លោក​ ទៀ​ បាញ់​ ថា​​ពិត​ជា​​បាន​​ចាក់​​វ៉ាក់សាំង​​ស៊ី​ណូ​ហ្វា​ម​ហើ​យ​មែន​ទោះ​​លើស​​អាយុ​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ចូលរួម​ក្នុង​ពិធី​ប្រគល់​-ទទួលអំណោយ​វ៉ាក់សាំង SAR​-CoV​-2 (Sinopharm​) ពី​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ដល់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក ទៀ បាញ់​)

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បញ្ជាក់​ថា​ លោក​ពិតជា​បានចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩ ឈ្មោះ«​ស៊ី​ណូ​ហ្វា​ម»រ​បស់​ចិន​រួច​មែន ទោះបី​លក្ខខណ្ឌ​អាយុ​របស់​លោក​លើស​ក៏ដោយ។ 

ការ​បញ្ជាក់​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​សន្និសី​ទសារ​ព័ត៌មាននៅ​រសៀល​ថ្ងៃពុធ​នេះ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩ ដល់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា រាជធានី​ភ្នំពេញ។ 

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ មានប្រសាសន៍​ថា រូបលោក​ផ្ទាល់បាន​ចាក់​វ៉ាក់សាំង​នេះ​បាន​ប្រមាណ២០ថ្ងៃ​មក​ហើយ នៅសល់​តែ១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក​នឹង​ត្រូវ​ទទួល​ចាក់​វ៉ាក់សាំង​ដូ​សទី២។ 

លោក​បន្ត​ថា កូន​របស់​លោកនិង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​លោក​មួយចំនួនបាន​ចាក់​វ៉ាក់សាំង​នេះ​មុន​រូបលោក​ទៅទៀត ហើយ​ពួក​គេ​មិន​មាន​បញ្ហា​សុខភាព​អ្វី​ទេក្រោយ​ការ​ចាក់​វ៉ាក់សាំង​នេះ​រួច។ 

លោក​បន្ត​ថា៖ «កូន​ខ្ញុំ​គាត់​ចាក់​មុន​សិន បានឃើញ​ថា អត់មាន​អី! បាន​សម្តេច ​[ហ៊ុន សែន​] ឱ្យ​ខ្ញុំ​ចាក់ ចាក់​ហើយ​អត់​មាន​អីទ គឺ​សុខភាព​ធម្មតា»។ 

រដ្ឋមន្ត្រី​រូប​នេះបន្ត​ថា តាម​ការសិក្សា​ពី​ប្រភព​នានា រួម​នឹង​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ចិន​ ឃើញថា វ៉ាក់សាំង​នេះ​អាច​ចាក់​បាន​ទៅលើ​មនុស្ស​ដែល​មាន​វ័យ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ លើកលែងតែ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​មួយចំនួនដូចជា បញ្ហា​អា​ឡាក់​ស៊ី ឬជំងឺ​ប្រចាំ​កាយ​មួយចំនួន​ជាដើម ដែល​មិន​អាច​ចាក់​បាន។ 

លោក​បាន​គូសបញ្ជាក់​ថា៖ «អាយុ១៨ឆ្នាំរហូតដល់​អាយុ​លើស​ពី៥៩ឆ្នាំ​ឡើង​ទៅ ចាក់​បាន​ទាំងអស់ រហូតដល់​អាយុ១២០ឆ្នាំ​ក៏​ចាក់​ដែរ»។

លោក ទៀ បាញ់ បាន​បញ្ជាក់​បន្ថែម​ថា រូបលោក​ផ្ទាល់​មាន​អាយុ​លើស​ពី៦០ឆ្នាំ ខណៈ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​មួយចំនួនដែល​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃនេះ ក៏​មាន​វ័យ​លើស​ពី៦០ឆ្នាំ​ដែរ ប៉ុន្តែ​នៅតែ​អាច​ចាក់​វ៉ាក់សាំង​បាន ប្រសិនបើ​ពួក​គាត់​មិន​មាន​បញ្ហា​សុខភាព​ណាមួយ​នោះ។

ជា​បទពិសោធន៍​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច លោក ទៀ បាញ់ ឱ្យ​ដឹង​ថា ពេល​ចាក់​វ៉ាក់សាំង​រួច ក្រុម​គ្រូពេទ្យ​នឹង​តាមដាន​សុខភាព​អ្នក​ចាក់​រយៈពេល៣០នាទី ប្រសិនបើ​មិន​មាន​ប្រតិកម្ម​ណាមួយ​នោះ​ទេ ក្រុម​គ្រូពេទ្យ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ចាក់​រួច​អាច​ត្រឡប់ទៅ​ផ្ទះ​បាន។

លោក​បាន​បន្ថែម​ថា ក្រោយពេល​ចាក់​វ៉ាក់សាំង​នេះ​រួច ក្រុម​គ្រូពេទ្យ​ក៏បាន​ណែនាំ​ឱ្យ​អ្នក​ដែល​បាន​ចាក់ ត្រូវ​តម​ធ្វើការងារ​ធ្ងន់ តម​គ្រឿង​សមុទ្រ និង​គ្រឿងស្រវឹង រយៈពេល៤ថ្ងៃ។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី៥ ខែកុម្ភៈ បាន​ប្រកាស​លុបចោល​គម្រោង​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន ដោយ​លើក​ហេតុផល​ថា ​អាយុ​របស់​លោក​លើស​ពី៥៩ឆ្នាំដែល​លើស​ពី​លក្ខខណ្ឌ​ដែល​អាច​ចាក់​បាន។ 

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ ទៅលើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលនិង​អ្នកសារព័ត៌មាន​មួយចំនួន ក្នុង​នោះ​ក្រសួងសុខាភិបាលបាន​រៀបចំ​មន្ទីរពេទ្យ​ចំនួន៤កន្លែង រួមមាន មន្ទីរពេទ្យ​កាល់​ម៉ែត្រ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត និង​មន្ទីរពេទ្យ​កុមារ​ជាតិ ខណៈ​ក្រសួងការពារជាតិរៀបចំ​ចាក់​ឱ្យ​មន្ត្រី​ខ្លួន​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ