អាជ្ញាធរខណ្ឌចំការមនថាវិធានការបន្តអប់រំពលរដ្ឋពីបញ្ហាសំរាម​

បុរសម្នាក់បោះសំរាមចូលក្នុងប្រឡាយបឹងត្របែកនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១។ រូប ដោយ ទួក ពិសិដ្ឋ

អាជ្ញាធរក្នុងខណ្ឌចំការមនអះអាងថាការបន្តផ្សព្វផ្យាយឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវគឺជាវិធានការបន្តដែលត្រូវធ្វើដើម្បីដោះស្រាយបញ្ហាសំរាមកកស្ទះក្នុងប្រឡាយបឹងត្របែក។

អភិបាលខណ្ឌចំការមន លោក ថេង សុថុលបានឱ្យដឹងថា កិច្ចការអប់រំពីការចេះបែងចែកទុកដាក់សំរាមជាវិធានការដែលរដ្ឋបាលខណ្ខនឹងធ្វើ បន្ទាប់ពីមានសំរាមកកស្ទះក្នុងប្រឡាយដឹងត្របែកកើតមានជាថ្មី ហើយថាអាជ្ញាធរនឹងសហការណ៍ជាមួយមន្ត្រីជំនាញដើម្បីយកគ្រឿងចក្រកាយសំរាមទាំងនោះចេញ។

លោក ថេង សុថុល៖«អ្វីដែលរដ្ឋបាលខណ្ឌបន្តធ្វើគឺខិតខំធ្វើការផ្សព្វផ្សាយអប់រំពីការវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា។ ទន្ទឹមជាមួយគ្នានេះផងដែរសហការជាមួយមន្ទីរសាធារណការរាជធានីដើម្បីយកគ្រឿងចក្រចូកប្រមូលដឹកជញ្ជូនចេញមិនអាចយកដៃទៅកើបបានទេម្យ៉ាងទៀតមន្ទីរសាធារណការជាអ្នកថែទាំសូមបញ្ជាក់ថាប្រឡាយនេះមានការពាក់ព័ន្ធ៤ខណ្ឌចំណែកខណ្ឌចំការមនជាអ្នកទទួលសំរាមទាំងអស់។»         

អភិបាលខណ្ឌចំការមនរូបនេះបានបញ្ជាក់ថា​ លោកបានទំនាក់ទំនងទៅមន្ទីសាធារណៈការរួចហើយដើម្បីប្រមូលសំរាមនេះ។

ប្រធានមន្ទីរសាធារណៈការ និងដឹងជញ្ជូនរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋបាន ចុចបិទទូរស័ព្ទ និងជំរុញឱ្យអ្នកសារពត៏មានបន្តសាកសួរទៅកាន់សាលារាជធានីភ្នំពេញវិញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចសុំការអត្ថាធិប្បាយពីបញ្ហាសំរាមដែលកកស្ទះនេះបានទេ ដោយសារទូរសព្ទចូលមិនមានអ្នកទទួល។

អ្នកស្រី ហួត សាវ័នពលរដ្ឋរស់នៅភូមិ ៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ  បានរៀបរាប់ថាអ្នកស្រីតែងឃើញសំរាមទាំងនោះ អណ្តែតាមផ្ទៃទឹកដោយហូរពីខាងលើមកនាំឱ្យមកកកស្ទះហើយមិនទាន់មានការប្រមូលពីអាជ្ញាធរនោះទេ។

អ្នកស្រីហួត សាវ័ន«អារឿងសំរាមនៅក្រោមហ្នឹងបើមានគេកាយចេញវាអស់ហើយ វានៅអណ្តែតមើលទៅឃើញឡើងសរអើតពីលើទៅ វាច្រើនតែមកពីលើ ប្រអប់បាយអីហ្នឹង មកពីលើមក កាលណាទឹកវាចាល់គេអត់បូមអីទៅថង់វាអណ្តែតមក បើនៅទីនេះអណ្តែមកចឹងប្រជាពលរដ្ឋរុញ។»

សំរាមនៅប្រឡាយបឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ នៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១។ រូប ដោយ ទួក ពិសិដ្ឋ

ពលរដ្ឋរូបនេះបានស្នើទៅកាន់អាជ្ញាធរដើម្បីដោះស្រាយបញ្ហាសំរាមនេះ ដោយបារម្ភពីបញ្ហាសុខភាពព្រោះតែក្លិនសំរាម។

អ្នកស្រីហួត សាវ័ន៖«ចង់ណាស់ហើយ តែមិនដឹងយើងទៅខាងណាវិញ អាជ្ញាធរអត់សូវរវីរវល់ដែរ  បើទឹករីងខ្លាំងអាហ្នឹងវាក្លិនឆួល ឆួលដូចអាស៊ីតចឹង។»

ស្រដៀងគ្នានេះដែរពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី ចែ យូបានជំរុញឱ្យអាជ្ញាធរពន្លឿនការសំអាតកាកសំណល់ដែលមាននៅក្នុងប្រឡាយបឹងត្របែក។

 អ្នកស្រី ចែ យូ៖«មួយរយៈនេះអត់សូវឃើញគេមកកាយ បើគេមកកាយទៅអត់សូវមានសត្វល្អិតដែរ។ មូសអីហ្នឹងពេលគេកាយចិងទៅវាហើរទៅបាត់អស់ដែរ បើអត់កាយចឹងមូសវានៅសំងំហ្នឹង។ចេះតែចង់ឱ្យគែអភិវឌ្ឍន៍នៅហ្នឹង។លឺតែថាគេអភិវឌ្ឍន៍ៗតែអត់ទាន់ឃើញ ចង់ឱ្យគេអភិវឌ្ឍន៍ឱ្យលឿនៗដែរ[…]ចង់បានអន្លែងស្អាតទឺកស្អាត តែគេអភិវឌ្ឍន៍ទៅវាស្អាតហើយ។»​

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១រដ្ឋាភិបាលបានបន្ថែម កិច្ចការថែរក្សាបរិស្ថានក្នុងគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព» ដើម្បីលើកកម្ពស់ការថែរក្សាអនាម័យ បរិស្ថាន ​និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

តាមរយៈគោលនយោបាយថ្មីនេះរដ្ឋាភិបាលសង្ឃឹមថានឹង ជំរុញឱ្យមានការការថែរក្សា

អនាម័យ ដោះស្រាយបញ្ហាសម្រាមគ្រប់ប្រភេទ នៅក្នុងភូមិ ឃុំ សង្កាត់នានា។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រទេសកម្ពុជាបានបង្កើតសំរាមជាង១០ ០០០តោនជារៀងរាល់ថ្ងៃ ហើយមានតែសំរាមប្រមាណ៥០ភាគរយប៉ុណ្ណោះដែលត្រូវបានប្រមូលទៅដាក់កន្លែងចាក់សំរាម ខណៈសំរាមដែលសេសសល់ទាំងប៉ុន្មានត្រូវបានបោះចាលតាមដងផ្លូវ ក្នុងទឹក ឬដុតចោលជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ