យូ​ណេស្កូ​ បារម្ភ​​ពី​​ផល​​ប៉ះពាល់​​របស់​​គម្រោង​​ក្រុម​ហ៊ុន​ ​ណា​ហ្គា ​លើ​​គុណ​​តម្លៃ​​ឧទ្យាន​​អង្គរ​

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

​​អង្គការ​យូ​ណេស្កូ​ (UNESCO​) បង្ហាញ​ក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​រមណីយដ្ឋាន​សិប្បនិមិត្ត​មួយ​របស់​ក្រុម​ហ៊ុន ​ណា​ហ្គា​ខប (NagaCorp Ltd​) ទៅលើ​តំបន់​ឧទ្យាន​អង្គរ ក្នុង​ខេត្តសៀមរាប ខណៈ​គម្រោង​របស់​ក្រុមហ៊ុន​នេះសាងសង់​កៀក​នឹង​តំបន់​ឧទ្យាន​អង្គរ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​ណេស្កូ កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បាន​លើកឡើង​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ផែនការ​អនុវត្ត​គម្រោង​សាងសង់​រមណីយដ្ឋាន​មួយ​ដែល​មាន​ទំហំ៧៥ហិ​កតាដែល​កំពុង​ពិភាក្សា ដែល​ទីតាំង​នោះ​ស្ថិតនៅ​ជិត​តំបន់​អង្គរ។ 

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បន្ត​ថា មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេស្កូ ក៏ ទទួល​បានការ​សំណូមពរ​ជាច្រើនពី​ភាគី​ទី៣ ដែល​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ផង​ដែរ។

យូ​ណេស្កូ បាន​លើកឡើង​ទៀត​ថា នៅក្នុង​កិច្ច​ប្រជុំពេញអង្គ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស និង​អភិវឌ្ឍន៍ រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ ​(ICC​) ដែល​បាន​ប្រារព្ធ​ឡើងកាលពី​ថ្ងៃទី២៦ និង២៧ ខែមករា ក៏បាន​ពិភាក្សា​យ៉ាង​យកចិត្ត​ទុកដាក់​លើ​គម្រោង​នេះ​ផង​ដែរ ក្នុង​នោះ អ្នកជំនាញ​ក្នុង​វិស័យ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក៏បាន​បង្ហាញ​ការ​មិន​គាំទ្រ​ចំពោះ​គម្រោង​សាងសង់​នេះ​ដែរ។

អង្គការ​នេះ​បាន​លើកឡើង​ថា៖ «រយៈ​ចម្ងាយ​កៀក​គ្នា​ទៅ​នឹង​តំបន់​ការពារ ក៏ដូចជា​ទំហំ វិសាលភាព និង​ផែនការ​សកម្មភាព​របស់​គម្រោង អាច​ប៉ះពាល់​ជាក់ស្តែង​ដល់​គុណ​តម្លៃ​ជាស​កល ដែល​ប្រាសាទអង្គរវត្ត ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេស្កូ។ រួមបញ្ចូល​ទាំង​ការកំណត់​តំបន់​ទេសភាព​ជុំវិញ បរិស្ថាន និង​វត្ថុបុរាណ​ដែល​នៅ​សេសសល់ ដែល​ទាំងអស់​នេះជាផ្នែក​ដ៏​សំខាន់​មួយ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក»។

ទោះ​យ៉ាងណា យូ​ណេស្កូ​ ថាខ្លួន​កំពុង​ពិភាក្សា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដែល​បាន​និង​កំពុងធ្វើការ​ជាបន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ១៩៩២ ដើម្បី​ការពារ​តំបន់​នោះនិង​តំបន់​ជុំវិញ តាមរយៈ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​អង្គរ។ 

យូ​ណេស្កូ ក៏​បង្ហាញ​ការ​ជឿជាក់​ដែរ​ថា អាជ្ញាធរ​កម្ពុជា​នៅតែ​ប្តេជ្ញា​ចិត្ត​ពេញលេញក្នុង​ការអនុវត្ត​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ហើយនឹង​ធានា​ថា ការ​ការពារ​តម្លៃ​ជាស​កល​ដ៏​លេចធ្លោ​របស់​អង្គរ នៅតែ​ជា​ចំណុច​ស្នូល​នៃ​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្តទាក់ទង​នឹង​ទ្រព្យសម្បត្តិ​និង​តំបន់​ជុំវិញ។

កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន ណា​ហ្គា​ខប ដែល​ជា​ម្ចាស់និង​ប្រតិបត្តិ​ករ ណា​ហ្គាវើ​ល ក្នុងរា​ជធានី​ភ្នំពេញ បាន​បង្ហាញ​ផែនការ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ដែល​មិន​មាន​ល្បែង លើ​ដី​ទំហំ​៧៥ហិ​កតា ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន៣៥០លាន​ដុល្លារ នៅ​ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ៥០០ម៉ែត្រ ខាងត្បូង​តំបន់២នៃ​ឧទ្យាន​បុរាណ​អង្គរដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ 

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុម​ហ៊ុន​ ណា​ហ្គា​ខប បញ្ជាក់​ថា គោលបំណង​គម្រោង​សាងសង់​រមណីយដ្ឋាន​សិប្ប​និមិត្ត​នោះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​តំបន់​ប្រាសាទអង្គរវត្ត និង​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ទៅកាន់​ខេត្តសៀមរាប។

សេចក្តី​ប្រកាស​នោះបន្ត​ទៀត​ថា គម្រោង​នេះមានឈ្មោះ​ជា​ផ្លូវការ​ថា «បឹង​អង្គរ​ដ៏​អច្ឆ​រិយៈ» (Angkor Lake of Wonder​) ដែល​ជា​កន្លែង​កម្សាន្ត​ខ្នាត​អន្តរជាតិ និង​មាន​សណ្ឋាគារ​លំដាប់​ខ្ពស់ ឧទ្យាន​ទឹក សួនឧទ្យាន បច្ចេកវិទ្យា កន្លែង​កម្សាន្ត​តាម​ដងទឹក និង​កន្លែង​ប្រជុំ​ធ្វើសន្និសីទ និង​តាំងពិព័រណ៍​ជាដើម ដែល​គម្រោង​នេះ​គ្រោង​នឹង​ធ្វើរួចរាល់​ក្នុង​ឆ្នាំ២០២៥។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា ការសាងសង់​ទាំងអស់​នៅ​តំបន់​អង្គរ គឺ​ទាល់តែ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា។ 

លោក​ពន្យល់​ថា៖ «គេ​មានការ​ចែកមណ្ឌល​ណា​ដែល​មិន​ឱ្យ​មានការ​សាងសង់ កន្លែងណា​ដែលគេ​អនុញ្ញាត​ឱ្យ​មានការ​សាងសង់ ហើយ​ក្នុង​តំបន់​សៀមរាប​ហ្នឹង មុននឹង​សង់​អី​ត្រូវ​ឆ្លងកាត់​អាជ្ញាធរ​ជាតិ​អប្សរា គេ​អនុញ្ញាត​ហើយ ​បាន​គេ​សង់ ​[..] ពេល​គេ​ប្រជុំ​ គេដាក់​អាហ្នឹង ​[គម្រោង​]ទៅ ព្រោះ​តំបន់​អស់ហ្នឹងជា​តំបន់​យូ​ណេស្កូ​កាន់កាប់​ដែរ»។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល មានប្រសាសន៍​ថា គណៈកម្មការ​ អាយ​ស៊ី​ស៊ី​អង្គរ (ICC Angkor​) ក៏បាន​លើកយក​បញ្ហា​នេះមក​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ។

លោក​បន្ត​ថា អាជ្ញាធរ​ជាតិ​អប្សរា មាន​ឆន្ទៈ​ក្នុង​ការ​ថែរក្សានិង​ចូលរួម​ដោយ​យកចិត្ត​ទុកដាក់​បំផុត ក្នុង​ការ​រក្សា​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ។

លោក​បញ្ជាក់​ថា៖ «យើង​នឹង​មិន​ធ្វើអ្វី​មួយ​ឱ្យ​ប៉ះពាល់​ទៅដល់​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​ទេ អ្វី​ដែលគេ ​[អង្គការ​ យូ​ណេស្កូ​] បាន​លើកឡើង គឺ​គ្រាន់តែ​បង្ហាញថា គេ​មិនបាន​គាំទ្រ​ទៅលើ​គម្រោង​នេះ»។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុន ណាហ្គាខប បានទេនៅថ្ងៃសុក្រនេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់ថា រាល់​ការ​អភិវឌ្ឍឬក៏​ការសាងសង់​រមណីយដ្ឋាន​កម្សាន្ត​របស់​ក្រុមហ៊ុន​ឯកជន​ណាមួយ គួរតែ​មានការ​ពិភាក្សា​ឱ្យ​បាន​លម្អិត ជាពិសេស​ត្រូវ​សិក្សា​ផល​ប៉ះពាល់​ទៅលើ​ផ្នែក​បរិស្ថាន វប្បធម៌ និង​សង្គម ខណៈ​នៅ​តំបន់​ឧទ្យាន​អង្គរ មាន​ប្រាសាទ​ជាច្រើន និង​ត្រូវ​បាន​ដាក់​បញ្ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ 

លោក​បន្ត​ថា៖ «យើង​មិន​ប្រឆាំង​ការ​អភិវឌ្ឍ​ទេ ក៏ប៉ុន្តែ​សុំ​ឱ្យ​ការ​អភិវឌ្ឍ​ហ្នឹងធ្វើឡើង​នៅក្នុង​គោលដៅ​មួយដែល​មនុស្ស​គ្រប់គ្នា ជាពិសេស​សាធារណជន​ទទួល​បាន​ប្រយោជន៍​រួម ឱ្យ​លក្ខណៈ​យូរអង្វែង មាន​និរន្ត​រភាព ហើយ​មិន​ប៉ះពាល់​ទៅដល់​បេតិកភណ្ឌ​ពិភពលោក។ អ៊ីចឹង​គួរតែ​មានការ​ជជែកគ្នា ហើយ​ស្ដាប់​អ្នកជំនាញ​មើល​ថា តើ​គេ​គិត​យ៉ាង​ម៉េច? ហ្នឹង​ជាគោល​ការណ៍​រួម»។

លោក​ផ្តល់​ជា​យោបល់​ថា៖ «មិន​គួរ​មាន​គម្រោង​សាងសង់​ទាំងឡាយ​ណាដែល​នៅក្នុង​តំបន់​អង្គរ​ហ្នឹង​ទេ ហើយ​ជាពិសេស​គម្រោង​ដែលគេ​ [គម្រោង​ក្រុម​ហ៊ុន​ ណា​ហ្គា​ខប​] ស្នើសុំ គឺ​មាន​ចម្ងាយ​កៀក​ពេក​ទៅ​ហ្នឹង​តំបន់​អង្គរវត្ត ​[…] ខ្ញុំ​គិតថា គួរតែ​មានការ​ពិភាក្សា​លម្អិត​ជាមួយនឹង UNESCO ក៏​ដូច​ជា ICC ដែល​ធ្វើការ​រឿង​ហ្នឹង ដើម្បី​សិក្សា​ពី​លទ្ធភាព ហើយ​សំខាន់​ជាងគេគឺ​ផល​ប៉ះពាល់​ហ្នឹង។ មួយវិញទៀត ​អ្វី​ដែល​ខ្ញុំ​បារម្ភ​ខ្លាំង ដែលគេ​ហៅ​[ថា] ទំនាស់​ផ្នែក​សតិអារម្មណ៍​របស់​ពលរដ្ឋខ្មែរ ប្រសិនបើ​តំបន់​អង្គរ​ប៉ះពាល់»។

រមណីដ្ឋាន​អង្គរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា តំបន់​រមណីយដ្ឋាន​អង្គរ ឬ ឧទ្យាន​អង្គរ គ្រប​ដណ្តប់​លើ​ផ្ទៃដី៤០១គីឡូម៉ែត្រ​ការ៉េ ដែល​មាន១១២ភូមិ ២១ឃុំ​/សង្កាត់ និង៥ស្រុក​/ក្រុង ហើយ​ជា​តំបន់​មាន​ទេសភាព​វប្បធម៌ វាលស្រែ​ធំ​ល្វឹងល្វើយ ប្រាង្គ​ប្រាសាទ​លាយឡំ​ជាមួយ​ភូមិដ្ឋាន​អ្នកស្រុក​រស់នៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ