តុលាការ​​កំពូល​ បដិ​សេ​ធ​បណ្តឹង​​សុំ​​នៅ​​ក្រៅ​​ឃុំ​​របស់​​សកម្ម​ជន​​បរិស្ថាន​៣​រូប​​

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

តុលាការ​កំពូល សម្រេច​ច្រានចោល​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បរិស្ថាន ៣រូប ដោយ ចាត់ទុក​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ថាជា​រឿង​ត្រឹមត្រូវ ខណៈ​ក្រុម​គ្រួសារនិង​អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្សបង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​បន្ត​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ទាំងនោះ។ 

សកម្មជន​បរិស្ថាន​ទាំង៣រូប​ដែល​រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ​រស្មី និង​លោក ថុន រដ្ឋា បានប្ដឹង​ជំទាស់​សេចក្ដីសម្រេច​របស់​តុលាការ​សាលាឧទ្ធរណ៍ទៅ​តុលាការ​កំពូល ក្រោយពី​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

អ្នកស្រី ប៉ាត់ រស្មី ជា​ភរិយា​របស់លោក ថុន រដ្ឋា បានឱ្យ​ដឹង​នៅ​ថ្ងៃទី១៥ ខែកុម្ភៈ​នេះ​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក ឃឹម ប៉ុន បាន​ប្រកាស​សាលដីកាដោយ​តម្កល់​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍ទុកជា​បានការ​ដដែល ដែល​មានន័យថា តុលាការ​មិន​អនុញ្ញាត​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង៣រូ​បនោះនៅ​ក្រៅ​ឃុំ​នោះ​ទេ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បានសម្រេច​បដិសេធ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បរិស្ថាន​ទាំង៣រូប ដើម្បី​រក្សា​ជន​ជាប់​ចោទទុក​ជូន​តុលាការ​សវនាការ និង​ទប់ស្កាត់​កុំឱ្យ​មាន​បទល្មើស​ឡើងជា​ថ្មី។

អ្នកស្រី ប៉ាត់ រស្មី បាន​ចាត់ទុក​ការសម្រេច​របស់​តុលាការ​កំពូល​ថាជា​រឿង​អយុត្តិធម៌ ដោយ​អ្នកស្រី​អះអាង​ថា ប្តី​របស់​គាត់និង​សកម្មជន​ដទៃទៀតមិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​ឡើយ។

អ្នកស្រី​ថា៖ «ខ្ញុំ​ពិតជា​សោកស្ដាយ​មែនទែន ខ្ញុំ​យល់ឃើញ​ថា តុលាការ​ពិតជា​មិន​ឯករាជ្យ ហើយ​មិន​មាន​តម្លាភាព សម្រាប់​សកម្មជន​មាតា​ធម្មជាតិ៣រូប​ទេ។ ខ្ញុំ​គិតថា បើ​តុលាការឯករាជ្យនិង​មាន​តម្លាភាព​ ពិតជា​អនុញ្ញាត​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ ព្រោះ​គាត់​មិនបាន​ប្រព្រឹត្ត​អ្វី​ជា​កំហុស​ទេ គាត់​ធ្វើការ​ដើម្បី​ស្រឡាញ់​បរិស្ថាន ដើម្បី​ជួយ​សង្គម និង​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស»។

អ្នកស្រី គង់ ម៉ា​និ​ត ដែល​ត្រូវជា​ម្ដាយ​របស់កញ្ញា ភួន កែវ​រស្មី លើកឡើង​ថា អ្នកស្រី​មានការ​សោយ​ស្ដាយដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​កូនស្រីនិង​អ្នក​ផ្សេងទៀត​នៅ​ក្រៅ​ឃុំ។

អ្នកស្រី​ថា៖ «ខ្ញុំ​យល់ថា តុលាការ​មិន​ឯករាជ្យ ព្រោះ​កូន​ខ្ញុំ​មិន​ខុស​អី​ផង សុំ​នៅ​ក្រៅ​ឃុំ​ក៏​មិន​ឱ្យ ដូច​ថា​គា្ន​ត្រូវការ​ទៅរៀន​សូត្រ​បន្ត​អ៊ីចឹង ខ្ញុំ​ចង់ឱ្យ​កូន​ទៅរៀន​សូត្រ​វិញ។ ខ្ញុំ​សំណូមពរ​ឱ្យ​រដ្ឋាភិបាលនិង​តុលាការ​ឱ្យ​ជួយ​ដោះលែង ដូច​ថាកូន​ខ្ញុំ​អត់មាន​ការ​ធ្វើអី​ខុស​ទេ គ្រាន់តែ​ធ្វើ​កិច្ចការ​សង្គម​អ៊ីចឹង»។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត ដែល​ឃ្លាំមើល​ករណីនេះ សម្ដែង​កា​រសោកស្ដាយ​ចំពោះការ​សម្រេច​របស់​តុលាការ​កំពូល បើ​ទោះបីជា​សកម្មជន​ទាំង៣រូបបង្ហាញ​ពី​ឆន្ទៈ​ថា នឹង​ចូលរួម​គ្រប់​ដំណាក់កាល​នីតិវិធី​របស់​តុលាការ​ក៏ដោយ។

លោក​បន្ត​ថា រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធគួរ​ធ្វើការ​លើកទឹក​ចិត្ត​ដល់​ពួក​គាត់ដែល​ខិតខំ​ចូលរួម​ការពារ​បរិស្ថាននិង​ធនធាន​ធម្មជាតិ​សម្រាប់​សង្គមជាតិ ជាជាង​ចាប់ខ្លួន​ពួក​គាត់​បែបនេះ។

លោក​ថា៖ «ការ​ឃុំខ្លួន​អ្នក​ទាំងអស់​នេះ វា​ជា​ការ​គំរាមកំហែង បំភិតបំភ័យ​ទៅលើ​ក្រុមសកម្ម​ជន​ការពារ​បរិស្ថាន ក៏ដូចជាធនធាន​ធម្មជាតិ​ព្រៃឈើ និង​អ្នកធ្វើការ​ងារ​សង្គម​ផ្សេងទៀត ដែល​ជា​រឿង​មួយ​គួរ​ឱ្យ​សោកស្ដាយ​បំផុត។ ប៉ុន្តែ​ទោះជាយ៉ាងណា ការ​កត់សម្គាល់​របស់ខ្ញុំ​ទាក់ទង​នឹង​សកម្មជន​ផ្នែក​សង្គម នៅពេល​ដែល​សាលាដំបូង​សម្រេច​ឃុំខ្លួន​ហើយ ទោះបី​ប្ដឹង​ជា​ឧទ្ធរណ៍និង​កំពូល ​តែងតែ​រក្សា​នូវ​ការសម្រេច​សាលាដំបូង​ដដែល»។ 

សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា​, កញ្ញា ភួន កែវ​រស្មី និង​លោក ថុន រដ្ឋា កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ 

អ្នក​ទាំង៣រូបត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ក្រោម​បទ​ចោទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ពួក​គេ​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ដើរ​ថ្មើរជើង​ពី​វត្តភ្នំ ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក។

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចាប់ផ្តើម​បើកសវនាការ​អង្គ​សេចក្តី​លើ​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​ទាំង៣នាក់ នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ