លោក​ អ៊ូច​ ឡេង​ និង​​សកម្ម​ជន​​ព្រៃ​ឈើ​៤​នាក់​ត្រូវ​​បាន​​ដោះ​លែង​​បន្ទាប់​ពី​​ធ្វើ​​កិច្ច​សន្យា​

លោក អ៊ូច ឡេង ឈរនៅក្នុងបន្ទប់មួយនៃមន្ទីរបរិស្ថានខេត្តក្រចេះ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

​សាលាដំបូង​ខេត្តក្រចេះ បាន​ដោះលែងលោក អ៊ូច ឡេង និង​សកម្មជន​ព្រៃឈើ៤រូប​ទៀតឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​មួយចំនួនក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែល​អាជ្ញាធរ​ថា សកម្មភាព​ទាំងនោះ​ធ្វើឡើង​ដោយ​គ្មាន​ការអនុញ្ញាត។

លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរជន​ការពារ​បរិស្ថាន​ពិភពលោក​ឆ្នាំ២០១៦ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃទី០៨ ខែកុម្ភៈ​នេះ​ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានសម្រេច​ដោះលែង​លោកនិង​សកម្មជន​ផ្សេងទៀតបន្ទាប់ពី​បញ្ចប់​សាកសួរ ​ហើយ​ឱ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដែល​អាជ្ញាធរ​ចាត់ទុកថា​ជា​រឿង​ខុសច្បាប់។

ម្ចាស់​ពានរង្វាន់​អ្នក​បរិស្ថាន​រូប​នេះបន្ថែម​ថា មន្ទីរ​បរិស្ថាន​តម្រូវ​ឱ្យ​លោក​សុំ​ការអនុញ្ញាត​ពី​មន្ទីរឬមន្ត្រីឧទ្យានុ​រក្ស​ជាមុន​សិនមុននឹង​ចូលក្នុង​ព្រៃ​តំបន់​ការពារ និង​បាន​ហាមឃាត់​លោក​មិន​ឱ្យ​ផ្តល់​ព័ត៌មាន​ឬអ្វី​ផ្សេង​ៗទៅ​ឱ្យ​អង្គភាព​ខាងក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត។

លោក អ៊ូច ឡេង ប្រាប់​ថា៖ «វា​ជា​ការ​ចាប់​បំបិទមាត់ បំបិទ​ភស្តុតាង ឬមួយ​ក៏​ជា​ព័ត៌មាន​មួយចំនួន​ដែល​ខ្ញុំ​ថត​បាន​នៅក្នុង​ដែន​ជម្រកសត្វព្រៃ​ព្រៃ​ឡង់។ វា​ជា​ចេតនា​ធំ​បំផុតនៅ​ពី​ខាងក្រោយ​ខ្នង ដើម្បី​ចាប់ ដើម្បី​រឹបអូស​នូវ​ភស្តុតាង​ទាំងប៉ុន្មាន ដើម្បី​យក​ទៅ​ទុក​កុំឱ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ»។

លោក​ចាត់ទុក​ការ​ឃាត់ខ្លួន​រូបលោកនិង​សកម្មជន​ព្រៃឈើ​ដទៃទៀត រួច​ដាក់​បម្រាមមិន​ឱ្យធ្វើ​សកម្មភាព​នោះ ថា​ជា​ការ​បើកឱកាស​ឱ្យ​មានការ​ចរាចរ​ឈើ ខណៈ​លោក​ថា សកម្មភាព​បទល្មើស​កាប់និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់ កំពុង​កក្រើក​ឡើង​អំឡុង​រដូវប្រាំង​នេះ។

លោក​បន្ត​ទៀត​ថា ក្នុងរយៈពេល​ដែល​ក្រុម​របស់​លោកចុះ​ឃ្លាំមើលនិង​ដាក់​ស្លាក​ថែរក្សា​ព្រៃឈើ​នៅ​តាម​ដើមឈើ​នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់ ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៥ ខែកុម្ភៈ​នេះ លោក​ឃើញ​មាន​គោយន្ត​ដឹកឈើ​សរុប​ជិត១០០គ្រឿង​ចេញពី​ព្រៃ​ឡង់ ក្នុង​ភូមិ​កំ​ភ្លុក ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ឆ្ពោះទៅ​ដី​ក្រុមហ៊ុន​ ស៊ីង​បាយ​អូ​ទិ​ក។ 

លោក​បន្ថែម​ថា៖ «សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​នូវ​បទល្មើស គេ​មិន​ចង់ឱ្យ​មានការ​យាយី​ពេល​ដែលគេ​កំពុងតែ​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជា​គេ​ឃាត់ឃាំង​មិន​ឱ្យ​យើង​ចូល​ទៅ​យាយី​ក្នុង​ការ​ដឹកជញ្ជូន។ ដូច​យើង​ដឹង​ស្រាប់ហើយ ហេតុ​អី​បាន​ជា​ជនល្មើស​ទៅ​ហៅ​បរិស្ថាន​ចុះ​មក​ចាប់​សកម្មជន»។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ លោក សោ វុទ្ធី ដែល​កាន់​សំណុំរឿង​នេះ សុំ​មិន​អត្ថា​ធិប្បាយ​ជុំវិញ​ការសម្រេច​ដោះលែង​សកម្មជន​ទាំង៥រូប​នេះ​ទេ ដោយបង្វែរសំណួរទៅសួរមេធាវីរបស់លោក អ៊ូច ឡេង។

មេធាវី​របស់​អង្គការ​លី​កាដ​ូ ដែល​ការពារ​ក្តី​ឱ្យ​សកម្មជន​ព្រៃឈើ​៣រូបក្នុងចំណោម៥រូប គឺ​អ្នកនាង សាម សុ​គន្ធា មានប្រសាសន៍​ថា ការ​ឃាត់ខ្លួន​កូន​ក្តី​របស់​គាត់ធ្វើឡើង​ដោយ​មិន​ឋិត​ក្រោម​បទ​ចោទ​អ្វី​នោះ​ទេ ដោយ​ព្រះរាជអាជ្ញាគ្រាន់តែ​សាកសួរនិង​ប្រាប់​ទៅលោក អ៊ូច ឡេង ចុះបញ្ជី​អង្គការ​របស់​លោក​នៅ​ក្រសួងមហាផ្ទៃ ហើយ​មុននឹង​ធ្វើសកម្មភាព​អ្វី​នៅ​តំបន់​អភិរក្ស​ធម្មជាតិ ត្រូវ​ផ្តល់​ដំណឹង​ជាមុន​ដល់​មន្ត្រី​ពាក់ព័ន្ធ។

អ្នកនាង​ថា៖ «មិន​មានការ​ចោទ​ឬក៏​ថា​អី​ទេ! គ្រាន់តែ​ថា​មុន​ធ្វើសកម្មភាព​អី​ ត្រូវ​ចុះបញ្ជី​អង្គការ​គាត់​នៅ​ក្រសួងមហាផ្ទៃ​សិន។ ហើយ​មួយទៀត បើសិន​ចូលក្នុង​តំបន់ហាមឃាត់ ត្រូវ​មានការ​អនុញ្ញាត​ពី​ខាង​មន្ទីរ​បរិស្ថាន»។

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តក្រចេះ លោក ឆាយ ឌួង​សា​វុធ បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​ចំពោះ​ការ​លើកឡើង​អំពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​ចេញពី​ព្រៃ​ឡង់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​«ស៊ីង​បាយ​អូ​ទិ​ក»នោះ​ទេ ដោយ​លោក​ថា ព័ត៌មាន​ទាំងនេះគឺ​សុទ្ធតែ​ធ្វើឡើង​ដោយក្រុម​របស់ លោក អ៊ូច ឡេង។

លោក​ថ្លែង​ថា៖ «បង​ឯង​ចុះ​មក​មើល​ជាមួយ​ខ្ញុំ​ទាំងអស់គ្នា ខ្ញុំ​ក៏​មិន​ឆ្លើយ​អីដែរ។ បើ​ទំនេរ​មក​ជួបគ្នា​ ទៅ​មើល​ទាំងអស់គ្នា»។ 

សកម្មជន​ព្រៃឈើ​ចំនួន៥រូបដែល​រួមមានលោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ែ​ន មុត លោក ហេង រុន និង​លោក តង ឈាង ត្រូវ​បាន​មន្ត្រីបរិស្ថាន​ស្រុក​សំបូរ​ឃាត់ខ្លួននិង​បញ្ជូន​ទៅ​សាកសួរ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត នៅ​រសៀល​ថ្ងៃទី០៥ ខែកុម្ភៈ រួច​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃបន្ទាប់ មុននឹង​ត្រូវ​បាន​ដោះលែងនៅ​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​លើ​ទំព័រ​ហ្វេសប៊ុក ​(Facebook​) នៅ​ថ្ងៃទី៧ ខែកុម្ភៈ ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ចាត់ទុក​លោក អ៊ូច ឡេង និង​សកម្មជន​ផ្សេងទៀត ជា​ក្រុម​ជនល្មើស​ធ្វើសកម្មភាព​ក្រោម​ស្លាក​អង្គការ​ក្រៅច្បាប់​ បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជាដើម្បី​ប្រយោជន៍​ក្រុម​ខ្លួន។

អ្នកនាំពាក្យ​សរសេរ​បន្ថែម​ថា៖ «ក្រសួងបរិស្ថាន​សូម​អំពាវនាវនិង​លើកទឹកចិត្ត​ដល់​ម្ចាស់​ជំនួយ​មួយចំនួន សូម​ធ្វើការ​ផ្តល់​ជំនួយ​គាំទ្រ​ចំពោះ​សមាគមនិង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណាដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវនិង​គោរពច្បាប់ ដើម្បី​លើកស្ទួយ​ការអនុវត្ត​ច្បាប់និង​លើកទឹកចិត្ត​ចំពោះ​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាលដែល​គោរពច្បាប់​ត្រឹមត្រូវនិង​មិន​ចិញ្ចឹម​ចលនា​ខុសច្បាប់​ណាមួយ​ឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ