អ្នក​ភូមិ​​នៅ​​កោះកុង​​អះអាង​​ថា ​​ព្រៃ​កោងកាង​​និង​​ព្រៃ​លិច​ទឹក​​ជាង​១៧​ហិ​កតា​​កំពុង​​រង​​ការ​​ឈូស​​ឆាយ​​

ដី​ព្រៃកោងកាង និង​ដី​ព្រៃលិចទឹក ក្រោយ​រង​ការ​ឈូស​ឆាយ​បំផ្លាញ​ពី​ជនខិលខូច​មួយចំនួន ស្ថិតនៅ​ភូមិ​ទឹក​ប៉ោង ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង។ (ផ្ដល់​ឱ្យ​)

ក្រុម​ប្រជាពលរដ្ឋអះអាង​ថា ព្រៃកោងកាងនិង​ព្រៃ​លិច​ជាង១៧ហិ​កតា ស្ថិតនៅ​ភូមិ​ទឹក​ប៉ោង ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង កំពុង​រង​ការ​ឈូស​ឆាយ​ពីសំណាក់​ជនខិលខូចដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ ដោយ​ពុំ​មានការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ទឹក​ប៉ោង ខេត្តកោះកុង លោក យួន ឈីវ ដែល​ចុះ​ផ្តិត​យក​រូបភាព​នៃ​ការ​ឈូស​ឆាយ​ព្រៃលិចទឹក​នោះ បាន​ប្រាប់​វី​អូ​ឌី​នៅ​ចន្ទ​នេះ​ថា ព្រៃកោងកាងនិង​ព្រៃលិចទឹក​ជាង១៧ហិ​កតាដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាននិង​ជលផល ត្រូវ​បាន​ជនខិលខូច​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​នៅពេល​យប់តាំងពី​សប្តាហ៍​មុន ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ចុះ​ទប់ស្កាត់​ឡើយ។

លោក​បន្ត​ថា ការ​ឈូស​ឆាយ​ព្រៃកោងកាងនិង​ព្រៃលិចទឹក​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វ​សមុទ្រសម្រាប់​រស់នៅនិង​ពង​កូន។

លោក​បន្ថែម​ថា៖ «រដ្ឋាភិបាលបាន​យកចិត្ត​ទុកដាក់​ណាស់ចំពោះ​ព្រៃកោងកាងនិង​ព្រៃលិចទឹក​នេះ ដោយ​មិន​ឱ្យ​មានការ​ឈូស​ឆាយ មិន​ឱ្យ​ចេញ​បណ្ណ​លើ​ដី​កម្មសិទ្ធិ​ទេ ពីព្រោះ​ព្រៃ​នេះ​ជា​ជម្រក​របស់​សត្វ​សមុទ្រ។ បើកាលណា​យើង​ឈូស​ឆាយ​បែបនេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវ​ចម្រុះ​នៅក្នុង​សមុទ្រនិង​សត្វ​សមុទ្រ​ពង​កូន​ផង​ដែរ»។

ពលរដ្ឋ​ម្នាក់ទៀតរស់នៅ​ភូមិ​ទឹក​ប៉ោង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពីសុ​វត្ថិភាព បាន​ប្រាប់​ថា ​លោក​ក៏បាន​ឃើញ​ការ​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃកោងកាងនិង​ព្រៃលិចទឹកនៅក្នុង​ឃុំ​បឹងព្រាវ ជាច្រើន​កន្លែង​ទៀតដែរ។ លោក​ដាក់​ការសង្ស័យ​ថា អ្នក​ដែល​ហ៊ាន​ឈូស​ឆាយ​ព្រៃ​នេះ ជាម​ន្ត្រី​មាន​លុយ​មានអំណាច។

លោក​បន្ថែម​ថា៖ «មាន​គេ​ធ្វើ​ច្រើន​ដែរ គេ​ធ្វើ​នៅ​តាម​ដងព្រែក​ហ្នឹង នៅក្នុង​ភូមិ​ទឹក​ប៉ោង​ហ្នឹង ​វា​មាន​ច្រើនណាស់ អត់មាន​អាជ្ញាធរ​ណា​ចុះ​មក​ហាមឃាត់​ទេ»។

មេឃុំ​បឹងព្រាវ លោក ឈឹម ផាវ មានប្រសាសន៍​ថា លោក​បាន​ទទួលការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក​ពុំ​ទាន់បាន​ចុះទៅ​មើល​ផ្ទាល់​នៅឡើយ​ទេ។ ប៉ុន្តែលោក​ថា នឹង​ឱ្យ​មន្ត្រី​ចុះទៅ​ពិនិត្យមើល ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ​ឱ្យមាន​វិធានការ​បន្ត។

លោក​បន្ថែម​ថា៖ «ខ្ញុំ​បានដឹង​រឿង​នេះ​ដែរ ដោយ​ពលរដ្ឋ​រាយការណ៍​ពីរបី​ដង​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់បាន​ចុះទៅ​មើល​នៅឡើយ​ទេ។ ចាំ​មើល​ខ្ញុំ​ឱ្យ​ក្រុមប្រឹក្សា​ខ្ញុំ​ចុះទៅ​មើល»។

មន្ត្រី​ជលផល​នៅ​ស្រុកស្រែ​អំបិល​ម្នាក់ដែល​សុំ​មិន​ប្រាប់​ឈ្មោះ អះអាង​ថា ពិតជា​មាន​ករណី​ឈូស​ឆាយ​ព្រៃកោងកាងនិង​ព្រៃលិចទឹក​ស្ថិត​ក្នុង​ឃុំ​បឹងព្រាវ​នេះ​មែន ហើយ​លោក​បាន​រាយការណ៍​ករណីនេះទៅ​ថ្នាក់លើ ដើម្បី​មាន​ការចាត់វិធានការ​ហើយ។ លោក​បន្ត​ថា លោកនិង​អាជ្ញាធរ​ពាក់ព័ន្ធកំពុង​ស្រាវជ្រាវ​រកមុខ​អ្នក​ដែល​ឈូស​ឆាយ។ 

លោក​បន្ថែម​ថា៖ «ខ្ញុំ​បាន​ធ្វើ​កំណត់ហេតុ​រួចហើយ និង​បាន​រាយការណ៍​ជូន​ប្រធាន​រួចហើយ​ដែរ ដើម្បី​មាន​វិធានការ​បន្ត ឥលូវ​មេ​កំពុង​ឱ្យ​ខ្ញុំ​តាមដាន​និង​ស្រាវជ្រាវ​បន្ត​ទៀត»។

បើ​តាម​មន្ត្រី​ជលផល​រូប​នេះ ការ​ឈូស​ឆាយ​នោះបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ព្រៃ​តំបន់​ការពារ​ជាង៩ហិ​កតា។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដ​ូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍​ថា កន្លងមក ជនខិលខូច​បាន​លួច​ឈូស​ឆាយដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​ករណី​នៅក្នុង​ខេត្ត​នេះ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់ក្រោម​មិនដែល​រកមុខ​ជនល្មើស​ឃើញ​ឡើយ។ 

លោក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ប្រញាប់​ចុះ​ស្រាវជ្រាវ ទប់ស្កាត់ និង​ចាត់វិធានការ​ច្បាប់​ចំពោះ​ជនល្មើស​ឱ្យ​បាន​ទាន់ពេល​វេលា ដើម្បី​ព្រមាន​កុំឱ្យ​មានការ​រុករាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បន្ត​ទៅទៀត។

លោក​បន្ថែម​ថា៖ «កន្លងមក អាជ្ញាធរ​ថ្នាក់​ជាតិធ្លាប់​បាន​ជូនដំណឹង​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិទប់ស្កាត់​រាល់​ការរុករាន​ទន្ទ្រាន​យក​ដី​រដ្ឋឬដី​ព្រៃ​តំបន់​ការ​ពារ​ផ្សេង​ៗហ្នឹង​ឱ្យ​មានប្រសិទ្ធភាព ប៉ុន្តែ​យើង​សង្កេតឃើញ​អាជ្ញាធរ​ថ្នាក់ក្រោម​ហ្នឹងហាក់​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​ទេ បាន​វា​បណ្តាល​ឱ្យ​បញ្ហា​នេះ​បន្ត​កើតមាន។ អ៊ីចឹង​បើសិនជា​មាន​ករណី​ពលរដ្ឋ​រាយការណ៍​អំពី​បញ្ហា​នេះ អាជ្ញាធរ​គួរតែ​មានការ​ដុត​ដៃដុត​ជើង​ដោះស្រាយ​រឿង​ហ្នឹង ហើយ​ស្រាវជ្រាវ​ចាប់​ជនល្មើស​បញ្ជូន​មក​តុលាការ ដើម្បី​ផ្តន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់»។

កាលពី​ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​សារលិខិត​មួយណែនាំ​ដល់​អភិបាល និង​​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ទាំងអស់ ឱ្យ​ពង្រឹង​ការទប់ស្កាត់រាល់​ការ​កាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅ​តាម​បណ្តា​ខេត្ត​នានា ដោយ​ថា ដើម្បី​បង្ការ​កុំឱ្យ​មាន​សង្គ្រាម​ដីធ្លី​កើតឡើង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ