រដ្ឋ​មន្ត្រី​​សាធារណ​ការ​​ស្ដី​បន្ទោស​​មន្ត្រី​​ជុំវិញ​​ការ​ស្ថាបនា​​ផ្លូវ​​គ្មាន​​គុណ​ភាព​

ពលរដ្ឋ​ធ្វើ​ដំណើរតាម​យាន​ជំនិះ​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៣ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២០។ (ឆពណ្ណ បញ្ញា)

​រដ្ឋមន្ត្រី​ក្រសួង​សាធា​រណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់​ថុល នៅ​ថ្ងៃនេះ ហាក់​បាន​ស្តី​បន្ទោស​មន្ត្រី​ក្រោម​ឱវាទ​ពី​ការស្ថាបនា​ផ្លូវ​គ្មាន​គុណភាព ដែល​នាំ​ឱ្យ​ខាតបង់​ថវិកា និង​មុខមាត់​ប្រទេសជាតិ។

ការ​ថ្លែង​រប​ស់​រដ្ឋមន្ត្រី​ក្រសួង​នេះ បាន​ធ្វើឡើង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃអង្គារ​នេះ។

ក្នុង​ពិធី​នោះ លោក ស៊ុន ចាន់​ថុល ថ្លែង​ថា ផ្លូវ​មួយ​ខ្សែ​ពី​«កំពត​»ទៅ«​វាលរេញ» ជាពិសេស​ចម្ងាយ​២០​គីឡូ​ម៉ែ​តពី​«ត្រពាំង​ល្ពៅ»ទៅ«​វាលរេញ» លោក​ថា ធ្វើមុខ​ខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ។ លោក​ថា ត្រឹម​មួយ​សប្តាហ៍ ផ្លូវ​នោះ​ត្រូវ​ជួសជុល​ឡើងវិញ និង​ផ្លូវ​មួយ​ខ្សែ​ទៀត​ពី​ខេត្ត​ត្បូងឃ្មុំ ទៅ​ខេត្តក្រចេះ ជាដើម។

លោក ស៊ុន ចាន់​ថុល ថ្លែង​ថា៖ «អានេះ​ជា​បញ្ហា​មួយ​ធ្វើ​ឱ្យ​មុខមាត់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ធ្វើ​ឱ្យ​មុខមាត់​រដ្ឋាភិបាល​យើង ​ប្រទេសជាតិ​យើង មិនល្អ​ អ័ព្ទអួ​ដោយសារ​ផ្លូវ២០គីឡូម៉ែត្រ​ធ្វើ​មិនបាន ធ្វើមុខ​ខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ។ ផ្លូវ​លេខ៧ ដូចគ្នា​ ត្បូងឃ្មុំ​[ទៅ]ក្រចេះ ធ្វើមុខ​ខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ នេះ​ជា​បញ្ហា​មួយ»។

លោក ស៊ុន ចាន់​ថុល បាន​គូសបញ្ជាក់​ថា បញ្ហា​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាលនិង​ប្រទេសជាតិ មន្ត្រី​ពាក់ព័ន្ធ​មិន​ពង្រឹង​ប្រសិទ្ធភាព​ឡើងវិញ។

លោក ចាន់​ថុល ថ្លែង​បន្ត​ថា៖ «ប្រជារាស្ត្រ​លោក​មិន​សប្បាយចិត្ត​ទេ ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ​ ថ្នាក់ដឹកនាំ​យើង​ក៏​មិន​សប្បាយចិត្ត​ដែរ អា​ម៉ាស់​មុខ​ណាស់​ ដោយសារ​ធ្វើ​ផ្លូវ២០គីឡូ​ម៉ែ​ត ធ្វើ​មិនបាន! អ៊ីចឹង​ត្រូវ​សិក្សា​ឱ្យ​បាន​ដិតដល់ ម្តងនេះ​កុំ​ធ្វើ​ផែល​ៗ ម្តងនេះ​អត់​បានទេ»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ថា ការ​ស្តី​បន្ទោស​របស់​រដ្ឋមន្ត្រី​ពេលនេះ បាន​ឆ្លុះបញ្ចាំង​ពី​ភា​ពរ៉ាំរ៉ៃ​នៃ​ការ​ធ្វើ​ផ្លូវ​ខ្វះ​គុណភាព​នៅ​កម្ពុជា។

ប៉ុន្តែអ្នកឃ្លាំមើល​រូប​នេះផ្តល់​យោបល់​ថា ដើម្បី​ឱ្យ​ការស្ថាបនា​ផ្លូវឬក៏​ស្ពាន​មានគុណ​ភាព វា​ទាល់តែ​ក្រសួង​សាម៉ី​នេះអនុវត្ត​ច្បាប់​ស្តី​ពី​ការ​ដេញថ្លៃ ឬលទ្ធកម្ម​ឱ្យ​មាន​តម្លាភាព និង​ហ៊ាន​វះកាត់​មន្ត្រី​ពុករលួយ។

លោក ប៉ិច ពិសី មានប្រសាសន៍​ថា៖ «កិច្ចការ​ហ្នឹងវា​ស្ថិតនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់ក្រ​សួង​សាធារណការ។ យើង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ បើសិនជា​មានការ​ដេញថ្លៃ​ណា​រក​ឃើញថា មានការ​ប្រើប្រាស់​អំពើពុករលួយ​បក្ខ​ពួក​ខ្សែ​អី យើង​ប្រើ​ច្បាប់​ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ នោះ​យើង​អាច​ធានា​ថា ការ​រើស​អ្នក​ដែល​ដេញថ្លៃ​ហ្នឹង​ជា​ក្រុមហ៊ុន​ត្រឹមត្រូវនិង​មាន​សមត្ថភាព​ហើយ»។

នៅក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី២៨ ខែមករា​ឆ្នាំនេះ អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់ ដាក់​ចំណាត់ថ្នាក់​កម្ពុជា​មានអំពើ​ពុករលួយ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង១០ជាស​មា​ជិ​កអាស៊ាន។

តាម​របាយការណ៍​ដដែល​នោះ ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី១៦០ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប១៨០ ដែល​បាន​ដាក់បញ្ចូល​ក្នុង​ការវាយតម្លៃ​អំពី​បញ្ហា​អំពើពុករលួយ។

ទោះជាយ៉ាងណា លោក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បង្ហាញ​ក្តី​សង្ឃឹមថា តាមរយៈ​សន្និបាត​បូកសរុប​ការងារ​នៅ​ថ្ងៃនេះ ក្រុមការងារ​ក្រសួងនឹង​រក​ឃើញ​ភាព​ខ្លាំង​របស់​ខ្លួន​សម្រាប់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទៅ​ថ្ងៃ​អនាគត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ