សង្គម​ស៊ីវិល​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​ទម្លាក់​ចោល​គម្រោង​ត្រួត​ពិនិត្យ​អ្នក​ប្រើ​អ៊ីនធឺណិត

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

អង្គការ​សង្គម​ស៊ីវិល​ជាតិនិង​អន្តរជាតិ​ រួមជាមួយសហគមន៍ប្រជាពលរដ្ឋចំនួន៤៦ស្ថាប័ន បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា​ទម្លាក់ចោល​អនុក្រឹត្យ​ស្តីពី​ «ការបង្កើត​ច្រកទ្វារ​អ៊ីន​ធឺ​ណិ​ត​ជាតិ​»​ដោយអះអាងថា អនុក្រឹត្យនេះបំពានសិទ្ធិអ្នកប្រើអ៊ីនធឺណិត។​

សេចក្តីថ្លែងការណ៍របស់អង្គការនិងសហគមន៍ជាតិចំនួន​៤៥ នៅថ្ងៃនេះ បានចាត់ទុកថា អនុក្រឹត្យនេះបានបំពានកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដោយ​បំពាន​មកលើ​សិទ្ធិ​តាម​បណ្តាញ​អ៊ី​ន​ធឺណិ​ត និង​ក្រៅ​ប្រព័ន្ធ​អ៊ី​ន​ធឺណិ​ត​នៅ​កម្ពុជា ជាពិសេស​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ទទួលបាន​ព័ត៌មាន​ និង​សិទ្ធិ​ឯកជន​ភាព​ ជាដើម។

រដ្ឋាភិបាល​កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ​ទើបតែបាន​ផ្សព្វផ្សាយអនុក្រឹត្យ ​ស្តីពី «ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិតជាតិ»។ អនុក្រឹត្យដែលមាន១១ជំពូក និង ២០មាត្រា​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​ត្រូវបានចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១។ អនុក្រឹត្យ​នេះ​តម្រូវ​ឱ្យមាន​ការ​ផ្តល់​របាយ​ការណ៍​ពី​អ្នក​ផ្គត់ផ្គង់​អ៊ីនធឺណិត​ដល់​រដ្ឋាភិបាល និង​ផ្តល់​ការ​សហការ​ក្នុង​ការ​ចូលរួម​បង្រ្កាប​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិនិង​សណ្តាប់ធ្នាប់សង្គមជាដើម។

យ៉ាងណាក្តី ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលទាំង៤៥ស្ថាប័ន បានចាត់ទុកថា អនុក្រឹត្យនេះនឹងសម្របសម្រួលឱ្យមានការឃ្លាំមើលនិងតាមដានសកម្មភាពតាមអ៊ីនធឺណិត ផ្តល់សិទ្ធិអំណាចដល់ការតាមដាន និងការត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធឌីជីថល និងជួយដល់ការប្រមូល ការរក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួន ដែលជាមូលដ្ឋាននាំឱ្យមានការគំរាមកំហែងដល់សិទ្ធិឯកជនភាព សេរីភាពខាងការបញ្ចេញមតិ និងទទួលបានព័ត៌មាន។ សេចក្តីថ្លែងការណ៍បន្តថា អនុក្រឹត្យនេះមានគោលបំណងដាក់ឱ្យចរាចរអ៊ីនធឺណិតអន្តរជាតិទាំងអស់នៅក្រោមអំណាចអាជ្ញាធរតែមួយ ដែលធ្វើឱ្យរដ្ឋាភិបាលកាត់បន្ថយសកម្មភាពអ៊ីនធឺណិតក្នុងប្រទេសដែលមកពីអន្តរជាតិប្រកបដោយប្រសិទ្ធភាពថែមទៀត។

ក្រៅពីអង្គការសង្គមស៊ីវិលទាំង៤៥ស្ថាប័នខាងលើនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកនៅថ្ងៃនេះ ដោយបានចាត់ទុកថា ការ​បង្កើត “ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ” របស់​រដ្ឋាភិបាល​កម្ពុជានេះ ​នឹង​អនុញ្ញាត​ឱ្យរដ្ឋាភិបាល​បង្កើន​ការឃ្លាំមើល​និង​ការត្រួតពិនិត្យ​តាម​អ៊ីនធឺណិតទៅលើអ្នកប្រើប្រាស់ ដែល​នឹង​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ឯកជនភាព​ជាដើម។

តាមរយៈសេចក្តីថ្លែងការណ៍នេះ លោក Phil Robertson នាយករងប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមសកម្មភាព ប្រឆាំងនឹងសេរីភាពអ៊ីនធឺណិត និងពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា តាមរយៈការពង្រីកការគ្រប់គ្រងរបស់រដ្ឋាភិបាលលើអ៊ីនធឺណិតក្នុងប្រទេស។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលបរទេស ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងវិស័យឯកជនដទៃទៀត ចូលរួមជំរុញឱ្យរដ្ឋាភិបាលដកអនុក្រឹត្យ​នេះវិញជាបន្ទាន់។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា នេះគឺជាសិទ្ធិនិងកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតច្រកទ្វារអ៊ីនធឺណិត ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានពន្យល់ថា គំនិតផ្តួចផ្តើមនេះនឹងជួយគ្រប់គ្រងអ្នកផ្តល់សេវាអ៊ីនធឺណិតដែលមានភាពមិនប្រក្រតី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ