ពលករនិងនិស្សិតខ្មែរនៅក្រៅប្រទេសចង់ឱ្យរដ្ឋាភិបាលកម្ពុជាស្នើម្ចាស់ប្រទេសឱ្យពួកគេទទួលបានវ៉ាក់សាំងកូវីដ១៩

ពលរកខ្មែរថតរូបជុំគ្នានៅការិយាល័យព្រំដែនខេត្តសាកែវ ប្រទេសថៃ (ប្រភព: ហ្វេសប៊ុក ក្រសួងការបរទេសកម្ពុជា)

ពលករនិងនិស្សិតខ្មែមួយចំនួនដែលកំពុងសិក្សា និងធ្វើការនៅបណ្តាប្រទេសផ្សេងៗ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្នើដល់ម្ចាស់ប្រទេសដែលខ្លួនកំពុងរស់នៅឱ្យផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ដល់ពួកគេដោយមិនគិតថ្លៃ។

ពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី លោក ហ្សាការីយ៉ា បានប្រាប់វីអូឌី (VOD) នៅថ្ងៃនេះថា​ ប្រទេសម៉ាឡេស៊ីនៅមិនទាន់មានការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងធ្វើការ ឬស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយទេ។

ពលករខ្មែរដែលធ្វើការជាកម្មកររោងចក្រ និងជាតៃកុងរថយន្តដឹកកម្មករ កម្មការីរោងចក្រ បានមានប្រសាសន៍ថា៖»អត់មានទេ ប៉ុន្មានថ្ងៃមុនថ្ងៃចន្ទហ្នឹង កាលហ្នឹងលឺថាទៅសុំវ៉ាក់សាំងនៅឥណ្ឌូនេស៊ី ចុះស៊ីញ៉េនៅ­ឥណ្ឌូនេស៊ី សុំវ៉ាក់សាំងពីឥណ្ឌូនេស៊ីមក ក៏ប៉ុន្តែអត់មានអីទេ ពេលស្តាប់ព័ត៌​មានទៅអត់​មាន​និយាយរឿងវ៉ាក់សាំងទេ និយាយរឿងសេដ្ឋកិច្ច និងនិយាយរឿង​អន្តោប្រវេសន៍​ប្រជាជនឥណ្ឌូនេស៊ី​នៅក្នុង​ប្រទេសម៉ាឡេស៊ីទេ»។

តាមរយៈវីអូឌី ពលករខ្មែរដែលមានវ័យ២៨ឆ្នាំរូបនេះ បានស្នើសុំមករដ្ឋាភិបាលកម្ពុជា ឱ្យស្នើដល់រដ្ឋាភិបាលម៉ាឡេស៊ី ឱ្យផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ពលករខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីផង។

លោកបានស្នើថា​៖«យើងចង់ស្នើចង់ស្នើហើយរឿងហ្នឹង ក៏ប៉ុន្តែយើងថា ដូចខ្ញុំនិយាយច្បាស់ចឹង ទោះយើងស្នើយ៉ាងណាក៏  ដោយ ពិបាកក្នុងការស្នើសុំពីរដ្ឋាភិបាលយើងចឹងហា»។

ចំណែកនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសវៀតណាម លោក សេង បូរ៉ាមី ជានិស្សិតរៀនផ្នែកវិជ្ជសាស្រ្តនៅខេត្ត ត្រាវីង បានប្រាប់វីអូឌី  (VOD​​) នៅថ្ងៃនេះដែរថា រូបលោក​ក៏នៅមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយពីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះដែរ។

លោក សេង បូរ៉ាមី បានប្រាប់​ថា​៖ «យើងអត់ទាន់ទទួលបានវ៉ាក់សាំងចាក់ទាំងអស់គ្នាក៏ពិតមែន ប៉ុន្តែខាងរដ្ឋាភិបាលរបស់វៀតណាមគឺគាត់តែងតែយកចិត្តទុកដាក់ការពារ ឬក៏ចែករំលែកផ្សព្វផ្សាយអំពីបញ្ហាហ្នឹង ឬក៏ប្រាប់ពីតំបន់ដែលអាចឆ្លងជំងឺ។ ចឹងយើងមិនអាចធ្វើដំណើរបានឆ្ងាយឬក៏យើងទៅឆ្ងាយចូលប៉ះតំបន់ដែលមានផ្ទុកជំងឺហ្នឹង មកវិញយើងត្រូវធ្វើចត្តាឡីស័កមុនចូលកន្លែងយើងរៀន ឬក៏កន្លែងយើងធ្វើការ ដោយសារតែមានបញ្ហាជំងឺកូវីដហ្នឹងអីចឹងគេមិនអោយយើងឆ្លងប្រទេសធ្វើដំណើរដូចធម្មតាទេ ប្រសិនបើយើងឆ្លងប្រទេស គឺត្រូវធ្វើចត្តាឡីស័ក»។

មិនខុសពីពលករនិងនិស្សិតខ្មែរខាងលើ ពលករខ្មែរម្នាក់ទៀត ដែលកំពុងធ្វើការនៅតំបន់០៤១នៃប្រទេសកូរ៉េខាងត្បូង លោក ម៉ន ឌី បានផ្ដល់បទសម្ភាសន៍តាមរយ:ប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុកមកកាន់ VOD ថា លោកធ្លាប់បានឮព័ត៌មានពីវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែវ៉ាក់សាំងទាំងនោះ គឺមិនទាន់បានផ្ដល់សម្រាប់ពលករឬក៏ប្រជាជនកូរ៉េទាំងអស់គ្នានោះទេ។ លោកបន្តថា វ៉ាក់សាំងទាំងនោះ គឺសម្រាប់ផ្ដល់ជូនតែប្រជាជនកូរ៉េខ្លះៗប៉ុណ្ណោះ ហើយសម្រាប់តែអ្នកដែលជាបុគ្គលិកធ្វើការនៅក្នុងរោងចក្រផលិតវ៉ាក់សាំងតែប៉ុណ្ណោះ។

បើតាមពលករខ្មែរនៅកូរ៉េខាងត្បូងរូបនេះ សម្រាប់ស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងពេលបច្ចប្បន្ន គឺនៅតែមានហានិភ័យខ្ពស់នៅឡើយ។

អត្ថបទដោយ៖ កញ្ញា អី យាន លោកសេន តុលា កញ្ញាសំអឿន និស្ស័យបុណ្យ និងលោក ពក ខឺយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ