ជនជាតិដើមភាគតិចរកអន្តរាគមន៍ឱ្យរដ្ឋជួយទប់ស្កាត់ក្រុមឈ្មួញកុំឱ្យទន្រ្ទានដីពួកគាត់

ជនជាតិដើមភាគតិចគួយមកពីខេត្តកំពង់ធំ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនារាជធានីភ្នំពេញកាលពីនៅថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២១។ (ខាន់ លក្ខិណា)

ជនជាតិដើមភាគតិចគួយ​​មកពីខេត្តកំពង់ធំ ស្នើឱ្យក្រសួងពាក់ព័ន្ធចំនួន​២ ជួយរក​ដំណោះ​ស្រាយ​​​រឿងដីធ្លីរបស់ពួកគាត់​​ ដោយពួកគាត់អះអាងថាដីនោះ បានរងនូវការទន្ទ្រានយក​ពី​សំណាក់ក្រុមឈ្មួញ និង​អ្នកមានអំណាចជាបន្តបន្ទាប់។

ការស្នើនេះ បានធ្វើឡើងខណៈដែលពលរដ្ឋជនជាតិដើមភាគតិចគួយប្រមាណ១០នាក់​​ តំណាងឱ្យជាង ៦០០គ្រួសារ មកពីសហគមន៍ព្រៃឈើ​សាលា​ឆ្ដោ និងសហគមជាំ​ម្រេច បានឡើងមកដាក់ញត្តិ​នៅក្រសួងកសិ​កម្ម និងក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែកុម្ភៈនេះ។

ជនជាតិដើមភាគតិចគួយ​ មកពីសហគមន៍ព្រៃឈើ​សាលាឆ្តោ ឃុំសាលាវិស័យ ស្រុក​ប្រាសាទ​បាល្ល័ង អ្នកស្រី លួន នួន លើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនពេលទៅដាក់ញត្តិនៅក្រសួង​ទាំងពីរ​នេះ​ថា ផ្ទៃដីទំហំ ១ ០០៦ ហិកតា មានទាំងព្រៃផង ត្រូវបានក្រុមឈ្មួញកាប់ទន្ទ្រាន ឈូស​ឆាយអស់ជិត ៧០០​ហិកតា ខណៈផ្ទៃដីនិងព្រៃឈើចំនួន ៣៦១ហិកតាទៀត​​ កំពុង​ប្រឈមនឹងការទន្រ្ទាននិងឈូសឆាយ។

អ្នកស្រី ស្នើទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ឱ្យជួយរកដំណោះស្រាយរឿង​ដីធ្លីនេះជាបន្ទាន់​ បើពុំដូច្នេះទេ ពួកគាត់ទាំង ២០១គ្រួសារ នឹងមិនមានដីធ្លីសម្រាប់ធ្វើស្រែចម្ការទៀតទេ ខណៈ​អាជ្ញាធរមូលដ្ឋាន ពុំបានអើពើ​ដោះស្រាយឱ្យពួកគាត់ឡើយ​​។

អ្នកស្រីថា៖ «ខ្ញុំទទូចឱ្យរកដំណោះស្រាយឱ្យខ្ញុំ ព្រោះអី​ជនជាតិខ្ញុំរស់នៅ​ត្រូវតែមានធម្មជាតិ​ បើ​អត់​មាន រស់នៅអត់កើតទេ ​ព្រោះរាល់ថ្ងៃនេះ ខ្ញុំបានស្រូវតិចតួច​​ ខ្ញុំហូបអត់កើតទេ។ ខ្ញុំនឹក​ឃើញ​ប្រជាជនខ្ញុំ​​ដែលអត់ឃ្លាន កូនចៅរៀនបានតិច​ ដើរស៊ីឈ្នួលគេ ​ធ្វើបានកន្លះខែរត់មកផ្ទះវិញ។ ចំណែកចាស់ដូចពួកខ្ញុំអត់ចេះដើរស៊ីឈ្នួលគេទេ។ អ៊ីចឹងខ្ញុំទាមទារឱ្យសម្ដេចជួយពួកខ្ញុំផង ព្រោះពួកខ្ញុំបានតែធ្វើចម្ការវិលជុំទេ»។​

ជនជាតិដើមភាគតិចម្នាក់ទៀត​នៅសហគមជាំម្រេច អ្នកស្រី ងួន ហៀន និយាយ​ថាចាប់តាំង​ពីឆ្នាំ២០១៥មក ដីព្រៃទំហំ ៣ ៧១៦ ហិកតា ត្រូវបានក្រុមឈ្មួញចូលទៅកាប់ឈើខុសច្បាប់ និងទន្ទ្រានយក ដែលបច្ចុប្បន្ននេះ ដីព្រៃសហគមន៍​នៅសល់​តែជាង ៣០០ហិកតាប៉ុណ្ណោះ។

ក្រៅពីដីព្រៃសហគម ជនជាតិដើមភាគតិចទាំងនោះ អ្នកស្រី​ក៏បាន​បង្ហាញក្ដីបារម្ភខ្លាចបាត់បង់​ដីស្រែចម្ការវិលជុំប្រហែល ២ ០០០ ហិកតា របស់ពួកគាត់ ដែលមានចំនួន ៣៥១គ្រួសារផង​ដែរ។ ជនជាតិដើមភាគតិចទាំងនោះ បន្តថា បច្ចុប្បន្ន ដីទំហំ ១០០​ហិកតាក្នុងសហគមន៍ ត្រូវ​បានក្រុមហ៊ុនរបស់​ឧកញ៉ា សាន ឈូសឆាយ និងទន្ទ្រានយក ខណៈដីពលរដ្ឋ ៥៣គ្រួសារ​ទៀត ក៏កំពុងប្រឈមនឹងការបាត់បង់ដីបន្ថែមទៀត។

អ្នកស្រីងួន ហៀន បន្តថា ពួកគាត់បារម្ភគ្មានដីអាស្រ័យផល និងបាត់ដីវប្បធម៌ជនជាតិដើមភាគ​តិច និង​ដីផ្នូរ​ដូនតា ខណៈក្រុមហ៊ុនឧកញ៉ា សាន និងអ្នកមានអំណាចមួយចំនួនទៀត បានឃុប​ឃិតគ្នាឈូសឆាយដីនៅទីនោះ ដោយសំអាងថា ពួកគេមានប្លង់កម្មសិទ្ធិ។

អ្នកស្រីថា៖ «ដីនេះ ដីខ្ញុំពីជីដូន ពីជីតាមក ​ម៉េចក៏ខ្ញុំមិនមានសិទ្ធិឃ្វៀល[គោក្របី] ​គេថា​​ដោយ​សារ​​ដីជាដីក្រុមហ៊ុនទាំងអស់។ សំណូមពរឱ្យរដ្ឋាភិបាលជួយ​​ជនជាតិដើមភាគតិចខ្ញុំ ហើយ​សំណូមពរឱ្យរដ្ឋាភិបាល ចុះបញ្ជីដីជាសមូសហភាព ជារបៀបជនជាតិដើមភាគតិចខ្ញុំផង  ​កុំឱ្យ​ពួកខ្ញុំភ័យព្រួយបារម្ភបាត់បង់ដីធ្លី ដោយសារអ្នកណាមួយទៅយកដីពួកខ្ញុំ»។

មេឃុំសាលាវិស័យ លោក ជិន ហ៊ិន សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ និងបង្វែរឱ្យ​សួរទៅ​ខាង​មន្ត្រី​រដ្ឋបាលព្រៃឈើវិញ ខណៈ​នាយផ្នែករដ្ឋបាលព្រៃឈើសាលាវិស័យ ស្រុកបា្រសាទ​បាល្ល័ង លោក ភោគ ចន្ត្រា បដិសេធឆ្លើយតប ដោយប្រាប់ថាជាប់រវល់។

អភិបាលស្រុកប្រាសាទបាល្ល័ងលោក វណ្ណៈ សោភានិត មានប្រសាសន៍ថា អាជ្ញាធរស្រុកនឹងចុះ​ទៅ​ពិនិត្យករណីនេះ បន្ទាប់ពីទទួលបានព័ត៌មាន។

លោកថា៖«ករណីហ្នឹង បើសិនជាមានសំណូមពរពីសហគមន៍ ឬមានបណ្ដឹងណាមកស្រុក​នឹងចាត់ការអត់​ទុកទេ។ ខ្ញុំទៅពិនិត្យមើលករណីហ្នឹង ពិតមែនអត់តើនៅកន្លែងណាចំណុច​ណាអ៊ីចឹង »។

ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា សុំមិនអត្ថាធិប្បាយទេ ដោយ​លោក​ឱ្យសួរ​ទៅ​ខាង​ក្រសួងកសិកម្មវិញ។

វីអូឌី មិនអាចសុំ​ការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទេ នៅថ្ងៃនេះ។

ក្រៅពីសហគមជាំម្រេច និងសហគមឆ្តោរមកពីខេត្តកំពង់ធំ ថ្ងៃនេះក៏មានជនជាតិ​ដើមភាគតិចពូនង​ចំនួន ៨ គ្រួសារ មកពីសហគមចឹងនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាំគ្នាមកដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ដើម្បីសុំឱ្យស្ថាប័ននេះ ជួយរកដំណោះស្រាយបញ្ហាដីធី្លផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ