យោធា​​ផ្កាយ​២​ និង​​អនុ​រដ្ឋ​​លេខា​ធិការ​​ម្នាក់​ មាន​​ក្តីក្តាំ​​នឹង​គ្នា​​ជុំវិញ​​ការ​​លក់​​ដី​​ឱ្យ​​សមាជិក​សភា

ឡានមួយគ្រឿងធ្វើចរាចរលើផ្លូវមួយកន្លែងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សភា​មន្ត្រីយោធា​ថ្នាក់​ឧត្តមសេនីយ៍​មួយ​រូប កំពុង​តតាំង​ក្ដី​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​ម្នាក់​នៅ​តុលាការ ជុំវិញ​វិវាទ​ដី​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មន្ត្រី​យោធា​រូប​នេះបាន​ចោទ​មន្ត្រីក្រសួងការពារជាតិ​ថា​ជា​មេគំនិត​ក្នុង​ការ​លួច​លក់​ដី​របស់​ខ្លួន​ទៅ​ឱ្យ​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​ម្នាក់។

លោក ភឺន ផល្លា ជាម​ន្ត្រី​យោធា​ផ្កាយ២ នៃ​កងពលតូច​លេខ៧០ និង​មាន​ងារ​ជា​ឧកញ៉ា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​អនុរដ្ឋ​លេខាធិការ​ក្រសួងការពារជាតិ លោក ស ថា​វី និង​បក្ស​ពួក៤នាក់​ផ្សេងទៀត ដោយ​ចោទប្រកាន់​ពី​បទ «លួច​លក់ និង​ផ្ដើមគំនិត​ឱ្យ​លក់​ដី​ទំហំ២ហិ​កតា» ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ ដែល​ជា​ដី​កម្មសិទ្ធិ​របស់លោក ភឺន ផល្លា។

យោង​តាម​ក្រឡាបញ្ជី​សាលាដំបូង ដែល​បាន​លើក​ពី​អង្គហេតុ​នៅក្នុង​សវនាការ​មួយកាលពីដើម​ខែ​នេះ ដី​មាន​វិវាទ​នោះត្រូវ​បាន​លក់​ទៅ​ឱ្យលោកស្រី ឡោក ខេង តំណាង​រាស្រ្ត​គណបក្សប្រជាជន​កម្ពុជា កាលពី​ឆ្នាំ២០១៩ ហើយ​ក្រោយមក​ទើប​ដឹង​ថា ព្រំ​ដី​របស់​គាត់ត្រូវ​បាន​ត្រួត​លើ​គ្នា​ជាមួយ​ដី​របស់លោក ភឺន ផល្លា។

នៅក្នុង​សវនា​ការ​កាលពី​សប្តាហ៍​មុន មន្ត្រី​សង្កាត់​ម្នាក់​ដែល​បាន​ផ្តិត​មេដៃលើ​ឯកសារ​នៃ​ការផ្ទេរ​ដី​នោះ បាន​និយាយ​ថា ដី​ទំនាស់​ទំហំ២ហិ​កតា​នោះគឺជា​កម្មសិទ្ធិ​របស់លោក ភឺន ផល្លា។

ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ តំណាងរាស្ត្រ​គណបក្សប្រជាជន​កម្ពុជា និង​ជាស​មា​ជិ​កគណៈកម្មាធិការ​កណ្តាល លោកស្រី ឡោក ខេង បាន​អះអាង​ថា ដី​នេះ​នឹង​នៅតែ​ជា​របស់​លោកស្រី​ដដែល។

លោកស្រី​បាន​បញ្ជាក់​ថា៖ «ដី​ហ្នឹងតាំងពី​ខ្ញុំ​ទិញ​មក ខ្ញុំ​កាន់កាប់​តែម្ដង តាំងពី​ទិញ​មក​អត់មាន​បញ្ហា​អី​ទេ។ ខ្ញុំ​អត់​វង្វេង​ទេ កុំ​ភ័យ! ការពិត​នៅតែ​ជា​ការពិត ទុក​ឱ្យ​ច្បាប់​គេ​រក ​[ខុសត្រូវ​] ទៅ ព្រោះអី​យើង​បាន​ធ្វើតាម​ច្បាប់​ត្រឹមត្រូវ​តាម​ហ្នឹង»។

ជនជាប់ចោទ៣នាក់ក្នុងចំណោម៥នាក់ក្នុងករណី​វិវាទ​ដីធ្លី​នេះ រួមមាន អ្នកយាម​ដី​ម្នាក់ និង​ឈ្មួញ​ដីធ្លី២នាក់ បាន​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ខណៈ​ពួក​គេត្រូវ​បាន​ចោទប្រកាន់​ពី​បទ «លួច​លក់​អចលនទ្រព្យ​អ្ន​កដ​ទៃ​ដែល​មិនមែន​ជា​របស់​ខ្លួន» ដែល​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ ទៅ ៣ឆ្នាំ តាមច្បាប់​ភូមិបាល។

ជនជាប់ចោទ​ម្នាក់ លោក ប៉ូច ថេន អះអាង​ថា ជា​អ្នកយាម​ដី​ម្នាក់ឱ្យលោក ស ថា​វី មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ បាន​ប្រាប់​ទៅ​តុលាការ​ថា លោក ស ថា​វី បាន​ទិញ​ដី​មួយ​កន្លែងពី​ឈ្មួញ​ដី​ឈ្មោះ ឡុង ដារ៉ា និង ឡូញ រស់ និង​បាន​ស្នើ​ឱ្យ​គាត់​ដាក់ឈ្មោះ​ជំនួស។

លោក​បន្ថែម​ថា លោ​ក ស ថា​វី បានឱ្យ​គាត់​ទុក​ឯកសារ​ទិញ​លក់​ដី​នោះ​ជំនួស ដោយសារ​លោក ស ថា​វី ជាប់រវល់​ចុះ​តាម​ខេត្ត។ ចំណែកលោក ឡូញ រស់ ជា​ឈ្មួញ​ដី​ម្នាក់​ក្នុងចំណោម២នាក់ ដែល​បាន​លក់​ដី​ទៅ​ឱ្យលោក ស ថា​វី បាន​និយាយ​នៅក្នុង​សវនាការ​ថា លោក​បាន​ទទួល​ដី​នោះ ពី​លោក ឡុង ដារ៉ា មុន​ពេល​លក់​បន្ត​ទៅ​ឱ្យលោក ប៉ូច ថេន។ លោក​បញ្ជាក់​ថា លោក​ក៏​មិនដឹង​ថា ដី​នោះ​មាន​បញ្ហា​នោះ​ទេ។

ប៉ុន្តែ​លោក ឡុង ដារ៉ា ជា​ឈ្មួញ​ដី​ម្នាក់ទៀតបាន​អះអាង​ថា លោក ស ថា​វី ដែល​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួងការពារជាតិ គឺជា​អ្ន​កផ្ដួច​ផ្ដើមគំនិត​ឆបោក​ក្នុង​រឿង​នេះ។

លោក​បន្ត​ថា លោក ស ថា​វី បានដឹង​រួចហើយ​ថា ដី​នោះ​គឺជា​ដី​របស់លោក ភឺន ផល្លា ប៉ុន្តែលោក ស ថា​វី នៅតែ​ទិញ​ដី​នោះ ដោយ​ដាក់ឈ្មោះ​អ្នកយាម​ដី​ជំនួស​លោក ខណៈ​ដី​នោះ លោក ឡុង ដារ៉ា បាន​ស្នើ​ទៅ​កាន់​មន្ទី​រដែនដី ឱ្យ​ចុះ​វាស់វែង​ប្លង់​ឱ្យ។

លោក​បន្ថែម​ថា ការផ្ទេរ​សិទ្ធ​ិដីធ្វើឡើង​តាមរយៈ​ចៅសង្កាត់​សំរោង និង​មានការ​សម្របសម្រួលពី​លោក អ៊ុ​ក ភក្ដី ដែល​ជា​ជនជាប់ចោទ​ម្នាក់ទៀតក្នុង​រឿង​នេះ។

យោង​តាម​វិ​ក្កយ​បត្រ​លក់​ដី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន KBN បានឱ្យ​ដឹង​ថា តំណាងរាស្ត្រ​គណបក្សប្រជាជន​កម្ពុជា លោកស្រី ឡោក ខេង បាន​បង់លុយ​ចំនួន១,៣លាន​ដុល្លារ ទៅ​ឱ្យលោក ស ថា​វី ដើម្បី​ទិញ​ដី​នោះ ខណៈ​លោក ឡុង ដារ៉ា បានឱ្យ​ដឹង​ថា លោកបាន​ទទួល​ប្រាក់​តែ៧ ០០០ដុល្លារ​ប៉ុណ្ណោះ។

ចៅសង្កាត់​សំរោង លោក យិន អ៊ឹម បាន​បញ្ជាក់​ប្រាប់​វី​អូ​ឌី​ថា ផ្ទៃដី២ហិ​កតាដែល​កំពុង​មាន​វិវាទ​នេះ ជា​របស់​មន្ត្រី​យោធា លោក ភឺន ផល្លា ដោយ​លោក​អះអាង​ថា ពលរដ្ឋ​ចំនួន៤គ្រួសារបាន​លក់​ដី​នោះ​ឱ្យលោក ភឺន ផល្លា ប៉ុន្តែ​ចៅសង្កាត់​រូប​នេះមិនបាន​ចាំ​ពេលវេលា​នៃ​ការ​លក់​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុ​ជាតិ មានប្រសាសន៍​ថា ជម្លោះដីធ្លី​នេះជា​រឿង​ឯកជន មិន​មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​នោះ​ទេ ហើយ​ការ​ដោះស្រាយ​យ៉ាងណា​នោះ​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ។

លោក ឈុំ សុ​ជាតិ មានប្រសាសន៍​ថា៖ «ក្រសួង​អត់មាន​សិទ្ធិ​លូកលាន់​អី​ទេ អ្នកណា​ប្រព្រឹត្ត​ខុស ​អ្នក​ហ្នឹង​ទទួលទោស​តាម​ហ្នឹង​ទៅ»។

លោក ស ថា​វី អនុរដ្ឋ​លេខាធិការ​ក្រសួងការពារជាតិ បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិនបាន​ដឹងរឿង​នេះ​ទេ។

ទោះ​យ៉ាងណា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ នៅ​ថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២១។

ក្រៅពី​វិវាទ​ដីធ្លី​នេះ លោក ភឺន ផល្លា ក៏​កំពុង​តតាំង​ក្តី​នៅ​តុលាការរឿង​ដីធ្លី​មួយ​កន្លែង​ទៀតដែល​មាន​ទំហំ០,២ហិ​កតា នៅ​រាជធានី​ភ្នំពេញ។ លោក នួន បូរ៉ា មេធាវី​របស់លោក ភឺន ផល្លា បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ជុំវិញ​ករណីនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ