រាជ​អាជ្ញា​ខេត្ត​រតនគិរី ប្តឹង​ទាស់​ការ​ទម្លាក់​បទ​ចោទ​លើ​អតីត​អ្នកកាសែត​ដេលី​២រូប

អ្នកសារព័ត៌មានកំពុងសរសេរលេខចុងក្រោយរបស់កាសែតឌឹខេមបូឌាដេលីនៅក្នុងការិយាល័យនារាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០១៧។(រូបថតដោយAnanth Baliga)

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានប្តឹងទាស់នឹងសេចក្តីសម្រេច​របស់ចៅក្រម ​ដែល​បានទម្លាក់បទចោទលើអតីតអ្នកសារព័ត៌មានកាសែតឌឹខេមបូឌាដេលីចំនួន​២រូប។

បណ្ដឹង «ញុះញង់» ចោទ​ទៅលើ​អតីត​អ្នកកាសែត​ ឌឹខេម​បូ​ឌា ដេលី លោក អូន ភាព និង​លោក Zsombor Peter ត្រូវ​បាន​សាលាដំបូង​ខេត្តរតនគិរី ​សម្រេច​ទម្លាក់​ចោល ​កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពី​ដើមចោទ​បានសម្រេច​ដក​ពាក្យបណ្ដឹង​របស់​ខ្លួន​វិញ។

តែយ៉ាងណា អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ភ្លាមៗ ក្រោយការប្រកាសសាលក្រមរបស់ចៅក្រម ដែល​​សម្រេចទម្លាក់ចោលបទចោទនេះ ព្រះ​រាជ​អាជ្ញា បាន​ប្តឹងទាស់​នឹង​សេចក្តីសម្រេច​របស់ចៅក្រម ទៅកាន់​​សាលាឧទ្ធរណ៍។

លោក​បន្តថា ផ្អែកតាមនិតិវិធី តំណាងអយ្យការអមសាលាដំបូងខេត្ត មានសិទ្ធិរយៈពេលមួយខែ ដើម្បីប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ខណៈដែលអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍មានរយៈពេល ២ ខែទៀត ដើម្បីប្តឹងជំទាស់ដែរ។

ទោះយ៉ាងណា លោកថា លោកមិនអាចពន្យល់លម្អិតបន្ថែមពីបញ្ហានេះបានទេ ប៉ុន្តែថា ព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍ ព្រោះលោកជាម្ចាស់នៃសំណុំរឿងក្តី ក៏ដូចជា​ អ្នកចោទប្រកាន់អ្នក​កាសែតទាំងពីរ។

 លោក កែវ ពិសុទ្ធ ថា៖ «គាត់ប្រហែលជាគិតថា ការចោទប្រកាន់របស់គាត់ គឺត្រឹមត្រូវជាងការសម្រេចរបស់លោកចៅក្រមឬយ៉ាងម៉េច។ គាត់មានសិទ្ធិប្តឹងឧទ្ធរណ៍»

លោក អូន ភាព និង​ លោក Zsombor Peter ដែល​មិនស្ថិតនៅក្នុងប្រទេសកម្ពុជា​នោះ ត្រូវបានចោទ​ប្រកាន់ពីបទញុះញង់ បន្ទាប់ពីធ្វើដំណើរទៅខេត្តរតនគិរី ដើម្បីធ្វើសេចក្តីរាយការណ៍ អំពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧។

អតីតអ្នកកាសែត ឌឹ ខេមបូឌា​ដេលី ម្នាក់ លោក Zsombor Peter បានប្រាប់វីអូឌី នៅថ្ងៃសុក្រនេះថា ការសម្រេច​របស់​ព្រះរាជអាជ្ញា ក្នុង​ការប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់តុលា​ការ គឺជារឿងនយោបាយ​សុទ្ធសាធ និងថា ក្នុងអំឡុងពេលសវនាការកាលពីឆ្នាំមុនដើមបណ្តឹង​ មិនបានព្យាយាមការពារ​បណ្តឹងរបស់ពួកគេ​ប្រឆាំងនឹងរូបលោក និងលោក អូន ភាព នោះ​ទេ ហើយបានដកពាក្យបណ្តឹង ចំណែកចៅក្រមសម្រេចទម្លាក់ការចោទប្រកាន់នេះ។

 លោក ហ្សំប័រ ភីធើ បាននិយាយថា៖ «ព្រះរាជអាជ្ញាកំពុងបន្តរឿងក្តីនេះ ដោយគ្មានភស្តុតាងបន្តិចសោះ ពីព្រោះវាមិនមានភស្តុតាងណាមួយសោះ»

ព្រះរាជអាជ្ញាខេត្តរតនគិរី លោក ងិន ពេជ សុំមិនធ្វើអត្ថាធិប្បាយ​ដោយឱ្យទៅ​សួរព្រះរាជអាជ្ញារង លោក រ៉ា បូរ៉ាន់ឌី វិញ។

តែយ៉ាងណា លោក រ៉ា បូរ៉ាន់ឌី ប្រាប់ថា ការប្ដឹងជំទាស់នឹងសេចក្ដីសម្រេច គឺធ្វើតាមព្រះរាជអាជ្ញាខេត្តរតនគិរី លោក ងិន ពេជ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ការប្ដឹង​ជំទាស់របស់ព្រះរាជអាជ្ញា ជារូបភាពមួយទៀតនៃការគំរាមកំហែងដល់សិទ្ធិសេរីភាពអ្នកសារ​ព័ត៌​មាន។

លោកថា៖ «ការធ្វើទុកបុកម្នេញ មិនមែនតែលើជនជាដើមបណ្ដឹងទេ គឺនៅក្នុងផ្លូវច្បាប់ផ្នែកមួយនៃការធ្វើទុកបុកម្នេញទៅលើអ្នកសារព័ត៌មានដែរ។ បញ្ហាទាំងអស់ហ្នឹង គួរតែពិនិត្យមើលឡើងវិញ បើសិនជាស្ថានភាពទាំងអស់ហ្នឹង មិនមានអំពើល្មើស​ពីច្បាប់ ហើយមានការសម្រេចសេចក្ដីបញ្ចប់ហើយ។ ខ្ញុំគិតថា វាសមល្មមប្ដឹងចូលក្នុងតុលាការហើយ​​ បន្តនីតិវិធីក៏យូរដែលហើយ វាអាចធ្វើប៉ះពាល់ដល់ពេលវេលាក្នុងការអនុវត្តជាបន្តបន្ទាប់ទៀត ហើយវាធ្វើឱ្យអ្នកសារព័ត៌មានពិបាកវិលត្រឡប់មកធ្វើកិច្ចការខ្លួនវិញ»

កាសែត ឌឹ ខេមបូឌា ដេលី បានបញ្ឈប់ការបោះពុម្ពផ្សាយរបស់ខ្លួន នៅខែកញ្ញា ឆ្នាំ២០១៧ ចំពេល​មានសម្ពាធ​ទាក់ទិនប្រាក់ពន្ធ ដែលមានទឹកប្រាក់រាប់​លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ