សមត្ថ​កិច្ច​​ខេត្ត​កណ្តាល​ ឃាត់​ខ្លួន​​មនុស្ស​១៣​នាក់​ ពាក់​ព័ន្ធ​​ជម្លោះ​ដី​ធ្លី​​មួយ​​កន្លែង​​

ស្នាក់ការអធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល។ (ហ្វេសប៊ុក៖ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល -Police Inspectorate Of Khsach Kandal)

សមត្ថកិច្ច​ខេត្តកណ្តាល នៅ​ថ្ងៃនេះ បាន​ឃាត់ខ្លួន​មនុស្ស១៣នាក់ ពាក់ព័ន្ធ​ជម្លោះដីធ្លី​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ព្រែក​ល្វា ឃុំ​តា​កូវ ស្រុក​ខ្សាច់កណ្តាល។

អធិការរង​ស្រុក​ខ្សាច់កណ្តាល លោក អ៊ុន យ៉ុង ប្រាប់​វី​អូ​ឌី​ថា មនុស្ស១៣នាក់​ដែល​បាន​ឃាត់ខ្លួន​នោះ កំពុង​ស្ថិត​ក្រោម​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល។

លោក​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ពលរដ្ឋ​ទាំងនោះ ដោយសារ​ពួក​គេ​បាន​ធ្វើសកម្មភាព​លើ​ដីកំពុង​មាន​ជម្លោះ និង​ដុត​កង់ឡានតវ៉ា​ប្រឆាំង​អាជ្ញាធរ​ពេល​ចុះ​អនុវត្ត​ការងារ។

លោក អ៊ុន យ៉ុង អះអាង​ថា ពលរដ្ឋ​ប្រហែល១០គ្រួសារ បាន​លក់​ដីទំហំ​ជាង១ហិ​កតាទៅ​ឱ្យ​បុគ្គល២នាក់ផ្សេងគ្នា បណ្តាល​ឱ្យ​មាន​ជម្លោះ ហើយ​ពេល​អាជ្ញាធរ​ចុះ​ហាម​មិន​ឱ្យធ្វើ​សកម្មភាព​នានា​លើ​ដី​នោះ ដោយ​រង់​ចាំ​ការ​ដោះស្រាយ​សិន ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ពលរដ្ឋ​ទាំងនោះ​ទៅវិញ។

លោក​បន្ថែម​ថា៖ «បុគ្គល​ឈ្មោះ​ រាំង ​ហ្នឹង បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង ដោយមាន​ឯកសារ​ត្រឹមត្រូវ ប៉ុន្តែ​ក្រោយមក​ទៀត ប្រជាពលរដ្ឋ​ទាំងប៉ុន្មាន​គ្រួសារ​ហ្នឹង បាន​លក់​ដី​ហ្នឹង​ទៅ​ឱ្យ​បុគ្គល​ម្នាក់ទៀតឈ្មោះ ថា នៅ​ពេល​ថ្មី​ៗហ្នឹង​ទៀត អ៊ីចឹង​វាប​ង្កើត​បាន​ជា​បញ្ហា»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​ពីអភិបាលស្រុក​ខ្សាច់កណ្តាល លោក ប៊ុ​ន ផេង និង​តំណាង​ខាង​ពលរដ្ឋ​ដែល​រង​ការ​ចាប់ខ្លួនបាន​នោះ​ទេ នៅ​ថ្ងៃអង្គារ​នេះ។

ចំណែកអ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា បានឱ្យ​ដឹង​ថា សមាគម​នេះ​កំពុង​ស្រាវជ្រាវ​លើ​ករណី​ដែល​មានការ​ចាប់ខ្លួន​ពលរដ្ឋ​នៅ​ខេត្តកណ្តាល​នេះ​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ