ក្រសួង​សុខា​ភិបាល​សម្រេច​បិទ​ទីតាំង​ក្លឹប N8 និង​កោះ​ពេជ្រ​បណ្តោះ​អាសន្ន​

ទិដ្ឋភាព​លើ​ដង​វិថី​ម្ដុំ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ (ណាត សុភាព​)

អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា រដ្ឋាភិបាលសម្រេចបិទក្លឹប N8 និងកោះពេជ្របណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ខណៈកម្ពុជារកឃើញអ្នកឆ្លងចូលសហគមន៍ជាង៣០នាក់នៅថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា ព្រឹត្តិការណ៍​ឆ្លងរាលដាល​មេរោគកូវីដ​១៩ ​នៅក្នុង​សហគមន៍​«២០​កុម្ភៈ» ​ឆ្នាំ២០២១ កម្ពុជា​រក​ឃើញ​អ្នកឆ្លង​ថ្មីចំនួន​​៣២នាក់ ហើយនៅថ្ងៃនេះដែរ រដ្ឋាភិបាលសម្រេចបិទក្លឹប N8 និងកោះពេជ្របណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកអ្នកឆ្លង ឬអ្នកសង្ស័យ ឬអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ១៩។

លោកស្រីមានប្រសាសន៍ថា៖ «សម្តេចប្រកាសព្រឹកមិញហើយ បិទបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ [រកអ្នកឆ្លង ​និងអ្នកពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ]»។

អ្នកសារព័ត៌មាន វីអូឌី បានចុះទៅដល់ក្លឹប N8 និងកោះពេជ្រ ឃើញសមត្ថកិច្ចបានដាក់របាំងបិទផ្លូវនៅតំបន់នោះមួយចំនួន ជាពិសេសផ្លូវតូច មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។ រីឯ ផ្លូវធំអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់ ប៉ុន្តែត្រូវត្រួតពិនិត្យតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩​ឱ្យមានប្រសិទ្ធភាពខ្ពស់ ពីព្រោះនៅកោះពេជ្រមានសង់រោងអាពាហ៍ពិពាហ៍ប្រហែលជា៣កន្លែងផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅព្រឹកនេះថា លោកមិនទាន់ប្រកាសបិទសាលារៀន និង ពិធីមង្គលការទេ បើពលរដ្ឋសហការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩។ ប៉ុន្តែលោកថា បើប្រជាពលរដ្ឋមិនសហការនោះ លោកនឹងជ្រើសយកការរឹតបន្តឹងការជួបជុំជាថ្មីទៀត។​

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥១៦នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន៤៧០នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ