ក្រសួង​​សិក្សា​​សំណើ​​​ឧកញ៉ា​​ដែល​​សុំ​​ឆ្វៀល​​ដី​​ជិត​៣០០​ហិ​កតា​​ពី​រ​បៀង​​អភិរក្ស​​ជីវៈ​​ចម្រុះ

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ពី​ដំណើរការ​ថែរក្សា​បរិស្ថាន​ នៅ​វាលស្មៅ​នៃ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា ភូមិ​ពូ​រ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន ឱ្យ​ដឹង​ថា ​ក្រសួង​កំពុង​សិក្សា​សំណើ​របស់​ឧកញ៉ា ថៃ ម៉េ​ងលី អគ្គនាយក​ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Houth Group​) ដែល​ស្នើសុំ​កាត់​ឆ្វៀល​ដី​ជិត៣០០ហិ​កតា ចេញពី​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ស្ថិតនៅ​ខេត្តមណ្ឌលគិរី។

កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រសួងបរិស្ថានបាន​ចេញ​សេចក្តី​ជូនដំណឹង​មួយដោយ​បញ្ជាក់​ថា ក្រុមការងារ​ក្រសួង​នឹង​ចុះ​ពិនិត្យនិង​សិក្សា​លើ​សំណើ​របស់​ឈ្មោះ ថៃ ម៉េ​ងលី ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ២៧២ ៦៧៨៤ ហិ​កតា ចេញពី​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ស្ថិតនៅ​ភូមិ​ពូ​លុង សង្កាត់​រមនា និង​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ខេត្តមណ្ឌលគិរី។ 

ក្រសួង​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​នេះតប​តាម​សំ​ណើ​អភិបាលខេត្ត​មណ្ឌលគិរី និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ដាក់​លិខិត​មកកាន់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ 

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដែល​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យនិង​សិក្សា​លើ​សំ​ណើនេះ ប្រាប់​វី​អូ​ឌីតា​មតេ​ឡេ​ក្រាម​កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ថា ក្រសួង​កំពុង​ពិចារណា​លើ​សំ​ណើ​នោះ ក្រោយ​ការ​ចុះ​ពិនិត្យ​ទីតាំង​រួច កាល​ពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

លោក​បន្ត​ថា៖ «ចំពោះ​ការ​ចុះ​ពិនិត្យគឺ​យោងទៅតាម​សំណើ​របស់​ខេត្ត របស់​អ្នក​ដែល​ពាក់ព័ន្ធ ហើយ​ការ​ចុះ​ពិនិត្យ ដើម្បី​ពិនិត្យមើល​ថា តើ​គួរ​ផ្ដល់​ឱ្យឬមិន​គួរ​ផ្ដល់​ឱ្យ​? រហូតមកដល់​ពេលនេះ យើង​មិនទាន់​សម្រេច​នៅឡើយ​ទេ»។

អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ា​ង មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ការដែល​អាជ្ញាធរ​ស្នើ​ក្រសួងបរិស្ថានចុះ​ពិនិត្យ ដោយសារដី​ដែល​ឧកញ៉ា ថៃ ម៉េ​ងលី សុំ​ចុះបញ្ជី​នោះ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន។

លោក​ថា៖ «ការ​ស្នើ​របស់​គាត់​ [ឧកញ៉ា ថៃ ម៉េ​ងលី​] អ៊ីចឹង ប៉ុន្តែ​មិនមែន​តែ​គាត់​ទេ គឺ​មានឈ្មោះប្រជាពលរដ្ឋ​ច្រើន​ទៀត។ ខ្ញុំ​មិន​ច្បាស់​ថា ប៉ុន្មាន​គ្រួសារ​ទេ ប៉ុន្តែ​ច្រើនគ្រួ​សារ»។ 

លោក ចាន់ រដ្ឋា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន ប៉េង ហួត គ្រុប មានប្រសាសន៍​ថា ដី​ជាង៣០០ហិ​កតានៅ​ខេត្តមណ្ឌលគិរី ជា​ដី​ផ្ទាល់ខ្លួន​របស់​ឧកញ៉ា ថៃ ម៉េ​ងលី មិនមែន​ជា​ដី​របស់​ក្រុមហ៊ុន​នោះ​ទេ។

លោក​បន្ត​ថា ដី​នោះ ឧកញ៉ា ថៃ ម៉េ​ងលី បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ជា​យូរឆ្នាំមកហើយ ដើម្បី​រៀបចំ​ជាទី​តាំង​កម្សាន្ត​លំហែកាយ​បែប​ធម្មជាតិ (Resort បែប​ធម្មជាតិ​)។ 

លោក​ថា៖ «ជា​គម្រោង​ផ្ទាល់ខ្លួន​របស់​ឧកញ៉ា ថៃ ម៉េ​ងលី ធ្វើ​រី​ហ្សត​អេកូ​ទេសចរណ៍​ទេ​សា​អភិរក្ស​ [រី​ហ្សត​បែប​ធម្មជាតិ​] មិន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ទេ ប៉ុន្តែ​ជា​ចំណង់​ចំណូលចិត្ត​របស់​គាត់​ទេ រក្សានិង​ស្រឡាញ់​ព្រៃឈើ ហើយ​ស្រឡាញ់​ធម្មជាតិ។ អ៊ីចឹង គាត់​សិក្សា​គម្រោង​រៀបចំ​បែប​រី​ហ្សតអីហ្នឹង នៅ​ដំណាក់កាល​កំពុង​សិក្សា​នៅឡើយ។ ដី​ហ្នឹង គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ ប៉ុន្តែ​ក្រសួងបរិស្ថាន​ចុះទៅ​សិក្សា​ឃើញ​នៅក្នុង​តំបន់​ត្រូវ​អភិរក្ស​អ៊ីចឹង»។

កាលពី​ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវលើ​ករណី​ការ​កាប់​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ក្នុង​តំបន់ការពារធម្មជាតិ​នៅ​ខេត្តមណ្ឌលគិរី ក្រោយពី​អ្ន​កធំៗ​បាន​នាំគ្នា​សម្រុក​ទៅ​ចាប់ដី ហើយ​មាន​អ្នកធំ​មួយចំនួន​ទៀត លោក​ថា បាន​យកឈ្មោះ​លោក​ទៅ​ប្រើប្រាស់ដើម្បី​ទទួល​បាន​ដីផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ