លោក​ ហ៊ុន​ សែន​ ប្រាប់​​ពលរដ្ឋ​​កុំ​ឱ្យ​​បារម្ភ​​ពី​​រឿង​​វ៉ាក់សាំង​​កូ​វីដ​១៩​ដែល​​ផលិត​​នៅ​​ចិន​​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ទទួលការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ដែល​ជំនួយ​របស់​ចិន នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

ប្រមុខ​រដ្ឋាភិបាលផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​បារម្ភ​រឿង​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ ថា​ផលិត​នៅ​ប្រទេស​ណាឬម៉ាក​អ្វី ដោយ​លោក​ថា ​អ្វី​ដែល​គួរគប្បី​បារម្ភ​គឺ​ការ​អត់​វ៉ាក់សាំង​ចាក់​ទៅវិញ​ទេ។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា កម្ពុជា បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់​ខ្លួន​ហើយនៅ​ពុធ​នេះ ដែល​នេះ​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជានិងចិន។

លោក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាលនិង​ប្រជាជន​ចិនដែល​បាន​ផ្តល់​នូវ​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ដល់​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា មុន​ពេល​ចាក់​វ៉ាក់សាំង មានការ​លើកឡើង​នូវ​មតិនិង​ការរិះគន់​មួយចំនួនជុំវិញ​អវត្តមាន​របស់​លោកលើ​ការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃនេះ ដែល​បណ្តាល​មក​ពីក​ត្តា​អាយុ​របស់​លោក។ 

លោក​បាន​គូសបញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សូម​ផ្តាំផ្ញើ​ចំពោះ​បងប្អូន​ជនរួមជាតិ​យើង ទាំង​ក្នុងនិង​នៅ​ក្រៅប្រទេស​ឱ្យបាន​ច្បាស់​ថា សូម​បងប្អូន​កុំ​បារម្ភ​លើ​វ៉ាក់សាំង​មក​ពី​ប្រទេស​ណា​? ម៉ាក​អ្វី​? តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់ ព្រោះ​គ្មាន​វ៉ាក់សាំង​លក់​តាម​ផ្សារ​ដូច​លក់​ត្រី លក់​ត្រកួន​នោះ​ទេ»។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ៩៨ភាគរយដែល​រស់នៅ​ប្រទេស​ជឿនលឿន ក៏​នៅ​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩នេះ​នៅឡើយ ដោយសារតែ​ការផលិត​មិនទាន់។

ពាក់ព័ន្ធ​នឹង​ការ​ចាប់ផ្តើម​យុទ្ធនាការ​ដំបូង​នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាលរៀបចំ​ទីតាំង​មន្ទីរពេទ្យ​ចំនួន៤កន្លែង សម្រាប់​ចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​ដែល​មាន​អាទិភាព​ក្នុង​ការ​ចាក់។ 

ក្រសួង​បញ្ជាក់​ថា ទីតាំង​មន្ទីរពេទ្យ​ទាំង៤កន្លែង​នោះ រួមមាន មន្ទីរពេទ្យ​កាល់​ម៉ែត្រ សម្រាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដូចជា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ឬមាន​ឋានៈ​ស្មើ, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង សម្រាប់​មន្ត្រី​ជា​អនុរដ្ឋ​លេខាធិការ​ឬមាន​ឋានៈ​ស្មើ, មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត សម្រាប់​មន្ត្រី​អភិបាលខេត្ត​រាជធានី​ និង​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារព័ត៌មាន។

កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបាន​ទទួល​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩ពី​ចិន ចំនួន៦០ម៉ឺ​នដូស ក្នុងចំណោម១លា​នដូស ក្នុង​នោះ ៣០ម៉ឺ​នដូស សម្រាប់​ក្រសួងសុខាភិបាល និង៣០ម៉ឺន​ដូ​សទៀ​ត សម្រាប់​ក្រសួងការពារជាតិ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាលនៅ​ថ្ងៃនេះ កម្ពុជាបាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី១៩ ទៅលើ​ស្ត្រី​ខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ និង​បុរស​ជនជាតិ​នីហ្សេរីយ៉ា មក​ពី​ប្រទេស​នីហ្សេរីយ៉ា។

ក្រសួង​បន្ត​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៤៧៨នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៤៥៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន២១នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ