មន្ត្រី​នគរបាល​​ម្នាក់​​ប្តឹង​​យុវជន​​ដែល​​បង្ហោះ​​វីដេអូ​​គាត់​​ប្រើ​​ហិង្សា​​លើ​​ម្ចាស់ KTV​

រូបមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស លោក ហាក់ លី និងរថយន្តរបស់លោកដែលថតដោយកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ហាងខារ៉ាអូខេ។ (ហ្វេសប៊ុកម្ចាស់ហាងខារ៉ាអូខេដែលមានឈ្មោះថា Bro Non)

មន្ត្រីនគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​មួយ​រូប បាន​ប្តឹង​កូនប្រុស​ម្ចាស់​ខារ៉ាអូខេ ​(KTV​) មួយ​កន្លែង​ក្នុង​ខេត្តព្រៃវែង ពី​បទ«​បរិ​ហារ​កេរ្តិ៍» ដោយសារ​បង្ហោះ​វីដេអូ​ដែល​ចោទប្រកាន់​មន្ត្រី​រូប​នោះ​ថា​បាន​ប្រើប្រាស់​ហិង្សា​ក្នុង​ហាង បន្ទាប់ពី​បរាជ័យ​ក្នុង​ការបញ្ចុះបញ្ចូល​បុគ្គលិក​នារី​ម្នាក់​ឱ្យទៅ​គេង​ជាមួយ​ខ្លួន។ 

លោក ឡុង ប៊ុ​នធឿន អធិការ​នគរបាល​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃសុក្រសប្តាហ៍​មុន ខណៈ​មន្ត្រី​នគរបាល​មួយ​រូបឈ្មោះ ហាក់ លី បាន​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុង​ខេត្តព្រៃវែង។ លោក​បន្ត​ថា លោក ហាក់ លី ពិតជា​បាន​បង្ក​ជារ​បួស​ស្នាម​ដល់​ម្ចាស់ហាង​ពិតមែន។

លោក​ថា៖ «យើង​បាន​ធ្វើការ​សួរនាំ​ទៅ​ខាង​ម្ចាស់ហាង​រួចហើយ។ គាត់​មានការ​ហើមក។ អាជ្ញាធរ​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ មាន​ករណី​អំពើ​ហិង្សា​បាន​កើតឡើង»។

ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក កែវ ធា បាន​បញ្ជាក់​ថា លោក ហាក់ លី ពិតជា​មន្ត្រីប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅក្នុង​រាជធានី​ភ្នំពេញ​ពិតមែន។

អ្នកស្រី ឡោ សា​រ៉ុម អាយុ៤៣ឆ្នាំ ដែល​ជា​ម្ចាស់ហាង​ខារ៉ាអូខេ​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ចន្ទម្សិលមិញ មន្រ្តី​ប៉ូល​ិសបាន​ធ្វើការ​សាកសួរ​រូប​គាត់ ជុំវិញ​ហេតុការណ៍​នោះ​ជាង៤ម៉ោង។

អ្នកស្រី​បន្ត​ថា លោក ហាក់ លី និង​មនុស្ស​ប្រមាណ៤នាក់​ទៀតបាន​ទៅ​ទទួលទាន​គ្រឿងស្រវឹងនិង​ច្រៀង​ខារ៉ាអូខេជាមួយ​បុគ្គលិក​ស្រ្តី​របស់​គាត់ ហើយ​បន្ទាប់មក​ក៏បាន​បង្ខំ​នារី​ម្នាក់​ក្នុងចំណោម​បុគ្គលិក​ទាំងនោះឱ្យទៅ​គេង​ជាមួយ​លោក ដោយ​លើកឡើង​ថា លោក​បាន​ចំណាយ​ប្រាក់​ជាច្រើន​ទៅលើ​រូប​នាងនៅក្នុង​ខារ៉ាអូខេ​នោះ។

អ្នកស្រី ឡោ សា​រ៉ុម បញ្ជាក់​ថា៖ «នៅពេល​ដែល​នាង​បដិសេធ​ហើយ និយាយប្រាប់​ថា នាង​មិនដែល​ទៅជាមួយ​អ្នកណា​ទេ រូបលោក​ក៏បាន​ធាក់​កៅអី ធាក់​តុ និង​ទូរ​ទឹកកក ហើយ​នារី​ទាំងនោះ ក៏​ចាប់ផ្តើម​យំ។ គាត់​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្ញុំ បាន​វាយ​ខ្ញុំ​ពីក្រោយ​មួយ​ដៃ​ចំ​កញ្ចឹងកនិង​ខ្នង​របស់ខ្ញុំ និង​បាន​ធ្វើការ​វាយ​ទៅ​សន្តិសុខ​របស់ខ្ញុំ​ចំនួន៥ដង»។

អ្នកស្រី​បន្ថែម​ថា បើ​ទោះជា​មន្ត្រី​នគរបាល​រូប​នោះបាន​វាយតប់​ទៅលើ​រូប​គាត់និង​បុគ្គលិក​របស់​គាត់ ប៉ុន្តែ​ពួក​គាត់ព្យាយាម​មិន​តបតដើម្បី​បញ្ចប់រឿង។

​អ្នកស្រី​ថា៖ «ប៉ុន្តែ​ពេល​ដែល​គាត់ ​[លោក ហាក់ លី​] ចូល​ទៅ​ឡាន គាត់​ក៏​ដក​កាំភ្លើង រួច​បើក​កញ្ចក់ឡាន​ចុះ ហើយ​យក​កាំភ្លើង​ហ្នឹងមក​តម្រង់​មក​ខ្ញុំ ហើយ​និយាយ​ថា ខ្ញុំ​មាន​សិទ្ធ​ិបាញ់​អ្នកឯង​សម្លាប់ចោល ហើយ​ខ្ញុំ​នឹង​បិទ​ហាង​អ្នកឯង ហើយ​ចាប់​អ្នកឯង​ដាក់គុក​ទៀត»។

អ្នកស្រី​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ទៀត​ថា៖ «ហួសចិត្ត​ដែល​គាត់ ​[លោក ហាក់ លី​] ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្ញុំ​ជានា​រី​ភេទដែល​គ្នា​អត់មាន​តបត​ជាមួយ​គាត់ ហើយ​គាត់​នឹង​ដាក់​ពាក្យ​បណ្តឹង [..] ខ្ញុំ​មិនដឹង​ថា​ពឹង​អ្នកណា មានតែ​ច្បាប់​ទេ​ដែល​អាច​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ ខ្ញុំ​គ្មាន​ខ្នងបង្អែក​អី​ធំ​ទេ។ ខ្ញុំ​សង្ឃឹម​ថា អាជ្ញាធរ​នឹង​ជួយ​រក​យុត្តិធម៌​ដល់​ខ្ញុំ ខ្ញុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​កាមេរ៉ា​សុវត្ថិភាព»។

ក្រោយ​ហេតុការណ៍​នោះ លោក ហាក់ លី ដែល​ជា​មន្ត្រីនគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ក៏បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ជុំវិញ​ការចោទប្រកាន់​របស់​ស្ត្រី​ម្ចាស់ហាង​ខារ៉ាអូខេ​នោះ​ផង​ដែរ។

ពាក្យ​បណ្តឹ​ងនោះបាន​លើកឡើង​ថា៖ «ខ្ញុំ​បានឃើញ​កូន​របស់​ម្ចាស់​ខារ៉ាអូខេបង្ហោះ​វីដេអូ​មួយដែល​មាន​រូប​ខ្ញុំបាទ​នៅក្នុង​នោះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំបាទ​ខ្លាំង។ ដូច្នេះ ខ្ញុំ​កំពុង​ដាក់​ពាក្យ​បណ្តឹងពី​បទបរិ​ហារ​កេរ្តិ៍ ធ្វើ​ឱ្យ​មានការ​រើសអើង សូម​អធិការ​នគរបាល​ស្រុក ​[ពារាំង​] ចាត់វិធានការ​តាមផ្លូវ​ច្បាប់»។

ក្រោយ​ការ​ដាក់​ពាក្យ​បណ្តឹ​ងនេះ កូនប្រុស​របស់​ម្ចាស់ហាង​ខារ៉ាអូខេក៏បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​អំពាវនាវ​ដល់​នាយក​រដ្ឋមន្ត្រីជួយ​អន្តរាគមន៍​លើ​រឿង​នេះ។

សារ​របស់​លោក​មានខ្លឹមសារ​ថា៖ «គាត់ ​[លោក ហាក់ លី​] បាន​វាយ​ម្តាយ​របស់ខ្ញុំ ហើយ​អួត​ថា​ខ្លួន​ជា​ប៉ូល​ិសក្រ​សួង​មហាផ្ទៃ ហើយ​បាន​បើកទ្វារ​ឡាន​ដក​កាំភ្លើង​មក​គំរាម​រក​បាញ់​ម្តាយ​របស់ខ្ញុំ។ មូលហេតុ​ដោយសារ​ខឹង​ស្រី​ៗនៅក្នុង​ហាងមិនព្រម​ទៅដេក​ជាមួយ។ សូម​គោរព​ជូន​សម្តេច​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​នរ៉ា​នី ហ៊ុន សែន ដ៏​ខ្ពង់ខ្ពស់ ​ជួយ​រក​យុត្តិធម៌​ដល់​រូប​ម្តាយ​ខ្ញុំបាទ​ផង»៕

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយ៖ សំអឿន និស្ស័យបុណ្យ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ