ក្រសួង​វប្បធម៌​អំពាវ​នាវ​ឱ្យ​ប្រើប្រាស់​ទិវា​នៃ​ក្ដីស្រឡាញ់​ឱ្យ​ស្រប​ទៅ​តាម​ប្រពៃណី​ខ្មែរ​

ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវ​ដល់​គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ​ និងក្រើនរំលឹក​​ដល់​យុវជន ឱ្យ​​ប្រើ​ប្រាស់​​ទិវា​ក្តីស្រឡាញ់​ ឱ្យ​ស្របទៅតាម​គន្លងប្រពៃណីរបស់ខ្មែរ ដើម្បី​រួមចំណែក​លើក​ស្ទួយ​កិត្យា​នុភាព​សង្គម​​ជាតិ។

ក្នុងសេចក្តីអំពាវនាវរបស់ក្រសួង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានលើកឡើងថា បច្ចុប្បន្ន ទិវាក្តីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ បាននិងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសស្រទាប់យុវជន ដែលបណ្តាល​ឱ្យ​មនុស្ស​មួយចំនួន ប្រើប្រាស់ទិវានេះដោយភាពភ័ន្តច្រឡំ នាំឱ្យ​ប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីជាតិ។

ករណីនេះ ក្រសួងបានអំពាវនាវដល់​មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស​យុវជន ចូលរួម​ផ្សព្វ​ផ្សាយ​ អប់រំ និងក្រើនរំលឹក​ដល់​បងប្អូន និងកូនចៅរបស់ខ្លួន ឱ្យ​ប្រើប្រាស់​ទិវានេះស្របតាមគន្លងប្រពៃណីជាតិ ដើម្បី​កិត្តិយស និងភាពថ្លៃថ្នូររបស់ក្រុមគ្រួសារ ជាពិសេស ដើម្បីរួមចំណែក​លើក​កម្ពស់​កិត្យានុភាព​នៃ​សង្គម​ជាតិ។

ក្រសួងបានលើកឡើង​ថា៖ «ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជំម្រៅចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាស្វែងយល់ឱ្យ​​​គ្រប់ជ្រុងជ្រោយ​​ពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំលៀមទំលាប់ពីខាងក្រៅ ដើម្បីបន្ស៊ីចូលក្នុងឥរិយាបទ និងបរិបទនៃសង្គមរបស់ខ្លួន»

ក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ទិវានៃក្ដីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែករំលែក នូវក្ដីស្រលាញ់​ប្រកប​ដោយភាពទូលំទូលាយ និងសន្តាន​ចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួន ​រួ​មមាន គ្រួសារ ឳពុក​ម្ដាយ ប្ដីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា ជនពិការ កុមារកំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយជាងខ្លួនជាដើម។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ក្រសួង​អប់រំ ក៏បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន​ទាំងអស់ ចូលរួម​ទប់ស្កាត់​រាល់​សកម្មភាព​មិន​ប្រក្រតីក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់ នៅ​តាម​គ្រឹះស្ថានសិក្សា​របស់​ខ្លួនផងដែរ។ ក្រសួង​បានណែនាំឱ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅដល់​សិស្សានុសិស្ស​ឱ្យ​បាន​ច្បាស់ និង​កុំឱ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ​នៃទិវា​​សេចក្តី​ស្រលាញ់​នេះ៕

អត្ថបទដោយ សេន តុលា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ