វិវាទការងាររបស់រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និងរោងចក្រ អ៊ីខូបេស (Eco Base) ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឈានទៅរកការបិទបញ្ចប់ ក្រោយអាជ្ញាធរពាក់ព័ន្ធបានសម្រេចលក់ឡាយឡុងសម្ភាររបស់រោងចក្រទាំង២នេះបានជាង១លានដុល្លារ ដើម្បីទូរទាត់សំណងជូនកម្មករ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរពាក់ព័ន្ធបានដាក់ដេញថ្លៃលក់ឡាយឡុងចលនវត្ថុរបស់រោងចក្រ ឌីកនើធី និង អ៊ីខូបេស លើកចុងក្រោយ ដើម្បីយកប្រាក់ដោះស្រាយសំណងជូនកម្មករ ក្រោយពីក្រុមកម្មករបានតវ៉ានិងដេកយាមមុខរោងចក្ររយៈពេលជាង១ឆ្នាំ។
អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា មានក្រុមហ៊ុនចំនួន៥ ដែលបានចូលរួមដេញថ្លៃកាលពីថ្ងៃទី៥ ខែកុម្ភៈនោះ ដោយទទួលបានប្រាក់ចំនួន ១លាន ១១ម៉ឺន ៩ដុល្លារ ខណៈថៅកែរោងចក្រនៅសល់ប្រាក់តម្កល់ចំនួន១៦ម៉ឺនដុល្លារទៀតនៅក្រសួងការងារ។ លោកថា ប្រាក់ទាំងនេះនឹងអាចទូរទាត់ជូនកម្មករបានគ្រប់គ្រាន់។
លោកបន្ថែមថា៖ «ខ្ញុំតែងតែធ្វើរបាយការណ៍សុំអនុសាសន៍ដឹកនាំពីប្រមុខរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី សុំគោលការណ៍អនុវត្ត។ អ៊ីចឹងបានយកយោបល់និងអនុសាសន៍របស់លោកមកធ្វើកិច្ចការនេះដោយម៉ត់ចត់ ហើយបានជោគជ័យជូនបងប្អូនកម្មករយើងតែម្តង»។
លោកអភិបាលខេត្តរូបនេះបន្តថា អាជ្ញាធរនឹងបើកប្រាក់សម្រាប់ទូរទាត់ជូនកម្មករ នៅថ្ងៃទី១១ និងទី១២ ខែកុម្ភៈនេះ នៅសាលាខេត្តកណ្តាល។
កម្មការិនី ហេង ស្រីម៉ៅ អាយុ៣៥ឆ្នាំ បម្រើការងារនៅរោងចក្រ ឌីកនើធី រយៈពេល១៥ឆ្នាំ និយាយថា អ្នកស្រីសប្បាយចិត្តជាខ្លាំង ក្រោយពីវិវាទការងាររបស់ពួកគាត់ឈានទៅរកការដោះស្រាយបញ្ចប់បែបនេះ។ អ្នកស្រីសង្ឃឹមថា នឹងទទួលបានលុយគ្រប់ចំនួនទៅតាមផ្លូវច្បាប់។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសប្បាយចិត្តមែនទែន ហើយពួកខ្ញុំអរគុណអាជ្ញាធរ ជាពិសេសអភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ ដែលលោកបានខិតខំជំរុញរឿងនេះឱ្យឆាប់មានដំណោះស្រាយសម្រាប់ពួកខ្ញុំ។ ពួកខ្ញុំបានជួបការលំបាកច្រើនណាស់ទម្រាំមកដល់ថ្ងៃនេះ គឺត្រូវមកដេកយាមមុខរោងចក្រហាលថ្ងៃហាលភ្លៀងជាង១ឆ្នាំហើយ។ គ្មានលុយសម្រាប់ចាយវាយ ជំពាក់លុយបន្ទប់ជួលគេ និយាយទៅជួបការលំបាកច្រើនណាស់»។
កម្មការិនីម្នាក់ទៀត អ្នកស្រី ផាន សារី អាយុ៤៦ឆ្នាំ បម្រើការងារនៅរោងចក្រ អ៊ីខូបេស រយៈពេល៧ឆ្នាំ និយាយថា សំណងដែលអ្នកស្រីនឹងទទួលបាននោះគឺមិនអាចជួយដោះស្រាយបន្ទុកក្នុងជីវភាពគ្រួសារគាត់បានឡើយ ខណៈដែលអ្នកស្រីអត់ការងារធ្វើរយៈពេលជាង១ឆ្នាំនោះ បានជំពាក់បំណុលគេច្រើន និងរកការងារកន្លែងផ្សេងៗពុំបានធ្វើ ដោយសារតែខ្លួនមានវ័យចំណាស់ ថៅកែរោងចក្រមិនទទួលយកឱ្យចូលបម្រើការងារ។
អ្នកស្រីបន្ថែមថា៖ «ពេលដែលរោងចក្រនេះគេបិទ ខ្ញុំបានទៅរកការងារកន្លែងផ្សេងធ្វើដែរ ប៉ុន្តែគេអត់យកទេ ថាយើងចាស់ពេក! ដល់អ៊ីចឹងធ្វើឱ្យយើងជួបការលំបាកខ្លាំងមែនទែន។ កូនៗខ្ញុំក៏ធ្វើការនៅរោងចក្រនេះ អ៊ីចឹងយើងខ្លះបង់សងធនាគារ ថ្លៃកូនរៀន បង់ទឹកភ្លើង និងផ្គត់ផ្គង់ក្នុងគ្រួសារជាដើម»។
តំណាងកម្មករនិងជាតំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ ប្រចាំរោងចក្រទាំងពីរនេះ លោក ភិន សុភា មានប្រសាសន៍ថា លុយដែលប្រមូលបានពីការដេញថ្លៃលក់សម្ភារ និងលុយថៅកែតម្កល់នៅក្រសួងការងារនោះ ប្រហែលជាមិនអាចទូរទាត់ជូនកម្មករគ្រប់ពេញមួយរយភាគរយនោះទេ។ ប៉ុន្តែលោកថា ចំនួននេះកម្មករអាចទទួលយកបាន។
លោកបន្ថែមថា៖ «លុយប៉ុណ្ណេះ បើសិនជាយើងនិយាយចំនួនទៅតាមគោលការណ៍ច្បាប់ វាអត់គ្រប់ទេ ប៉ុន្តែដោយសារកន្លងមក យើងបានជជែកជាមួយខាងភាគីពាក់ព័ន្ធ មានន័យថា យើងមើលជាក់ស្តែង ប្រសិនជាលុយដែលយើងបានទទួលលទ្ធផលចុងក្រោយប៉ុន្មាន យើងយកលុយហ្នឹងទៅសមាមាត្រទៅតាមចំនួនជាក់ស្តែងប៉ុណ្ណឹងទៅ»។
កម្មកររោងចក្រទាំងពីរនេះបានចាប់ផ្តើមផ្ទុះការតវ៉ានិងដេកយាមមុខរោងចក្រ ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩មក ក្រោយពីរោងចក្រព្យួរការងារកម្មករនិងមានបំណងចង់ដឹកសម្ភារចេញដោយស្ងាត់ៗ។
មន្ត្រីផ្នែកច្បាប់ និងដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត ប្រាប់វីអូឌីថា តាមផ្លូវច្បាប់ នៅពេលដែលរោងចក្រប្រកាសបិទទ្វារ ថៅកែត្រូវដោះស្រាយសំណងជូនកម្មករចំនួន៥ចំណុច រួមមាន ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។ ប៉ុន្តែលោកថា កន្លងមក ភាគីរោងចក្រសុំផ្តល់សំណងជូនកម្មករតែ៣ចំណុច រួមមាន ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។
រោងចក្រ ឌីកនើធី និង អ៊ីខូបេស មានកម្មករសរុប ១ ២២៦នាក់ នឹងត្រូវទទួលបានការទូរទាត់ប្រាក់សំណង៥ចំណុច ដែលតាមការគណនាគឺមានចំនួនលុយសរុបប្រហែល១លាន៩១ម៉ឺនដុល្លារ៕









