កើតឡើង​ទៅ​ហើយ មានតែ​ពលរដ្ឋ​និង​រដ្ឋាភិបាល ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​កិច្ចការ​ហ្នឹង»។

ការ​ឆ្លង​កូ​វីដ១៩ ក្នុង​សហគមន៍​ជា​លើក​ទី៣ ត្រូវ​ក្រសួង​ប្រកាស​ឱ្យ​ដឹង​ថា​ បាន​ផ្តើម​ចេញពី​ក្លឹប​កម្សាន្ត​មួយ​នៅ​ភ្នំពេញ នា​យប់​ថ្ងៃទី២០ ខែ​កុម្ភៈ ដែល​រដ្ឋាភិបាល​ដាក់ឈ្មោះ​ថា​ជា«​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ»។

៤ថ្ងៃ​មកនេះ ក្រសួង​រក​ឃើញ​អ្នក​ឆ្លង៩៩នាក់ ហើយ​ទីតាំង៤៧នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​បាន​អាជ្ញាធរ​ផ្អាក​ធ្វើអាជីវកម្ម​បណ្តោះអាសន្ន ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធឱ្យទៅ​ពិនិត្យ​សុខភាព ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល។

តែ​យ៉ាងណា ​ក្នុង​សន្និសីទ​នោះ ក្រសួងសុខាភិបាលនៅតែ​បន្ត​អំពាវនាវ​ឱ្យ​មានការ​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​វាយលុក​ដោយ​ជំងឺ​កូ​វីដ១៩នេះ ខណៈ​ក្រសួង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ចាប់ពី​ថ្ងៃទី១០ ខែកុម្ភៈ​ ​សម្រាប់​គ្រូពេទ្យ ឥស្សរជន​នយោបាយ និង​អ្នកសារព័ត៌មាន ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ