មន្រ្តីនិងអ្នកសារព័ត៌មានត្រេកអរពេលបានចាក់វ៉ាក់សាំងស៊ីណូហ្វាមទោះWHOមិនទាន់ទទួលស្គាល់

គ្រូពេទ្យនៅមន្ទីពេទ្យអង្គឌួងកំពុងចាក់វ៉ាក់សាំងកូវីដ១៩ឱ្យ លោកហាស វង្សតារា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលមួយនៃទីស្ដីការគណរដ្ឋមន្រ្តីនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។(ថតដោយ សេង តុលា)

មន្រ្តីរាជការ និងអ្នកសារព័ត៌មានមួយចំនួនបានបង្ហាញសេចក្តីត្រេកអរនៅពេលដែលពួកគេបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដែលជារបស់ចិន បើទោះបីជាអង្គការសុខភាពពិភពលោកមិនទាន់​ទទួលស្គាល់វ៉ាក់សាំងនេះយ៉ាងណាក្តី។

នៅថ្ងៃទី១០ ខែកុម្ភៈ  ឆ្នាំ២០២១ កម្ពុជា បានចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​​លើក​ដំបូង នៅទីតាំងចំនួន ៥​ផ្សេងៗ​គ្នា រួមមាន មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យអង្គឌួង មន្ទីរ​ពេទ្យ​កុមារ​​​ជាតិ និងមន្ទីរពេទ្យ​ព្រះកេតុមាលា។

អគ្គលេខាធិការរងនៃគណៈ​កម្មាធិការជាតិ ​ជំរុញចលនាភូមិមួយផល​មួយ​នៃ​ទីស្ដីការគណរដ្ឋមន្រ្តី លោក ហាស វង្សតារា បាន​លើកឡើងថា បើទោះជាវ៉ាក់សាំងស៊ីណូហ្វាម របស់ចិន នៅមិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ ពីអង្គការសុខភាពពិភពលោក ប៉ុន្តែបណ្តាប្រទេសជាច្រើន​លើ​សកល​លោក បាន​ទទួល​ស្គាល់ និងបានប្រើប្រាស់រួច ទើបលោក​មានទំនុកចិត្តក្នុងការចាក់វ៉ាក់សាំងនេះ។

លោកបានប្រាប់អ្នកសារព័ត៌មានវីអូឌីនៅមន្ទីពេទ្យអង្គឌួងថា៖ «យើងទុកចិត្ត គឺ​ទុក​ចិត្ត​​ហើយ​បានយើងមក ទីមួយ ​​យើង​គិត​ថា​ មុននឹង​ទទួល​បាន​​វ៉ាក់​សាំង​​នេះ គឺគេ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់ អ៊ីចឹង ខ្ញុំគិតថា ហានិ​ភ័យតិចបំផុត ធម្មតា​ស្អីក៏​វាមិន​ដែល​ថា​អត់​មាន​ហានិភ័យ​ទេ ហើយទាំងគេ​ទាំង​យើង នរណាក៏ចាប់អារម្មណ៍ដែរ ដោយសារព្រឹត្តិការណ៍នេះ ជាព្រឹត្តិ​ការណ៍​​សកល»។

មន្រ្តីមួយរូបទៀតធ្វើការនៅ​​ក្រសួងផែនការ លោក ភឿន កុសល បានលើកឡើងថា​ មុន​ពេលចាក់​វ៉ាក់​សាំង​​នេះ លោក​មាន​ការ​ភ័យ​បារម្ភ​ខ្លះ​ដែរ ប៉ុន្តែក្រោយពីបានចាក់រួចមក គឺសុខភាពរបស់លោកធម្មតា ពុំមានប្រតិកម្មណាមួយទេ។

លោកបានបញ្ជាក់ថា៖ «ក្រោយពេលដែលចាក់ហើយ គឺមានអារម្មណ៍ធម្មតា  ហើយមុននឹងចាក់គេវាស់ទៅលើសម្ពាធឈាម និងចង្វាក់បេះដូងរបស់យើង កាលណាសម្ពាធឈាមរបស់យើងលើសពី១៤ ទៅ គឺគេឱ្យយើងអង្គុយមួយសន្ទុះសិន ដើម្បីវាស់ម្ដងទៀត តែបើសម្ពាធឈាមយើងចុះក្រោម១៤ យើងអាចមកធ្វើតេស្តមួយដំណាក់កាលទៀត»

លោក បឹង កញ្ចនៈ អ្នកសារព័ត៌មានរបស់ស្ថាប័នព័ត៌មាន​ស៊ីស៊ីថាមស៍ បានបង្ហាញក្តី​រីករាយក្រោយ​ចាក់​វ៉ាក់​​សាំងប្រឆាំងវីរុសកូវីដ១៩​នេះរួច ដោយលោកថា វ៉ាក់​សាំង​​នេះ ប្រៀបដូចជាអាវ​ក្រោះ​មួយ​ សម្រាប់​​ការ​ពារ​ ខណៈ​ពេល​ខ្លះលោក​មានភាពភ្លេចភ្លាំងក្នុងការការពារ​ ដូចជា ការលាងដៃ ជាដើម។

លោកបានថ្លែងថា៖ «យើងអត់ទាន់បានឆ្លងកាត់ ប៉ុន្តែយើងបានឆ្លងការចាក់ទៅការបុគ្គលជាច្រើនហើយ ហើយគាត់ក៏បាន លក្ខណៈថា មើលទៅវាអត់មានបញ្ហាអីទេ  អ៊ីចឹងវាមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ទោះបីពេលដែលចាក់ទៅវាមានផលប៉ះពាល់ខ្លះ ប៉ុន្តែវាមានអត្ថប្រយោជន៍ច្រើនជាង សម្រាប់ខ្ញុំអត់ជា​​បញ្ហាទេ មានទំនុកចិត្ត»

អ្នកសារព័ត៌មានស៊ីស៊ីថាមន៍ មួយរូបទៀត លោក គួន សម្បូរ បាននិយាយថា លោកមានភាពកក់ក្ដៅក្នុង​ចិត្ត​​ ក្រោយ​ចាក់វ៉ាក់សាំងនេះរួច បើទោះជាវា​មិនអាចការពារបានមួយរយភាគរយក៏ដោយ។

លោកថា៖ «បើទោះបីថាវាមិនអាចការពារបាន ១០០ភាគរយ ប៉ុន្តែវាជាសញ្ញាមួយថា យើងទប់ស្កាត់បាន ៨០ទៅ៩០ភាគរយសម្រាប់កូវីដ១៩ គួបផ្សំនឹងការការពាររបស់យើងថែមទៀត»

លោក ជា ធីរិទ្ធិ ជា​ការីនិពន្ធនៅ​ទូរទស្សន៍ BTV ដែលជាអ្នកទី១ក្នុងចំណោមអ្នកសារព័ត៌មាន​ដែល​បាន​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ មុនគេ បាន​ឱ្យដឹងថា នៅពេលចាក់វ៉ាក់សាំងរួច ក្រុមគ្រូពេទ្យបានតម្រូវឱ្យ​លោក រងចាំរយៈពេល ៣០នាទី ដើម្បីតាមដានសុខភាព។ លោក​បន្តថា ក្រោយ​រយៈពេល ៣០នាទី លោកពុំមានអការៈអ្វីប្រែប្រួលនោះទេ ដែលមានន័យ​ថា សុខភាពរបស់​លោក​នៅ​ល្អ​ធម្មតា។

បើទោះជាវ៉ាក់សាំងនេះមិនទាន់បានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក យ៉ាងណាក៏ដោយចុះ ប៉ុន្តែ អ្នកសារព័ត៌មានរូបនេះ និយាយថា លោក​នៅតែមានទំនុកចិត្ត​លើវ៉ាក់សាំងនេះ។

លោកថា៖ «ខ្ញុំអាចនិយាយបានថា អ្វីដែលខ្ញុំបានអាន គឺមិនទាន់មានវ៉ាក់សាំងណាមួយដែលទទួលស្គាល់ជាផ្លូវការនោះទេ ដូច្នេះ វ៉ាក់សាំងស៊ីណូហ្វាម ក៏ដូចគ្នាដែរ ប៉ុន្តែខ្ញុំបានមើលអំពីកម្រិតនៃប្រសិទ្ធិភាពរបស់វាគឺចន្លោះក្នុង៧០ភាគរយ​​ជាង ព្រោះវ៉ាក់សាំងទាំងអស់មិនអាច ១០០ភាគរយ បានទេ អ្នកជំនាញក៏បានលើកឡើងដែរ»។

លោក មឿន ចន អាយុ ៤០ឆ្នាំ​ ប្រកបមុខរបរ​ជាអ្នកស្រែចម្ការ​ បានបង្ហាញការសាទរខណៈដែល​កម្ពុជា បាន​ទទួលវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ និងចាប់​ផ្តើមយុទ្ធនាការចាក់ជូនមន្ត្រី និងអ្នកដែលមាន​អាទិ​ភាព។ លោករំពឹងដែរ​ថា កម្ពុជា នឹងមានវ៉ាក់សាំងនេះគ្រប់គ្រាន់​ សម្រាប់​ចាក់ជូនប្រជាពលរដ្ឋ​ទូទៅក្នុង​ពេល​ឆាប់ៗ​នេះ។

​លោកថា៖ «តាមគំនិតរបស់ខ្ញុំទេណា ថ្នាំចាក់វ៉ាក់សាំងការពារជំងឺហ្នឹង ប្រហែលជាប្រជាពលរដ្ឋ​គាត់​គាំទ្រ​ជាង​​៩០% សូម្បីខ្ញុំបាទជាអ្នកជនបទសុទ្ធសាធ ជាកសិករក៏គាំទ្រដែរ ព្រោះថាជំងឺនេះ វាមិនមែនកើត​​បុគ្គលតែម្នាក់ពីរនាក់ទេ គឺវាអាចឆ្លងដល់មនុស្សទាំងអស់គ្នានៅ​គ្រប់តំបន់»។

គួរបញ្ជាក់ថា វ៉ាក់សាំង SARS-CoV-2 (Sinopharm)  ដែលជាជំនួយរបស់ចិនចំនួន ៦០ម៉ឺនដូស ក្នុង​ចំណោម​១លានដូស ត្រូវ​បាន​បញ្ជូន​មក​ដល់កម្ពុជា កាលពីថ្ងៃទី​០៧ ខែកុម្ភ: ឆ្នាំ២០២១។


រដ្ឋាភិបាល​បាន​ប្រកាស​ថា វ៉ាក់សាំងទាំង​៦០ម៉ឺន​ដូស​នេះ មាន​ជម្រើស​អាទិភាព​ចាក់​ទៅលើ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ គ្រូពេទ្យ និង​អ្នកសារព័ត៌មាន​ ជាដើម ដែល​យុទ្ធនា​ការ​ចាប់ពី​ថ្ងៃទី១០ ខែកុម្ភៈ​នេះ​ទៅ សម្រាប់​តែ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១៨ឆ្នាំ​ ដល់ ៥៩ឆ្នាំ​ប៉ុណ្ណោះ។

កម្ពុជា​បាន​រក​ឃើញ​ដំបូង​គេ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩នេះ​មុនគេ​ពី​ជនជាតិ​ចិន ​អំឡុង​ដើមឆ្នាំ២០២០ ហើយ​គិត​មក​ដល់​ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មាន​អ្នក​ឆ្លង​សរុប៤៧៨នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះ​ស្បើយ ៤៥៩​នាក់ កំពុង​បន្ត​ស្ថិត​ក្រោម​ការ​ព្យាបាល ១៩នាក់ និង​គ្មាន​អ្នក​ស្លាប់​ឡើយ​៕

អត្ថបទដោយ៖ កញ្ញា អី យាន លោក សេន តុលា កញ្ញា សំអឿន និស្ស័យបុណ្យ និងលោក ពក ខឺយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ