យុវជន​​កំពុង​​ជាប់​ឃុំ​​ថា​​ការ​​ទាមទារ​​ឱ្យ​​ដោះ​លែង​​លោក​ រ៉ុង​ ឈុន​ ធ្វើ​ឡើង​​ដោយ​ស្ម័គ្រចិត្ត

អ្នកនាង ឈឿន ដារ៉ា​វី (កោរសក់​) និង​អ្នកជាប់ចោទ​ផ្សេងទៀត ឡើងឡាន​ចាកចេញ​ក្រោយ​បញ្ចប់​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (អ៊ូច សូ​នី​)

យុវជននិង​អតីត​សកម្មជន​បក្ស​ប្រឆាំងដែល​កំពុង​ជាប់ឃុំ​ក្នុង​សំណុំរឿង​«ញុះញង់» អះអាង​ថា ការចូលរួម​តវ៉ា​ទាមទារ​ឱ្យ​មានការ​ដោះលែងលោក រ៉ុង ឈុន កន្លងមក ធ្វើឡើង​ដោយស្ម័គ្រចិត្ត ព្រោះ​ពួក​គេ​យល់ថា ការ​ចាប់ខ្លួន​ប្រធាន​សហជីព​រូប​នេះ​ជា​រឿង​អយុត្តិធម៌។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអង្គារ​នេះ បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង «ផ្តើម​គំនិត​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​មាន​ជនជាប់ចោទ​ចំនួន១៥នាក់ រួមមាន យុវជន​ខ្មែរ​ថាវរៈ ៥នាក់ សមាជិកសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ២នាក់ និង​សមាជិក សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៧នាក់ រួម​នឹង​អតីត​សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ម្នាក់។

ក្នុង​សវនាការនៅ​ថ្ងៃនេះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិ​តសុទ្ធី បូរ៉ា​ឆាត បាន​ចោទសួរ​ទៅ​សកម្មជន​អតីត​បក្ស​ប្រឆាំង ឈ្មោះ​ ជុំ វុទ្ធី និង​ឈ្មោះ គង់ សំ​អាន ជុំវិញ​ការចូលរួម​តវ៉ាកាលពីដើម​ខែសីហា ឆ្នាំ២០២០ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ដោះលែងលោក រ៉ុង ឈុន មេដឹកនាំ​សហជីព និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា។

អតីត​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ ខេ​ត្ត​ត្បូង​ឃ្មុំ មក​ពីអ​តី​តគណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំ​អាន បាន​ប្រាប់​ចៅក្រម​ថា គាត់​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋយក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​អង់គ្លេសនិង​ស្ថានទូត​មួយចំនួន​ទៀត គឺ​ធ្វើឡើង​ដោយស្ម័គ្រចិត្ត មិន​ជាប់ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​ប្រឆាំង​នោះ​ទេ។

លោក គង់ សំ​អាន បញ្ជាក់​ថា មូលហេតុ​គាត់​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ ដោយ​យល់ថា ការ​តវ៉ា​ទាំងនោះមិន​មាន​អ្វី​ខុសច្បាប់ និង​ជា​សិទ្ធិ​សេរីភាព​ដែល​មាន​ធានា​ដោយ​ច្បាប់។

លោក គង់ សំ​អាន និយាយ​ថា៖ «ខ្ញុំ​គិតថា ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ អត់មាន​អី​ខុសឆ្គង​ទេ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​ជាស​មា​ជិ​កស​មា​គម​គ្រូបង្រៀន​ឯករាជ្យ​ដែរ។ ការ​តវ៉ា​របស់ខ្ញុំ ក៏​គ្មាន​មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​បញ្ជា​ដែរ»។

ក្រោយពី​សួរដេញដោល​សកម្មជន​អតីត​បក្ស​ប្រឆាំង លោក ជុំ វុទ្ធី និង​លោក គង់ សំ​អាន លោក​ចៅក្រម ទិ​តសុទ្ធី បូរ៉ា​ឆាត បានឱ្យ​ឆ្មាំ​ពន្ធនាគារ​យក​អនុប្រធាន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្ម​មុនី មក​ក្នុង​សវនា​ការ ដើម្បី​សួរ​បន្ត ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែងលោ​ក រ៉ុង ឈុន ដែរ។ 

លោក មាន ព្រហ្ម​មុនី បាន​ប្រាប់​ទៅ​ចៅក្រម​ថា នៅ​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ រូបលោក​បាន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ថតរូបនិង​ធ្វើការ​ឡាយ​វីដេអូ​ពី​សកម្មភាព​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែងលោក រ៉ុង ឈុន ហើយ​ការចូលរួម​របស់​លោក​នៅមុខ​តុលាការ​ គ្មាន​អ្នកណា​បញ្ជាឬផ្ដល់​ថវិកា​ឱ្យ​នោះ​ទេ។ 

លោក មុ​ន្នី រៀបរាប់​បន្ត​ថា ក្រៅពីនោះ លោក​ក៏​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ទីលាន​ប្រជាធិបតេយ្យ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នោះ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​យុត្តិធម៌​ឱ្យ​លោក រ៉ុង ឈុន តែប៉ុណ្ណោះ ប៉ុន្តែ​សាលា​រាជធានី​មិន​អនុញ្ញាត។

លោក​ថា៖ «ខ្ញុំ​គិតថាជា​សេរីភាព ណាមួយ​អត់មាន​ច្បាប់​ហាមឃាត់​ទេ ​[…] សារ​ហ្នឹង​ខ្ញុំ​ចង់​បង្ហាញ​សាធារណជន​បានដឹង​ពី​ភាព​អយុត្តិធម៌។ ការ​ធ្វើ​នេះអត់មាន​អ្នកនយោបាយ​ណា​ចូលរួម​ទេ គឺ​ធ្វើតាម​ឆន្ទៈ ហើយ​បាយទឹក និង​ការ​ធ្វើដំណើរ​ ចេញលុយ​ផ្ទាល់ខ្លួន​ឯង»។ 

លោក មាន ព្រហ្ម​មុ​នី បញ្ជាក់​ថា ការ​តវ៉ា​របស់​គាត់និង​ពលរដ្ឋ​ផ្សេងទៀតមិនបាន​បង្ក​ភាព​វឹកវរ​ដល់​សង្គមជាតិ​ឡើយ ព្រោះ​ការ​តវ៉ា​នេះធ្វើឡើង​ដោយសន្តិវិធី។

ក្រោយពី​សួរដេញដោល​ពេញ​មួយ​ព្រឹក ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិ​តសុទ្ធី បូរ៉ា​ឆាត បានសម្រេច​ផ្អាក​សវនាការ ដោយ​នឹង​បន្ត​នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ទៀត។

ក្នុងចំណោម​មនុស្ស១៥នាក់ដែល​តុលាការ​បាន​បើកសវនាការ​នៅ​ថ្ងៃនេះ គឺ​មាន១០នាក់កំពុង​ជាប់ឃុំ ដូចជា យុវជន ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ា​វី លោក មាន ព្រហ្ម​មុនី លោក មួង សុ​ភ័ក្រ្ត លោក កើត សារ៉ាយ លោក ថា ឡា​វី និង​កញ្ញា អេង ម៉ាឡៃ ជាដើម។ 

ចំណែក​មនុស្ស៥នាក់​ទៀតដែល​ជាម​ន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង កំពុង​ស្ថិតនៅ​ក្រៅប្រទេស មាន​ជាអាទិ៍ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក គង់ សភា និង​អតីត​សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ម្នាក់ លោក ហុង លីម។ ពួក​គេ​ជាប់ចោទ​ពី​បទ «ផ្តើម​គំនិត​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ