ពលរដ្ឋ​ខ្មែរ​ឥស្លាម​​ជាង​១០០​នាក់​​តវ៉ា​មុខ​សាលា​ឧទ្ធរណ៍​ ខណៈ​តំណាង​ចូល​បំភ្លឺ​រឿង​ជម្លោះ​ដី​ធ្លី​

ប្រជាពលរដ្ឋខ្មែរឥស្លាមជាង១០០នាក់មកពីខេត្តកំពត បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាឧទ្ធរណ៍ ខណៈតំណាងពលរដ្ឋ៦នាក់បានចូលបំភ្លឺចំពោះមុខតុលាការ ពាក់ព័ន្ធរឿងវិវាទដីធ្លី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋខ្មែរឥស្លាមជាង១០០នាក់មកពីខេត្តកំពត បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃពុធនេះ ខណៈតំណាងពលរដ្ឋ៦នាក់បានចូលបំភ្លឺចំពោះមុខតុលាការ ពាក់ព័ន្ធរឿងវិវាទដីធ្លី។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ បានកោះហៅតំណាងពលរដ្ឋខ្មែរឥស្លាមចំនួន៦នាក់ តំណាងឱ្យ៣៤១គ្រួសារ រស់នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈនេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីមួយកន្លែង ទៅតាមបណ្តឹងរបស់បុគ្គលម្នាក់ឈ្មោះ កូ ឡះម៉ាត់ ជាពលរដ្ឋខ្មែរឥស្លាមដូចគ្នា។

ពលរដ្ឋខ្មែរឥស្លាមម្នាក់ លោក លឹម ពន្លក ប្រាប់ វីអូឌី នៅកន្លែងតវ៉ាថា បុគ្គលឈ្មោះ កូ ឡះម៉ាត់ បានគប់គិតគ្នាជាមួយអាជ្ញាធរ លួចធ្វើបណ្ណកម្មសិទ្ធិលើដីជិត១ហិកតា ដែលជាដីសម្រាប់​កប់សពរបស់សហគមន៍ខ្មែរឥស្លាមចំនួន៣៤១គ្រួសារ។

លោកបន្តថា កន្លងមក ប្រជាពលរដ្ឋធ្លាប់ប្តឹងបុគ្គលឈ្មោះ កូ ឡះម៉ាត់ ទៅសាលាដំបូងខេត្តកំពត ដោយចោទថា បានលួចធ្វើបណ្ណកម្មសិទ្ធិលើដីសហគមន៍ ហើយតុលាការខេត្តកំពតបានសម្រេចឱ្យរក្សាដីនោះជាដីរួមរបស់សហគមន៍ សម្រាប់ទុកឱ្យពលរដ្ឋខ្មែរឥស្លាមកប់សពវិញ ប៉ុន្តែត្រូវបានលោក កូ ឡះម៉ាត់ ប្តឹងជំទាស់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តកំពត ទៅសាលាឧទ្ធរណ៍។

លោកបន្ថែមថា៖ «អ៊ីចឹងពួកខ្ញុំសំណូមពរដល់តុលាការ ក៏ដូចជាសម្តេច ជួយអន្តរាគមន៍ដោះស្រាយឱ្យបានដីហ្នឹងឱ្យពួកខ្ញុំទុកសម្រាប់បញ្ចុះសពតទៅទៀត។ ពួកខ្ញុំអត់ចង់បានធ្វើជាកម្មសិទ្ធិដូចគាត់ទេ ចង់បានទុកជាដីរួមរបស់សហគមន៍ ព្រោះគាត់លួចធ្វើប្លង់រឹងមិនឱ្យពួកខ្ញុំដឹងទេ ជាមួយអាជ្ញាធរក្នុងភូមិ»។

ពលរដ្ឋខ្មែរឥស្លាមម្នាក់ទៀត លោក តុ គង់ និយាយថា ដំបូងឡើយ ដីសហគមន៍ដែលទុកសម្រាប់កប់សពតាំងពីឆ្នាំ១៩៧៩មកនោះ មានទំហំ ៦ ៥០៦ ម៉ែត្រការ៉េ ប៉ុន្តែក្រោយមកត្រូវបានលោក កូ ឡះម៉ាត់ គប់គិតជាមួយអាជ្ញាធរមូលដ្ឋាន លួចលក់អស់ប្រហែល ១ ០០០ ម៉ែត្រការ៉េ។

លោកបន្ថែមថា៖ «ឥលូវគាត់លួចលក់អស់ជាង១ ០០០ម៉ែត្រការ៉េហើយ ហើយពេលគាត់លក់ យើងក៏អត់ដឹង ហើយពេលគាត់លួចធ្វើប្លង់ ក៏យើងអត់ដឹង»។

វីអូឌី មិនអាចរកការឆ្លើយតបពីលោក កូ ឡះម៉ាត់ ដែលរងការចោទពីប្រជាពលរដ្ឋថាគប់គិតលួចលក់ដីសហគមន៍នោះបានទេ នៅថ្ងៃពុធនេះ។

មេភូមិតាដិប លោក ជាម យើម និយាយថា លោក កូ ឡះម៉ាត់ ពិតជាបានលួចធ្វើបណ្ណកម្មសិទ្ធិលើដីកប់សពរបស់សហគមន៍ពិតមែន។ លោកបន្តថា រូបលោកនិងមេឃុំ មិនជាប់ពាក់ព័ន្ធរឿងនេះទេ និងមិនបានចុះហត្ថលេខាលើបណ្ណកម្មសិទ្ធិនោះដែរ។

លោកបន្ថែមថា៖ «ខ្ញុំអត់ដឹងទេរឿងហ្នឹង! ការវាស់វែងកាលណោះ ខ្ញុំរវល់ជាប់ប្រជុំ។ អ្នកគប់គិតមានតែសុរិយោដី និងលោក កូ ឡះមាត់ ហ្នឹងឯង»។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក យិន វុឌ្ឍ សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ដោយបង្វែរឱ្យទៅសួរខាងអាជ្ញាធរភូមិឃុំវិញ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងមនុស្ស នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត បានជំរុញដល់តុលាការឱ្យស្រាវជ្រាវនិងសម្រេចសេចក្តីដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះឬបាត់បង់ផលប្រយោជន៍ពិតប្រាកដ។

អ្នកការពារសិទ្ធិមនុស្សរូបនេះបន្តថា កន្លងមក មានការក្លែងបន្លំឯកសារគប់គិតគ្នារំលោភយកដីរដ្ឋនិងដីសហគមន៍ជាច្រើនករណី ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ ហើយលោកថា កន្លងមក រដ្ឋាភិបាល ក៏បានចាត់វិធានការលើមន្ត្រីខិលខូចមួយចំនួនពាក់ព័ន្ធបញ្ហាដីធ្លីនេះដែរ។

លោកបន្ថែមថា៖ «នេះវាជាបញ្ហាមួយដែលយើងឃើញមន្ត្រីមួយចំនួនបានគប់គិតគ្នា ដោយបានចេញប្លង់មិនត្រឹមត្រូវ ហើយធ្វើឱ្យប៉ះពាល់ដល់នីតិវិធីដល់ការចេញប្លង់ហ្នឹង។ អាហ្នឹងកន្លងមក ដូចជាធ្លាប់មានការដកចេញ និងមានវិធានការមួយចំនួន ហើយដូចនៅខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត»។

ទោះយ៉ាងណា សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមពាក់ព័ន្ធសំណុំរឿងវិវាទដីធ្លីនេះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ