បទ​​យក​ការណ៍​៖ អ្នក​ភូមិ​​មួយ​​នៅ​​បាត់​ដំបង​​រស់​នៅ​​ដោយ​​ភ័យ​​ព្រួយ ​ព្រោះ​​គ្រឿង​ញៀន​​កំពុង​​ញាំញី​ក្នុង​​ភូមិ​​

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

អ្នកស្រី ឈួន តូច រស់នៅ​ភូមិ​វត្ត​លៀប ឃុំ​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មានមុខ​របរ​ជា​អ្នកដើរ​ទិញនិង​រើស​អេតចាយ​សម្រាប់​ផ្គត់​ផ្គង់​កូន៧នាក់។ អ្នកស្រី​មិនបាន​ខ្លាច​កា​រនឿយ​ហត់​ដែល​កើត​ចេញពី​មុខរបរ​ដែល​ត្រូវ​ដើរ​ហាលថ្ងៃ​ហាលភ្លៀង​ពី​ភូមិ​មួយ​ទៅភូមិ​មួយ​​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នកស្រី​ខ្លាច​និង​បារម្ភ​បំផុត​នៅពេល​នេះ ​គឺ​កូនប្រុស​វ័យ២៨ឆ្នាំ​របស់​គាត់​ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល៣ឆ្នាំ​មក​ហើយ។ 

ករណី​ប្រើប្រាស់​គ្រឿងញៀន​មិនមែន​កើត​ទៅលើតែ​កូនប្រុស​របស់​អ្នកស្រី ឈួន តូច តែម្នាក់​នោះ​ទេ គ្រួសារ​ខ្លះ​ដែល​រស់នៅ​ក្នុង​ភូមិ​វត្ត​លៀប ឃុំ​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក៏​កំពុង​ជួបប្រទះនិង​ប្រឈម​នឹង​បញ្ហា​នេះ​ដូចគ្នា។ អ្នកខ្លះ​ត្រូវ​គេច​ចេញពីផ្ទះ​ ដោយសារតែ​សមាជិក​គ្រួសារ​របស់​ខ្លួន​ដែល​ប្រើប្រាស់​គ្រឿងញៀន ធ្វើទុក្ខ​បុកម្នេញ គំរាម និង​ប្រើ​ហិង្សា​ម​កលើ​ខ្លួន ខណៈ​គ្រួសារ​ខ្លះទៀត​ត្រូវ​បាត់បង់​សម្ភារ ដោយសារ​កូន​យក​ទៅ​លក់ឬបញ្ចាំ​ដើម្បី​បាន​លុយ​ទិញ​គ្រឿងញៀន។ 

អ្នកស្រី ឈួន តូច ឱ្យ​ដឹង​ថា ​ជួនកាល​កូនប្រុស​របស់​គាត់បាន​នាំ​គូកន​មក​ជក់​គ្រឿងញៀន​ក្នុង​ផ្ទះ​អ្នកស្រី​តែម្ដង។ អ្នកស្រី​ថា ​នៅពេល​ដែ​លកូនៗ​របស់​អ្នកស្រី​ផ្សេងទៀត​ស្តី​បន្ទោសឬឈ្លោះប្រកែក​គ្នា កូនប្រុស​រូប​នោះ​តែង​គំរាម​សម្លាប់​ពួក​គេ។ 

អ្នកស្រីរៀបរាប់​ថា៖ «វា​ជក់អ៊ីចឹង! វា​អត់​ទៅ​រក​អីសោះ វា​នៅ​ក្រឡុក​យើង​នៅក្នុង​ផ្ទះ​ហ្នឹង ហើយ​បើ​មិន​អ៊ីចឹង​ទេ វា​ហៅ​គេ​មក​ចូល​នៅក្នុង​ផ្ទះ​ណែន ហៅ​គ្នាវា​ហ្នឹង​ចូល​មក​ជក់ ដល់តែ​ពេល​យើង​ជេរ​ថាទៅ វា​គ្រហឹម រក​វាយ ​[យើង​ថែមទៀត​] […] ប្អូន​វា​ស្រី​ៗ វា​គំរាម​សម្លាប់។ វា​ថា ​ហ្អែង​បើ​រញ៉េរញ៉ៃ​ជាមួយ​អញ​ សម្លាប់​ហ្អែង​ចោល»។

ក្នុង​សម្លៀកបំពាក់​រហែកនិង​ប្រឡាក់​ដោយ​ដី អ្នក​ស្រី​ ឈួន តូច បាន​និយាយ​បន្ត​ទាំង​អួល​ដើមក​ថា ​កូនប្រុស​របស់​អ្នកស្រី​ប្រើប្រាស់​គ្រឿងញៀន​តាម​ការ​អូសទាញ​ពី​មិត្ត​ភក្តិក្នុង​ភូមិ។

ជា​ស្ត្រី​មេម៉ាយ និង​មាន​ជាប់បំណុល​នៅ​ធនាគារ​ផង​ដែរ​នោះ ស្រ្តី​វ័យ៥៧ឆ្នាំ​រូប​នេះបាន​រៀបរាប់​បន្ត​ថា ​សម្ភារ​ដែល​មានតម្លៃ​នៅក្នុង​ផ្ទះ​វិញ អ្នកស្រី​ថា កូន​របស់​គាត់​បាន​យក​ទៅ​លក់ដើម្បី​ទិញ​គ្រឿងញៀន ហើយ​ថែមទាំង​លួច​ទូរ​សព្ទ​ប្អូន​ៗយក​ទៅ​បញ្ចាំនិង​លក់​ផង​ដែរ។

ស្រ្តី​រូប​នេះបន្ត​ថា កន្លងមក គាត់​ធ្លាប់​បាន​រាយការណ៍​ពី​ករណី​ដែល​កូន​គាត់​ប្រើប្រាស់​គ្រឿងញៀន និង​គំរាមកំហែង​ចង់​វាយ​ធ្វើបាប​ទៅលើ​រូប​គាត់ ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​ហាក់​មិន​ទទួលការ​អើពើ​ដោះស្រាយ​ណាមួយ​ឡើយ។

អ្នកស្រី​បាន​លើកឡើង​ថា៖ «អូ​! ខ្ញុំ​និយាយ​សព្វថ្ងៃ ខ្ញុំ​ពិបាក​មួយចប់ ប៉ុន្តែ​វា​ដូច​ថា​គ្មាន​អ្នកណា​មក​ជួយ​ដឹង​នៅក្នុង​គ្រួសារ​ខ្ញុំ​ទេ។ បើ​គេ​ដឹង គេ​ឮ មានតែ​គេ​សើចចំអក​ឱ្យ​យើង​តែ​ប៉ុណ្ណឹង ព្រោះអី​យើង​បែកបាក់​គ្រួសារ ប្ដី​នៅ​ផ្សេង ប្រពន្ធ​នៅ​ផ្សេង​អ៊ីចឹង​ទៅ។ កូនចៅ​ជួនកាលរត់​ទៅ​នៅ​ផ្សេង តែ​មានរឿង​នៅក្នុង​ផ្ទះ ​រត់ចេញ​អស់ នៅ​ផ្សេង ទៅតាម​ផ្ទះ​គេ​អស់​ វា​អ៊ីចឹង»។

អ្នកភូមិ​ម្នាក់ទៀត ឈ្មោះ កឹល យ៉ា អាយុ៥៤ឆ្នាំ ដែល​មានកូន​ប្រុស២នាក់បាន​និង​កំពុង​ប្រើប្រាស់​គ្រឿងញៀន​ជិត១០ឆ្នាំ​មក​ហើយ​នោះ ក៏បាន​រៀបរាប់​ពី​ទុក្ខ​លំបាកនិង​ក្តី​បារម្ភ​របស់​គាត់​ផង​ដែរ។

អ្នកស្រី​ថា នៅពេល​ដែល​កូនប្រុស​របស់​គាត់​ទាំងពីរចង់​ប្រើប្រាស់​គ្រឿង​ញៀន​ម្តង​ៗ គឺ​ពួក​គេ​តែងតែ​វាយ​ចាន​វាយ​ឆ្នាំងនិង​សម្ភារ​មួយចំនួន​នៅក្នុង​ផ្ទះ ហើយ​ពេលខ្លះ​ក៏បាន​ជេរប្រមាថ​លើ​រូប​គាត់​ថែមទៀត ដែល​ធ្វើ​ឱ្យ​គាត់​សម្រេចចិត្ត​រត់ចោល​ផ្ទះ ដើម្បី​គេច​ចេញពី​កូន​របស់​គាត់​ទៀតផង។ 

អ្នកស្រី​អះអាងបន្ថែម​ថា ជា​រៀងរាល់​មួយ​ខែឬកន្លះ​ខែ​ម្តង កូន​របស់​គាត់​តែងតែ​បូមឈាម​របស់​ពួក​គេយក​លក់ ដើម្បី​បាន​ប្រាក់​ទៅ​ទិញ​គ្រឿន​ញៀន ហើយ​បច្ចុប្បន្ន ពួក​គេ​មាន​អាការ​ស្លេកស្លាំង​ខ្លាំង។

អ្នកស្រី​ថា៖ «កាលណា​វា​អត់អី​ស៊ី​ វា​អស់កម្លាំង សព្វថ្ងៃ​វា​បូមឈាម​លក់ ឈាម​វា​ឈាម​អូរ [ប្រភេទឈាម O] […] កន្លះ​ខែ​ មួយ​ខែ ​វា​លក់​ម្ដង […] នេះ​វា​មិនបាន៣ខែ​ផង​ហ្នឹង តែ​កន្លះ​ខែ​មិនទាន់ ​បូម​ទៀតហើយ ឥលូវនេះ​ស្លេកស្លាំង​ អត់អី​ស៊ី​ទេ ហើយ​ខ្ញុំ​ទៅ​រក​អី​បាន​?»

អ្នកស្រី កឹល យ៉ា បាន​និយាយ​ថា អ្នកស្រី​ក៏​ធ្លាប់​បាន​យក​រឿង​ទាំងនេះ​ទៅ​ប្រាប់​មេភូមិនិង​ប៉ូលិសប៉ុ​ស្តិ៍ជាច្រើនលើក​ដែរ ប៉ុន្តែ​មិនដែល​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ ហើយ​អ្នកស្រី​បាន​ស្នើ​ឱ្យ​អាជ្ញា​ធរនិង​អង្គការ​ពាក់ព័ន្ធ​ឱ្យ​ជួយ​ណែនាំនិង​ចាត់​វិធានការណ៍​ទាំងនេះ។

អ្នកស្រី​ស្នើ​ថា៖ «ជួយ​ណែនាំ​ឱ្យ​កូន​ខ្ញុំ​ដើរ​ផ្លូវ​ល្អ​វិញ កុំឱ្យ​វា​ទៅអ៊ី​ចឹង ឱ្យ​វា​ដើរ​ផ្លូវ​ល្អ​ទៅ វា​ស្គាល់​ម៉ែ​ស្គាល់​ឪ កុំឱ្យ​វា​ទៅ​អ៊ីចឹង​ទៀត ខ្លាច​វា​ទៅ​ឆ្កួត​លា ដើរខុស​ទៀត​ទៅ ខ្លាច​វា​ចូល​គុក​ច្រវាក់​អី​ទៀត​ណា​អូន»។ 

អ្នកស្រី​បាន​បញ្ជាក់​ថា កន្លងមក អ្នកស្រី​មិនដែល​បាន​បញ្ជូន​កូន​របស់​គាត់ទៅ​មជ្ឈមណ្ឌល​ស្ដារ​នីតិសម្បទា​គ្រឿងញៀន​នោះ​ទេ ដោយសារតែ​អ្នកស្រី​មិន​ស្គាល់ ខណៈ​បញ្ហា​នេះ អ្នកស្រី​បាន​រាយការណ៍​ទៅ​តែ​ខាង​អាជ្ញាធរ​ភូមិ​ឃុំ​ប៉ុណ្ណោះ។ 

កំពុងតែ​មមាញឹក​ជាមួយនឹង​ការ​ដាំ​ស្ល​នៅ​ក្នុង​ផ្ទះ ស្ត្រី​វ័យ៧៥ឆ្នាំ​មួយ​រូប​ទៀត អ្នកស្រី នាង គន្ធា សង្កេតឃើញ​ថា បច្ចុប្បន្ន អ្នកប្រើ​ប្រាស់​គ្រឿងញៀន​នៅក្នុង​ភូមិ​នេះមានការ​កើនឡើង​ច្រើន ហើយ​អ្នកស្រី​ក៏​មិន​ហ៊ាន​និយាយ​ស្តី​ច្រើន​ជាមួយ​ក្រុម​អ្នក​ញៀន​គ្រឿងញៀន​ទាំងនោះ​ដែរ ដោយ​បារម្ភ​ខ្លាច​ពី​សុវត្ថិភាព។

អ្នកស្រី នាង គន្ធា បាន​រស់នៅ​ក្នុង​ភូមិ​វត្ត​លៀប​នេះតាំងពី​ឆ្នាំ១៩៩៣មក ដោយមាន​កូន​ចំនួន​៦នាក់ និង​ក្មួយប្រុស​ម្នាក់​ក្នុង​បន្ទុក ក្នុង​នោះ​ក្មួយប្រុស​របស់​អ្នកស្រីក៏​ជា​មនុស្សម្នាក់​ដែល​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ។

អ្នកស្រី គន្ធា បាន​និយាយ​ថា ក្មួយប្រុស​របស់​អ្នកស្រីតែងតែ​ទៅ​សេព​គ្រឿងញៀន​ជាមួយ​មិត្ត​ភក្តិក្នុង​ភូមិ ហើយ​ពេលខ្លះ​ពួក​គេ​បាន​ទៅ​សេព​គ្រឿងញៀន​នៅ​ក្បែរ​ផ្ទះ​អ្នកស្រី ដែល​បង្ក​ការភ័យខ្លាច​ដល់​អ្នកភូមិ។

អ្នកស្រី​បន្ថែម​ថា នៅពេល​ដែល​គាត់​យក​រឿង​ទាំងនោះទៅ​ជជែក​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​ភូមិ​-ឃុំ គឺ​អ្នកស្រី​តែងតែ​រង​ការ​ឆ្លើយ​បក​មកវិញ​ថា «ចេះដឹង​រឿង​គេ» ពីសំណាក់​ប្រជាពលរដ្ឋ​មួយចំនួនដែល​ពួក​គេ​មិន​ពេញចិត្ត​ផង​ដែរ។

អ្នកស្រី ទឹម ផល្លា អាយុ៥៦ឆ្នាំ ជា​អាជីវករ​ដើរ​លក់​នំប៉័ង​នៅ​ផ្សារ​បឹង​ឈូក ស្ថិត​ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​និយាយ​ដែរ​ថា កូនប្រុស​ច្បង​របស់​គាត់ដែល​មាន​អាយុ៣០ឆ្នាំ ក៏​ជា​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​ដែរ ដោយ​រូបគេ​បាន​ធ្វើបាប​ផ្លូវចិត្ត និង​បង្ក​ហិង្សា​ជាមួយ​បងប្អូន​ស្ទើរតែ​រាល់ថ្ងៃ ហើយ​ពេលខ្លះ​លួច​របស់របរ​នៅក្នុង​ផ្ទះ ទូរសព្ទ​ប្អូន និង​លុយ​ថែមទៀត​ផង។ 

អ្នកស្រី​បន្ត​ថា កូនប្រុស​របស់​គាត់ធ្លាប់​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល៣ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​និង​ចែក​ចាយ​គ្រឿង​ញឿន ប៉ុន្តែ​ក្រោយ​ចេញពី​ពន្ធនាគារ កូនប្រុស​លោកស្រី​កាន់តែ​ប្រើប្រាស់​គ្រឿងញៀន​ខ្លាំង​ជាង​មុន​ទៅទៀត។

អ្នកស្រី​បាន​បន្ត​ទាំង​ទឹកភ្នែក​ហូរ​ថា៖ «គ្រឿងញៀន​អាច​ធ្វើ​ឱ្យ​មនុស្ស​លែង​ស្គាល់​ឪពុកម្ដាយ បងប្អូន​កូនក្មួយ និង​អ្នក​ជុំវិញ​ខ្លួន នៅពេល​ដែល​ប្រើប្រាស់​ហើយ គឺ​គេ​ហាក់បីដូចជា​មនុស្ស​ឆ្កួត លែង​ស្គាល់​អ្វី​ទាំងអស់»។

មន្ត្រីប៉ូលិសប្រ​ចាំ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បាន​បដិសេធ​ផ្ដល់​បទសម្ភាសន៍នៅពេល​ដែល​អ្នកសារព័ត៌មាន វី​អូ​ឌី សុំ​ជួប​សម្ភាសនៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចំការ​សំរោង​នោះ។

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​ទទួលស្គាល់​ថា បញ្ហា​គ្រឿងញៀនពិតជា​មានការ​កើនឡើង​ច្រើន​ពិតមែន ប៉ុន្តែ​អាជ្ញាធរ​ខេត្តបាន​និង​កំពុង​ខិតខំ​ផ្សព្វផ្សាយនិង​ទប់ស្កាត់​បញ្ហា​នេះ​ជា​រៀងរាល់ថ្ងៃ។ អភិបាលខេត្ត​រូប​នេះក៏បាន​ចោទ​ជា​សំណួរ​មកវិញ​ជុំវិញ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​គ្រឿងញៀន​នេះ​ថា«តើ​ឱ្យ​យើង​ធ្វើ​យ៉ាងម៉េច​?»។

លោក​បាន​ថ្លែង​ថា៖ «ឥលូវគេ​ធ្វើ​រាល់ថ្ងៃ ដើរ​ផ្សព្វផ្សាយ​ឱ្យ​គាត់​រាយការណ៍​រាល់ថ្ងៃ មុខសញ្ញា​ប្រាប់​ហើយ​គេ​ចាប់​ហូរហែ ប្អូន​ប្រាប់​មើល៍! ក្រែងលោ​មានគំនិត​អី​ថ្មី បើ​យើង​ទទួលស្គាល់​ថាគ្រឿងញៀន​វា​កើត​ហើយ​ណា ចាប់បាន​បី​បួន​ប្រាំ​គីឡូ បី​បួន​ប្រាំ​គីឡូ! ហើយ​ចាប់បាន​ហូរហែ ចាប់បាន​រាល់​យប់ វា​នៅ​តាម​ចំណុច​ហ្នឹង​សេសសល់ តាម​ប្រមាញ់​មុខសញ្ញា​វា​បន្តបន្ទាប់»។

លោក​បន្ថែម​ថា៖ «យើង​មាន​ក្រសួងមហាផ្ទៃ លោក​យកចិត្ត​ទុកដាក់​ណាស់ សម្ដេច​ក្រឡាហោម ស ខេង យើង​មាន​សារាចរណែនាំ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះឯង​ ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍ […] អ៊ីចឹង​មាន​អ្នករាយការណ៍​ស្ងប់ស្ងាត់ លាក់ការណ៍​អ្នករាយការណ៍ ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​ជាមួយ​សុវត្ថិ​ភាព​ផ្ទាល់​អ៊ីចឹងណា រាយការណ៍​មក យើង​សហការ​ជាមួយ អ៊ីចឹង​បាន​យើង​ចាប់បាន»។

ចំណែកស្នងការ​រង​នគរបាល​ខេត្តបាត់ដំបង លោក គុយ ហេង មានប្រសាសន៍​ថា ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត មិនទាន់​អាច​បង្ហាញ​ទិន្នន័យ​ច្បាស់លាស់​ជុំវិញ​បទល្មើស​គ្រឿងញៀន​ក្នុង​ឆ្នាំ២០២០បាន​នៅឡើយ​ទេ ដោយសារតែ​របាយការណ៍​មិនទាន់​បាន​ចេញផ្សាយ​ជា​សាធារណៈ។

ទោះ​យ៉ាងណា លោក​មានប្រសាសន៍​យ៉ាង​ខ្លី​ថា ការ​ចាត់វិធានការ​ទៅលើ​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​នេះ ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់និង​ជា​រៀងរាល់ថ្ងៃ។ លោក​បន្ថែម​ថា បច្ចុប្បន្ន មជ្ឈមណ្ឌល​ស្ដារ​នីតិសម្បទា​គ្រឿងញៀន​នៅក្នុង​ខេត្តបាត់ដំបង មាន​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​ចំនួន២៨០នាក់កំពុង​ទទួលការ​ព្យាបាល​និង​ស្តារ​នីតិសម្បទា​គ្រឿងញៀន​នៅក្នុង​មជ្ឈមណ្ឌល​នោះ។ 

ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចរាចរគ្រឿងញៀន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដែល​លោក​ថា កំពុង​រីកសាយ​ភាយ​ដល់ទី​ជនបទ។

លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា៖ «ការ​បារម្ភ ការ​ទស្ស​ន៍ទាយ​របស់ខ្ញុំ​មិនសូវ​ខុស​ប៉ុន្មាន​ទេ មានការ​បារម្ភ​អំពី​គ្រឿងញៀនដែល​រាលដាល​ដល់ទី​ជនបទ។ ឥលូវហ្នឹងគឺថា​មួយថ្ងៃ​យ៉ាងតិច​ណាស់៦ខេត្ត ទៅ១០ខេត្ត មាន​មួយ​ពីរ​ករណី។ រឿង​នេះ​បើ​យើង​មិន​ស្រុះគ្នា​ដើម្បី​ធ្វើ​ទេ គ្រឿងញៀន​វា​ត្រួតត្រា​យើង​ថ្ងៃណាមួយ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គឹម​អេង សង្កេតឃើញ​ថា បញ្ហា​គ្រឿងញៀននៅតែ​បន្ត​កើតឡើង ជាពិសេស​នៅ​តាម​ជនបទ។ លោក​បន្ត​ថា ពីមុន បញ្ហា​គ្រឿងញៀន​នេះ​មានតែ​នៅ​តាម​ទីប្រជុំជន​តែប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន លោក​ថា បញ្ហា​នេះបាន​រីកសាយ​ភាយ​ទៅដល់​ទី​ជនបទ។

លោក​ថា៖ «ខ្ញុំ​មិនដឹង​ថា​យ៉ាងណា​ទេ ព្រោះ​ដោយសារតែ​ខ្ញុំ​ឃើញថា ឧទាហរណ៍​ថា ស្ងប់ស្ងាត់​នៅកន្លែង​ផ្សេងទៀត ប៉ុន្តែ​វា​ទៅ​កើន​កន្លែង​ផ្សេងទៀត អ៊ីចឹង​វារី​កសាយភាយ​ទៅតាម​ជនបទ​ហ្នឹង វា​កាន់តែ​ច្រើន​ឡើង​ៗ វា​ខុសប្លែក​ពីមុន។ កាលពីមុន វា​មានតែ​នៅ​ទីប្រជុំជន​ដែល​យើង​បារម្ភ​គ្រឿងញៀន ឥលូវនេះ​គឺ​មិន​ចាំបាច់​ថា​នៅតែ​ទីក្រុង ឬនៅ​ទីប្រជុំជន ឬក៏​នៅ​ទី​ជនបទ​ទេ ការ​ប្រឈម​គឺ​ដូចគ្នា​ទាំងអស់»។

ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​មានប្រសិទ្ធភាព លោក​យល់ថា អាជ្ញាធរ​ត្រូវ​មាន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​ច្បាស់លាស់ មានការ​ប្ដេជ្ញា​ចិត្ត​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ដោះស្រាយ និង​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យ​ដូចជា​ភ្លៀងរលឹម។

លោក​ថា៖ «ខ្ញុំ​ថា​ចំពោះ​បញ្ហា​នេះ ការ​ចាត់វិធានការ​របស់​អាជ្ញាធរ ទាល់​តែ​ធ្វើជា​ដូចជា​ភ្លៀងរលឹម មិន​អាច​ធ្វើ​មួយ​រយៈ​ខ្លី​ហើយ​ឈប់ ហើយ​ធ្វើ​យុទ្ធនាការ​តែមួយ​រយៈពេល​ទេ ត្រូវ​ធ្វើជា​ប្រចាំ។ ហើយ​បញ្ហា​នេះ​មិនមែន​ជា​បញ្ហា​ដែល​ងាយស្រួល​ទេ វា​ជា​ការ​លំបាក យើង​ដឹង​ថា​វា​ពិបាក ប៉ុន្តែ​ក៏​ត្រូវ​ចាត់វិធានការ​ប្រកបដោយ​វិជ្ជាជីវៈ ប្រកបដោយ​ជំនាញ ហើយនឹង​ការ​តាំងចិត្ត​ខ្ពស់​ដែរ បាន​បញ្ហា​គ្រឿងញៀន​នេះ​កាត់បន្ថយ​ទៅ​បាន»។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ដែល​វី​អូ​ឌី​ទទួល​បាន​កាលពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២០នេះ សមត្ថកិច្ច​ជំនាញ បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប ១០ ៤៦១ ករណី និង​រឹបអូស​បាន​វត្ថុ​តាង​គ្រឿងញៀន​ចំនួន ៣ ១៨៩ គីឡូក្រាម និង​សារធាតុគីមី​ផ្សំ​ចំនួន ៥ ០២៥ គីឡូក្រាម។

របាយការណ៍​ដដែល​បន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន ២១ ៥៦៦ នាក់ (ជនបរទេស ៣៨៩ នាក់​) ក្នុង​នោះ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ កែច្នៃ រក្សាទុក និង​ដាំដុះ​ចំនួន ១២ ៧៣៩ នាក់ និង​អ្នកប្រើ​ប្រាស់​ចំនួន ៨ ៨២៧ នាក់ រួម​នឹង​រឹបអូស​បាន​វត្ថុ​តាង​ដែល​ប្រើ​ក្នុង​បទល្មើស​ជាច្រើន​ទៀត។

តួលេខ​ប្រចាំឆ្នាំ២០២០ ដែល​ផ្តល់​ដោយ​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​នេះ បាន​បង្ហាញ​ពី​ការ​កើនឡើង​ប្រមាណ៤ដង​នៃ​គ្រឿងញៀន​ដែល​រឹបអូស​បាន និង​កើនឡើង​ប្រមាណ៥ភាគរយ​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន បើ​ធៀប​នឹង​ឆ្នាំ២០១៩។

កាលពី​ឆ្នាំ២០១៩ សមត្ថកិច្ច​ជំនាញ​បង្ក្រាប​គ្រឿងញៀនបាន​ចំនួន ៩ ៨០៦ ករណី ឃាត់ខ្លួន​មនុស្ស ២០ ៤៩០ នាក់ (ជនបរទេស ៤៤៧ នាក់​) និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ៧៥០ គីឡូក្រាម ដែល​ចំនួន​នេះ​កើនឡើង​ជិត ៣០​% ទៅហើយ ​បើ​ធៀប​នឹង​ឆ្នាំ២០១៨ នេះ​បើ​យោង​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ២០១៩​៕

ដោយ៖ ពក​ ខឺយ និង នី​ ណារិទ្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ