ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ ស្នើ​តុលាការ​ចេញ​ដីកា​កោះ​ឱ្យ​លោក​ចូល​រួម​សវនាការ​

រូបលោក អាឡិច កាលពីពេលកន្លងទៅ

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិច​ហាន់​ដ្រូ ហ្គន់​សា​ឡេស ដេ​វី​ដសុន ស្នើ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញដីកាកោះ​ហៅ​រូបលោក​ចូលរួម​សវនាការ ដើម្បី​ឱ្យ​រូបលោក​បាន​តតាំង​ក្តី ពាក់ព័ន្ធ​នឹង​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការលើសំណុំរឿងរបស់លោក អាឡិច រួមជាមួយនឹងសកម្មជនបរិស្ថានចំនួន៤នាក់ទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងកញ្ញា ជា គន្ធីន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Devidson) បានប្រាប់ វីអូឌី នៅថ្ងៃនេះថា មេធាវីការពារក្ដីរូបលោកបាន​ដាក់ពាក្យសុំទៅ​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីស្នើឱ្យតុលាការ​ចេញដីការកោះឱ្យរូប​លោក​បានចូលរួមសវនាការដោយផ្ទាល់​ ប៉ុន្តែរហូតមកដល់​ថ្ងៃអង្គារនេះ តុលាការនៅមិនទាន់ឆ្លើយតបនៅឡើយ។

លោក​បានលើកឡើងថា៖ «រាល់ជនជាប់ចោទមានសិទ្ធិមានវត្តមាននៅក្នុងសវនាការ ដើម្បីការពារខ្លួនពីការចោទប្រកាន់។ ទី២ ការចោទប្រកាន់មកលើរូបខ្ញុំ ក៏ដូចជាសកម្មជនបរិស្ថានផ្សេងទៀត គឺមិនត្រឹមតែមានលក្ខណៈនយោបាយទេ ថែមទាំងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។

លោកបាននិយាយបន្ថែមថា៖ «វាជារឿងដែលអាចថាអស់សំណើចណាស់ ខ្ញុំមិនមានវត្តមាននៅខ្មែរ នេះជាខួបគម្រប់៦ឆ្នាំ ប៉ុន្តែតុលាការនៅតែរកឃើញថា ខ្ញុំនៅមានទោស។ ពីរដងហើយ លើកទី១ ចុងឆ្នាំ២០១៥ រឿងនាំចេញខ្សាច់ខុសច្បាប់ទៅសិង្ហបុរី ហើយលើកនេះគេថាខ្ញុំប្រព្រឹត្តបទល្មើសមួយសារទៀត រឿងបឹងតាមោក»។

លោក អាឡិច មើលឃើញថា ការចោទប្រកាន់ទៅលើរូបលោកនិងសកម្មជនបរិស្ថានផ្សេងទៀតនោះ ខាង​អាជ្ញាធរមិនមានភស្តុតាងច្បាស់លាស់ទេ។

ក្រៅពី​ការ​ដាក់ពាក្យសុំ​ទៅ​តុលាការ លោក អា​ឡិច បាន​លើកឡើង​ដែរ​ថា រូបលោក​ក៏បាន​ស្នើសុំ​ទិដ្ឋ​ការ​ដើម្បី​ធ្វើដំណើរ​មក​កម្ពុជា​ចូលរួម​សវនាការ​នេះ​ផង​ដែរ កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ប៉ុន្តែ​នៅ​មិនទាន់​មានការ​ឆ្លើយតប​ពី​មន្ត្រីទូត​ខ្មែរ​នៅឡើយ​ទេ។

ទោះយ៉ាងណា លោកថា លោក​​នៅតែរក្សា​​ជំហរក្នុងការចូល​​បំភ្លឺនៅចំពោះមុខតុលាការ ប្រសិនបើ​តុលាការបើកភ្លើងខៀវឱ្យ​រូបលោកចូលមកកម្ពុជានោះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះ ដោយប្រាប់ថាជាប់ប្រជុំ។

ទោះយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ​ បានប្រកាស​លើកពេលបើក​សវនាការគ្រប់សំណុំរឿង​ទាំងអស់​ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ​ ដល់​​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាបានផ្ទុះជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាថ្មីទៀត។

លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសលោកវិញ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ដែលគិតមកដល់ពេលនេះមានរយៈពេល៦ឆ្នាំមកហើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ