ទូតអាមេរិកលើកករណីអតីតបុគ្គលិកវិទ្យុអាស៊ីសេរីសួររដ្ឋមន្ត្រីក្រសួងព័ត៌មាន

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។ រូបភាព៖ ហួត វុទ្ធី

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy បាន​លើក​យក​ករណី​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទៅ​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​ថា​ករណី​ដំណើរ​ការក្ដី​ដ៏​យូរ​របស់​កម្ពុជា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​អ្នក​ទាំង​ពីរ។

ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Patrick Murphy បាន​សរសេរ​នៅ​លើ​Twitterរបស់​លោក កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ​ឆ្នាំ​២០២១ ថា ក្នុង​ជំនួប​មួយ​នៅ​ក្រសួង​ព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​៩ កុម្ភៈ លោក បាន​លើក​យក​ករណី​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញ​មតិនៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ទៅ​ជជែក​ជាមួយរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ។

ក្នុង​ជំនួប​នោះ​លោក​ក៏​បាន​លើក​យក​ករណី​នៃ​ការ​បើក​ឡើង​វិញវិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ និង​ករណី​អូស​បណ្ដាយ​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរីគឺ​លោក អ៊ូន ឈិន និង​លោក​យាង សុធារិន្ទ ផង​ដែរ។

លោក​បាន​សរសេរ​ថា៖ « ថ្ងៃនេះ បានជួបជាមួយលោក ខៀវ កញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ពិភាក្សា​អំពី​ការវិលត្រឡប់មកវិញរបស់វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ដោយជោគជ័យក្នុងប្រទេសកម្ពុជា និងសារៈ​សំខាន់​នៃ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញ​មតិនៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព្រមទាំងការ​ចោទ​ប្រកាន់​ពីបទឧក្រិដ្ឋដែលមិនទាន់ដោះស្រាយចំពោះអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី » ។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភណ្ឌ បាន​ឱ្យ​VOD ដឹង​ថា​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ពិត​ជា​មាន​ការ​ជជែក​ពី​ករណី​លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពិត​មែន។

លោកថា៖ « ពាក់ព័ន្ធចំណុចនេះឯកអគ្គរដ្ឋទូតអាមេរិកធ្វើការកត់សម្គាល់ថាវាជាដំណើរការមួយដែលប្រើរយៈពេលមួយដែលវាអាចធ្វើឳ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកទាំងពីរហ្នឹង »

បើ​តាម​លោក មាស សុភណ្ឌ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​តប​ចំពោះ​ករណី​នេះ គឺ​ស្ថិត​ក្នុង​នីតិ​វិធី​របស់​តុលាការ ហើយ​មិន​អាច​ជ្រៀតជ្រែក​បាន​នោះ​ទេ។

សំ​ណុំរឿ​ង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អតីត​អ្នករាយ​ការណ៍​អា​ស៊ី​សេរី​ ​២​រូប ​គឺលោក​ អ៊ួន​ ឈិន​ និង​លោក​​​ ​​​យាង​​ សុធារិន្ទ​ បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង៣​ឆ្នាំហើយ​ក្រោយពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន​​ ​កាល​ពីថ្ងៃ​ទី​១៤​ វិច្ឆិកា​ ឆ្នាំ២០១៧ ​ហើយ​បាន​ឃុំ​ខ្លួន​​ពួក​​លោក​​ជាង​ ​៩ខែ​ទើប​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។​ ​តុលាកា​រ​បាន​​ចោទ​ប្រកាន់​អ្នក​​ទាំង​ពីរ ពីបទលួចផ្ញើព័ត៌មានសម្ងាត់ឲ្យរដ្ឋបរទេស និងបទចោទ​ផលិត និងកាន់កាប់រូបភាពអាសអាភាស។

សំណុំរឿងប្រឆាំងនឹងអ្នកទាំងពីរ ត្រូវបាន​តុលាការរាជ​ធានី​ភ្នំពេញ​បើក​ការ​ស៊ើបអង្កេតឡើងវិញ ដោយគ្មានកាលកំណត់ បន្ទាប់​ពីរក​ពុំឃើញ​​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បីដាក់បន្ទុកលើអ្នកទាំងពីរ។

លោក យាង សុធារិន្ទ មាន​ប្រសាសន៍​ប្រាប់​VOD ថា​ ការ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញរបស់​តុលាការ​លើ​សំណុំ​រឿង​គាត់ បាន​ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក​ជា​ច្រើន​ទាំង​ការ​ធ្វើ​ដំណើរ ដោយ​សារ​លិខិត​ឆ្លង​ដែន​ត្រូវ​បាន​អាជ្ញាធរ​ដក​ទុក ហើយ​ការ​ប្រកប​ការងារ​ក៏​មិន​បាន​ពេញ​លេញ​ដូច​មនុស្ស​ធម្មតា​ផង​ដែរ​។ ​លោក​ស្នើ​​ដល់​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ឬ​ទម្លាក់​បទ​ចោទ​លើពួកគាត់ ​ដោយ​ថា​ការ​ចំណាយ​ពេល​ស៊ើប​អង្កេត​ដ៏​យូរ​បែប​នេះ​វា​ឱ្យ​លោក​មាន​អារម្មណ៍​មិនដាច់​ស្រលះ និង​ពុំ​អាច​ធ្វើ​ការ​បាន​ដូច​គេ​ឯងនោះ​ទេ។

អតីតអ្នកសារព័ត៌អាស៊ីសេរីរូបនេះ បានលើកឡើងថា៖ « យើង​នៅមានកា​របារម្ភទាក់ទង​នឹង​ការបញ្ចេញ​មតិ ​ការ​សរសេរ​អត្ថបទ​ផ្សេងៗ​ យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ​មិនដឹង​ថាតើ​នៅពេល​អត្ថបទ​យើង​សរសេរ​​ទៅ ​មាន​ភាគី​ណាសប្បាយចិត្តឬមិន​សប្បាយ​ចិត្ត​ទេ ​ព្រោះសំណុំ​រឿង​នៅក្នុង​​តុលារ​ការ​ស្រាប់។ […]  ការស៊ើបអង្កេតជាងបីឆ្នាំ ខ្ញុំជឿជាក់ថាវាគ្រប់គ្រាន់ហើយ បីឆ្នាំជាងនេះ បើ​សិន​ស៊ើប​អង្កេត​យក​ចិត្ត​ទុក​ដាក់ ហើយបើគ្មានភស្ដតាងអី សុំទំលាក់ចោលបទចោទមកលើយើងខ្ញុំទាំង ដើម្បីឱ្យមានសេរីភាព​ដូច​គេដូច​ឯង » ។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន ប្រាប់វីអូឌីថា​លោក​មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ​ពី​ករណី​ស៊ើប​អង្កេត​លើ​​សំណុំ​រឿង​លោក យាង សុធារិន្ទ និង​អ៊ូន​ឈិន​ ដោយ​ថា​វាស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​​ចៅ​ក្រមនៅ​ឡើយ​​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​កាសែត​កម្ពុជា​ហៅ​កាត់​ថាខេមបូ​ចា លោក ណុប វី​ យល់​ថា ​ករណី​របស់​លោក​យាង​ សុធារិន្ទ និង​លោក​អួន ឈិន​នេះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​ដទៃ​ក្នុង​ការ​អនុវត្តន៍​ការងារ​របស់​ខ្លួន​ផង​ដែរ។

លោក​ថា ​៖ « យើងទទូច​ទៅប្រព័ន្ធតុលាការឱ្យពិចារណាក្នុងការទំលាក់ចោល​ចំពោះករណី​អតីតអ្នក​សារព័ត៌មាន​​វិទ្យុអាស៊ីសេរី ដោយសារតែយើងយល់ឃើញថា អនុវត្តរបស់គាត់ហ្នឹង ជាផ្នែកមួយ​នៃការ​អនុវត្ត​សេរីភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៤១ និង ច្បាប់អន្ដរជាតិផ្សេងៗទៀត »។

យោងទៅតាមរបាយការណ៍ដែលចេញដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនប្រចាំឆ្នាំ២០២០ ប្រទេសកម្ពុជា​ជាប់ចំណាត់​ថ្នាក់លេខ​១៤៤​ ក្នុងចំណោម១៨៨ប្រទេសនៅលើពិភពលោក ចំពោះលំហសេរីភាពនៃសារព័ត៌មាន ដែល​ចំណាត់​ថ្នាក់នេះ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១៨​ ដែល​ជា​ឆ្នាំ​នៃ​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​មួយ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សារព័ត៌មាន​ឯករាជ្យ និង​មិន​ចំណុះ​ខ្លួន៕

ដោយ​លោកហាន ណូយនិង​លោកឌុច ឧត្តម

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ